តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
នៅថ្ងៃនេះពលរដ្ឋអាមេរិកាំងប្រារព្ធខួបលើកទី២៤៧នៃការបង្កើតសហរដ្ឋអាមេរិក។ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ សភានៃរដ្ឋអាណានិគមទាំង១៣របស់អាមេរិកបានអនុម័តលើពាក្យពេជន៍នៃសេចក្តីប្រកាសឯករាជ្យចុងក្រោយ។ តាមចំណាត់ការនេះ អនាគតនៃរដ្ឋទាំង១៣នោះបានប្រកាសដល់ពិភពលោកអំពីឯករាជ្យភាពរបស់ខ្លួនពីចក្រភពអង់គ្លេស។
ការសម្រេចផ្តាច់ចំណងទាក់ទងជាមួយរាជាធិបតេយ្យចក្រភពអង់គ្លេសនេះ បានធ្វើឡើងក្នុងរយៈពេលជាច្រើនឆ្នាំនោះ ឆ្លុះបញ្ចាំងពីការកើនឡើងនូវការរកាំចិត្តនៃពួកអាណានិគមអំពីរបៀបដែលពួកគេត្រូវបានគ្រប់គ្រង។ ពួកគេមានការអាក់អន់ចិត្តចំពោះយុទ្ធនាការយូរអង្វែងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដើម្បីដាក់ការត្រួតត្រាកាន់តែតឹងរ៉ឹងឡើងលើពួកគេនិងការយកពន្ធហួសប្រមាណដែលជាមធ្យោបាយមួយនៃការដោះបំណុលដ៏ច្រើនសម្បើមរបស់រាជាធិបតេយ្យអង់គ្លេស។
ការប្រកាសឯករាជ្យជាការប៉ុនប៉ងនៃការប្រទូសរាយយ៉ាងខ្លាំងអស់ពេលជាច្រើនឆ្នាំនៃដែនដីអាណានិគមដើម្បីច្រានចោលចំណាត់ការទាំងនោះ។ សង្គ្រាមបដិវត្តន៍អាមេរិកាំងតាមពិតបានចាប់ផ្តើមកាលពីមួយឆ្នាំមុនគឺនៅខែមេសា ឆ្នាំ១៧៧៥។ នៅពេលដែលសង្គ្រាមនោះបានបញ្ចប់នៅឆ្នាំ១៧៨២ ជាមួយនឹងជ័យជម្នះរបស់ដែនដីអាណានិគម ប្រទេសថ្មីមួយនៅទីបញ្ចប់ សម្រេចជោគវាសនាដោយខ្លួនឯង អភិវឌ្ឍការផលិតទំនិញ នាំចេញទំនិញដែលផលិតបាននិងអនុវត្តការធ្វើពាណិជ្ជកម្មក្រៅប្រទេស ដោយខ្លួនឯង។ សេដ្ឋកិច្ចបានរីកលូតលាស់ហើយនៅដើមសតវត្សរ៍ថ្មី សហរដ្ឋអាមេរិកបានចាប់ផ្តើមទទួលបានកេរ្តិ៍ឈ្មោះជាទឹកដីដែលផ្តល់ឱកាសឱ្យមនុស្សអាចចាប់ផ្តើមជីវិតថ្មី រកប្រាក់កាសនិងគ្មានជំពាក់ប្រទេសណាទៀតទេ។
លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា«ប្រទេសអាមេរិកជានិច្ចកាលមានការផ្លាស់ប្តូរ ជានិច្ចកាលរីកចម្រើន។ នេះជាពាក្យពេជន៍ដ៏សំខាន់មួយ ជាគំនិតដ៏សំខាន់មួយ ជាចំណុចដ៏សំខាន់មួយនៃជីវិតរបស់ជាតិយើងគឺ៖ ការរីកចម្រើន ការបោះជំហានទៅមុខ ការបង្កើតលទ្ធភាព និងការបំពេញតាមការសន្យា។ នេះជារឿងរបស់ប្រទេសអាមេរិក»។
លោកប្រធានាធិបតីបានមានប្រសាសន៍ទៀតថា«ក៏ប៉ុន្តែជារៀងរាល់ថ្ងៃ យើងត្រូវបានក្រើនរំលឹកថា មិនមានការធានាអំពីលទ្ធិប្រជាធិបតេយ្យរបស់យើង មិនមានការធានាអំពីរបៀបនៃការរស់នៅរបស់យើង។ យើងត្រូវតែប្រយុទ្ធដើម្បីវា ការពារវា ហើយនឹងទទួលវាបានដោយការបោះឆ្នោតដើម្បីធ្វើឱ្យប្រសើរឡើង វិវត្តន៍ជឿនលឿននិងបន្តធ្វើឱ្យប្រទេសអាមេរិកឆ្ពោះទៅមុខប្រកបដោយការមោះមុតនិងគ្មានការញញើត»។
លោកប្រធានាធិបតីថ្លែងថា«ថ្ងៃនេះរំលឹកយើងទាំងអស់គ្នាអំពីអ្វីដែលបានធ្វើឱ្យយើងរួបរួមគ្នាជាយូរយាមកហើយ អ្វីដែលធ្វើឱ្យយើងនៅផ្សារភ្ជាប់គ្នា ហើយទៅតាមការខំប្រឹងប្រែងអស់លទ្ធភាពរបស់យើង អ្វីដែលយើងខិតខំនោះគឺយើងជាប្រជាពលរដ្ឋ ធ្វើអ្វីទាំងអស់ដែលយើងអាច ដើម្បីធានាថាគំនិតរបស់អាមេរិកនិងបុព្វហេតុនៃសេរីភាពនិងយុត្តិធម៌និងសមភាព មិនត្រឹមតែអាចឱ្យយើងនៅរស់រានក្នុងពេលវេលានៃការបែកបាក់របស់យើង តែប៉ុណ្ណោះទេ ក៏ប៉ុន្តែធ្វើឱ្យវាបញ្ចេញពន្លឺដូចជាព្រះអាទិត្យបញ្ចេញពន្លឺសម្រាប់ថ្ងៃអនាគតរបស់ពិភពលោកយើង៕