តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រជាជននៅក្នុងប្រទេសជាច្រើនសប្បាយរីករាយ នៅពេលដែលមន្រ្តីរបស់ពួកគេធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចិននិងក្រុមហ៊ុនចិន ដែលច្រើនតែជារឿងដដែលៗ គឺការសាងសង់រោងចក្រ និងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសកំណើតរបស់ពួកគេ។
លោក Robert Destro ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកប្រជាធិបតេយ្យសិទ្ធិមនុស្សនិងពលកម្ម បានកត់សម្គាល់ថា ប៉ុន្តែក្តីសុបិនរបស់ប្រជាជនក្នុងមូលដ្ឋានអំពីការងារថ្មីដែលកើតឡើងពីប្រតិបត្តិការទាំងនេះ ជារឿយៗមិនក្លាយជាការពិតទេ។
លោកបានលើកឡើងថា៖ «ឧទាហរណ៍នៅប្រទេសអេត្យូពី ពួកគេនាំយកកម្មករពីប្រទេសចិនទៅប្រទេសអេត្យូពី ហើយបន្ទាប់មក ប្រើពួកគេដើម្បីធ្វើឲ្យអន់ថយទីផ្សារការងារ សម្រាប់ប្រទេសអេត្យូពី»។
ស្ថានភាពដូចគ្នានេះបានកើតឡើងនៅក្នុងប្រទេសដទៃទៀត មានតាំងពីប្រទេសវៀតណាម ដល់ប្រទេសហ្សាម៉ាអ៊ីក (Jamaica) ដែលប្រទេសចិនបានដាក់កម្មកររបស់ខ្លួនរាប់សែននាក់។
ប៉ុន្តែ វាមិនត្រឹមតែកម្មករក្នុងស្រុកទេដែលរងគ្រោះដោយសារគោលនយោបាយរបស់រដ្ឋាភិបាលនិងក្រុមហ៊ុនចិន។ ពលករចិនខ្លួនឯង ក៏ជាជនរងគ្រោះជាញឹកញាប់ដែរ ដោយត្រូវបានបង្ខំឱ្យធ្វើការក្នុងលក្ខខណ្ឌការងារវេទនា និងគ្មានសុវត្ថិភាព។
ជាញឹកញាប់ ពួកគេត្រូវបង់ថ្លៃសេវា ឬតម្កល់ប្រាក់ធានា ដែលធ្វើឱ្យពួកគេងាយរងគ្រោះពីការបង្ខិតបង្ខំដោយផ្អែកលើបំណុល។ ពេលវេលាធ្វើការរបស់ពួកគេច្រើនម៉ោង ហើយប្រាក់ឈ្នួលរបស់ពួកគេច្រើនតែទាប ហើយបើកយឺតយ៉ាវហួសហេតុ។
លោកឧបការីរដ្ឋមន្ត្រីការបរទេស Destro បានបន្ថែមថា កម្មករចិន «ត្រូវគេឲ្យតម្លៃប្រៀបដូចទំនិញ មិនដូចជាមនុស្សទេ»។
ករណីមួយនៅសហរដ្ឋអាមេរិកបង្ហាញពីការរំលោភបំពាននេះ។ កាលពីខែមីនា ឆ្នាំ ២០១៩ លោក Dan Zhong អតីតអ្នកការទូតចិន និងជាប្រធានប្រតិបត្តិការរបស់អាជីវកម្មសំណង់ចិន នៅសហរដ្ឋអាមេរិក ត្រូវបានផ្តន្ទាទោសពីបទពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងការចោទប្រកាន់ពាក់ព័ន្ធដែលសម្រេចដោយគណៈវិនិច្ឆ័យសហព័ន្ធមួយ នៅបូរីញូវយ៉ក។
លោក William Sweeney នាយករងស្តីទីនៃការិយាល័យស៊ើបអង្កេតរបស់សហព័ន្ធ (FBI) បានលើកឡើងថា៖ «ពួកគេគឺជាមនុស្សដែលត្រូវបានបង្ខំឱ្យធ្វើការ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនមានប្រាក់ឈ្នួល ហើយត្រូវបង្ខំឲ្យរស់នៅក្នុងលំនៅដ្ឋានដែលមិនសមរម្យ ជាមួយមនុស្សរាប់សិបនាក់ទៀត ដែលជាប់ក្នុងការយាមកាមដោយឆ្មាំ ដែលនឹងតាមប្រមាញ់ពួកគេ ហើយអូសពួកគេមកវិញ ប្រសិនបើពួកគេបានរត់គេចខ្លួន»។
លោក William Sweeney បន្តថា៖«លោក Zhong និងអ្នកផ្សេងទៀតប្រហែលជាជឿជាក់ថា ពួកគេអាចរួចផុតពីការចោទប្រកាន់ពីបទជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើពលកម្ម នៅក្នុងប្រទេសនេះ ដោយសាររដ្ឋាភិបាលចិនមិនគោរពច្បាប់នៅកន្លែងដែលគេប្រតិបត្តិការនោះ ប៉ុន្តែឥឡូវនេះ ពួកគេនឹងត្រូវប្រឈមមុខនឹងតុលាការ ចំពោះឧក្រិដ្ឋកម្មរបស់ពួកគេ» ក្នុងករណីទាំងនេះ។
ការមិនយកចិត្តទុកដាក់ចំពោះនីតិរដ្ឋដោយរដ្ឋាភិបាលចិន និងអ្នកធ្វើការតាមបានរាលដាលឆ្ងាយបានបង្កផលប៉ះពាល់ខ្លាំង មិនត្រឹមតែលើពលរដ្ឋចិនដែលស្ថិតនៅក្រោមការគ្រប់គ្រងដ៏ឃោរឃៅនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់រួមទាំងកម្មករចិននៅជុំវិញពិភពលោកផងដែរ។
សហរដ្ឋអាមេរិកនឹងបន្តជំរុញដើម្បីឲ្យតម្លាភាពនិងការទទួលខុសត្រូវ ដើម្បីឲ្យការគោរពសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនទាំងអស់ រួមទាំងសិទ្ធិការងាររបស់ពួកគេផង ត្រូវបានទទួលស្គាល់និងផ្តល់តម្លៃ៕