តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពី ៥ ឆ្នាំមុន តុលាការមជ្ឈត្តកម្មមួយបានបើកសវនាការដោយអនុលោមតាមខដែលចែងអំពីការដោះស្រាយជម្លោះនៃអនុសញ្ញាស្ដីពីច្បាប់សមុទ្រ ដោយច្រានចោលការទាមទារធំធេងរបស់ប្រទេសចិននូវដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។ តុលាការនេះបានសម្រេចថា ការទាមទាររបស់ប្រទេសចិននេះមិនស្របទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UN Convention on the Law of the Sea)។
សមុទ្រចិនខាងត្បូងគឺជាតំបន់ដឹកជញ្ជូនតាមនាវាដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ដោយមានកូនកោះតូចៗជាច្រើនដែលគ្មានមនុស្សនៅ កូនកោះដែលលិចទឹកនៅពេលទឹកសមុទ្រជោរ និងកូនកោះលិចទឹកនានា ដែលភាគច្រើនព័ទ្ធជុំវិញដោយទឹកដែលសម្បូរធនធានត្រី។ តំបន់សមុទ្រនេះក៏ប្រហែលជាមានធនធានរ៉ែជាច្រើនផងដែរ ដូចជាប្រេងនិងឧស្ម័នធម្មជាតិជាដើម។
ប្រទេសចិន ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ វៀតណាម និងកោះតៃវ៉ាន់ មានជម្លោះដែនទឹកជាមួយគ្នានៅក្នុងសមុទ្រចិនខាងត្បូងនេះ និងថែមទាំងបានទាមទារដែនទឹកជាន់គ្នាផងដែរ។
តាំងពីឆ្នាំ ២០១៣ មក សាធារណរដ្ឋប្រជាមានិតចិនបានបង្កើនជម្លោះនៅសមុទ្រចិនខាងត្បូងតាមរយៈការចាក់ដីបំពេញកោះ និងយកកោះដែលមានជម្លោះមួយចំនួនធ្វើជាទីតាំងយោធា។ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានធ្វើសកម្មភាពបង្កហេតុផងដែរដើម្បីគំរាមនិងសម្លុតធ្វើបាបភាគីជម្លោះផ្សេងទៀត ក្នុងគោលបំណងពង្រឹងការទាមទារធំធេងខុសច្បាប់របស់ខ្លួនលើការកាន់កាប់ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «គ្មានតំបន់ណាមួយដែលបទបញ្ជាដែនសមុទ្រផ្អែកលើច្បាប់ស្ថិតក្រោមការគំរាមកំហែងជាងនៅសមុទ្រចិនខាងត្បូងនោះទេ។ សាធារណរដ្ឋប្រជាមានិតចិននៅបន្តបង្ខិតបង្ខំនិងគំរាមកំហែងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាប់សមុទ្រ [ចិនខាងត្បូង] ដោយគំរាមប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកសាកលលោកដ៏សំខាន់នេះ»។
នៅពេលធ្វើសេចក្ដីសម្រេចអំពីជម្លោះសមុទ្រចិនខាងត្បូង តុលាការបានបញ្ជាក់ថា ទង្វើរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈសកម្មភាពមួយចំនួនដូចជាការស្ថាបនាកោះនៅតំបន់ថ្មប៉ប្រះទឹក Mischief Reef ជាដើម គឺប៉ះពាល់ជាមួយនឹងសិទ្ធិអធិបតេយ្យរបស់ប្រទេសហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។
ដោយអនុលោមតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាស្ដីពីច្បាប់សមុទ្រ ទាំងសាធារណរដ្ឋប្រជាមានិតចិននិងទាំងប្រទេសហ្វីលីពីនត្រូវតែគោរពតាមការសម្រេចនេះតាមផ្លូវច្បាប់ ថ្វីបើមានការជំទាស់ពីភាគីចិនក៏ដោយ។ ទោះជាយ៉ាងនេះក្ដី សាធារណរដ្ឋប្រជាមានិតចិនបានច្រានចោលការសម្រេចនេះ និងបដិសេធមិនព្រមកែប្រែទង្វើរបស់ខ្លួនដើម្បីគោរពតាមសេចក្ដីសម្រេចនេះ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីអំពីគោលនយោបាយថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ របស់ខ្លួន ទាក់ទិននឹងការទាមទារកាន់កាប់ដែនសមុទ្រនៅសមុទ្រចិនខាងត្បូង»។
លោក Blinken ថែមទាំងបានបញ្ជាក់ឡើងវិញផងដែរថា ប្រសិនបើមានការវាយប្រហារប្រដាប់អាវុធណាមួយលើកងកម្លាំងហ្វីលីពីន នាវាសាធារណៈ ឬក៏យន្តហោះនៅក្នុងសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកនឹងអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនផ្នែកការពារទៅវិញទៅមកនៅក្រោមមាត្រា ៤ នៃសន្ធិសញ្ញាឆ្នាំ ១៩៥១ រវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនស្ដីពីការការពារទៅវិញទៅមក។
លោក Blinken បានលើកឡើងបន្ថែមថា៖ «យើងអំពាវនាវឲ្យសាធារណរដ្ឋប្រជាមានិតចិនគោរពតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ បញ្ឈប់ឥរិយាបថបង្កហេតុរបស់ខ្លួន និងចាត់វិធានការដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិមានការទុកចិត្តឡើងវិញថា ខ្លួនប្ដេជ្ញាគោរពតាមបទបញ្ជាស្ដីពីដែនសមុទ្រដែលផ្អែកលើច្បាប់នេះ ដែលគោរពសិទ្ធិរបស់ប្រទេសទាំងអស់មិនថាធំឬក៏តូចនោះទេ»៕