តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីពាក់កណ្តាលខែកក្កដា នៅក្នុងសន្និសីទកំពូលពិភពលោកស្តីពីបច្ចេកវិជ្ជាថ្មី លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken បានគូសបញ្ជាក់ថាប្រទេសជាតិទាំងឡាយត្រូវធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ខាងសន្តិសុខជាតិដែលបង្កឱ្យមានឡើងដោយសកម្មភាពអាក្រក់ក្នុងវិស័យអ៊ីនធឺណិតនិងបច្ចេកវិជ្ជាថ្មី។
លោក Blinken បានមានប្រសាសន៍ថា៖ «យើងនាំប្រទេសនានាមកជួបជុំគ្នាដើម្បីស្វែងរកដំណោះស្រាយមួយដែលទទួលស្គាល់ច្បាប់អន្តរជាតិដើម្បីធ្វើឱ្យប្រាកដថាប្រទេសដែលប្រើអ៊ីនធឺណិត ត្រូវគោរពតាមច្បាប់អន្តរជាតិដូចនៅពេលដែលខ្លួនមិនប្រើប្រាស់អ៊ីនធឺណិត ហើយអនុវត្តតាមវិន័យទាំងក្នុងពេលមានសង្គ្រាម និងទាំងក្នុងពេលមានសន្តិភាព ពីព្រោះនៅពេលនេះយើងកំពុងជួបប្រទះនឹងឧប្បត្តិហេតុជាច្រើនក្នុងវិស័យអ៊ីនធឺណិត ក្រៅបរិបទសង្គ្រាម»។
មិនដល់មួយសប្តាហ៍បន្ទាប់មក សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសសាធារណរដ្ឋប្រជាមានិតចិនអំពីអាកប្បកិរិយាគ្មានការទទួលខុសត្រូវក្នុងវិស័យអ៊ីនធឺណីត។ អង្គការអូតង់ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសកាណាដា អូស្ត្រាលីនូវែលសេឡង់និងជប៉ុន ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនផងដែរ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរថា៖ «ក្រសួងសន្តិសុខរដ្ឋហៅ MSS នៃសាធារណរដ្ឋប្រជាមានិតចិនបានបណ្តុះបណ្តាលប្រព័ន្ធក្រុមអ្នកស៊ីឈ្មួលលួចចូលគេហទំព័រអ្នកដទៃដែលធ្វើសកម្មភាពគាំទ្រដោយរដ្ឋនិងឧក្រិដ្ឋកម្មអ៊ីនធឺណិតដើម្បីរកប្រាក់ចំណេញសម្រាប់ពួកគេ»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «រដ្ឋដែលមានការទទួលខុសត្រូវមិនធ្វើឱ្យមានការខូចខាតដល់បណ្តាញសន្តិសុខសាកលដោយមិនរើសមុខទេ ហើយក៏មិនចិញ្ចឹមក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតដោយចេតនា កុំថាឡើយដល់ទៅឧបត្ថម្ភផ្ចុងផ្តើមឬធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមជនទាំងនោះ។ ពួកអ្នកស៊ីឈ្នួលលួចចូលបណ្តាញអ៊ីនធឺណិតទាំងនេះធ្វើឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនជំនួញខាតបង់ប្រាក់រាប់ពាន់លានដុល្លារដោយសារការលួចកម្មសិទ្ធិបញ្ញាការបង់ប្រាក់ជំរិតនិងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសន្តិសុខអ៊ីនធឺណិត ស្របពេលដែលក្រសួងសន្តិសុខរដ្ឋ MSSរបស់ចិនបានផ្តល់ប្រាក់បៀវត្សរ៍ឱ្យក្រុមអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិតចោរទាំងនោះ»។
លោករដ្ឋមន្ត្រី Blinken បានគូសបញ្ជាក់ថែមទៀតថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងបានបញ្ជាក់ជាផ្លួវការថាពួកអ្នកធ្វើការខាងវិស័យអ៊ីនធឺណិត មានចំណងទាក់ទងជាមួយក្រសួងសន្តិសុខរដ្ឋ MSS បានឆ្លៀតយកប្រយោជន៍ពីភាពទន់ខ្សោយនៃExchange Server របស់ក្រុមហ៊ុន Microsoft នៅក្នុងកិច្ចប្រតិបត្តិការចារកម្មខាងអ៊ីនធឺណិតធំមួយដែលធ្វើឱ្យមានផលអាក្រក់ដល់ម៉ាស៊ីនកុំព្យូទ័រ និងបណ្តាញកុំព្យូទ័ររាប់ពាន់ដែលភាគច្រើនជារបស់ជនរងគ្រោះក្នុងវិស័យឯកជន»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «ក្រៅពីការសន្យាដោយផ្ទាល់របស់សាធារណរដ្ឋប្រជាមានិតចិនថាមិនលួចកម្មសិទ្ធិបញ្ញាតាមអ៊ីនធឺណិតដើម្បីចំណេញខាងពាណិជ្ជកម្មសហគមន៍អន្តរជាតិបានចែងអំពីការរំពឹងទុកនិងគោលការណ៍ណែនាំយ៉ាងច្បាស់លាស់សម្រាប់អ្វីដែលហៅថាអាកប្បកិរិយាមានការទទួលខុសត្រូវក្នុងវិស័យអ៊ីនធឺណិត»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ទៀតថា៖ «សហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅជុំវិញពិភពលោកធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិនទទួលខុសត្រូវចំពោះអាកប្បកិរិយាគ្មានការទទួលខុសត្រូវដែលនាំឱ្យមានការខូចខាតនិងអស្ថិរភាពក្នុងវិស័យអ៊ីនធឺណិត ដែលនាំឱ្យមានការគំរាមកំហែងធំមួយដល់សន្តិសុខសេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់យើង។ សហរដ្ឋអាមេរិកនឹងធ្វើឱ្យពួកប្រតិបត្តិអំពើអាក្រក់ក្នុងវិស័យអ៊ីនធឺណិត នៅសាធារណរដ្ឋប្រជាមានិតចិនមានការទទួលខុសត្រូវ»៕