តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកខ្វល់ខ្វាយយ៉ាងខ្លាំងអំពីសេចក្តីសម្រេចកាលពីពេលថ្មីៗរបស់តុលាការរុស្ស៊ីមួយដែលយល់ស្របចំពោះការចាត់ទុកសាខា Falun Gong ក្នុងតំបន់ Khakassia ថាជាអង្គការជ្រុលនិយមមួយហើយបានចាត់ទុកការអនុវត្តដោយសន្តិវិធីនៃជំនឿសាសនារបស់សមាជិក Falun Gong ថាជាសកម្មភាពឧក្រិដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា៖ «អាជ្ញាធររុស្ស៊ីបានយាយីពិន័យនិងចាប់ដាក់ពន្ធនាគារនូវក្រុមអ្នកប្រតិបត្តិសាសនា Falun Gong ចំពោះការធ្វើសមាធិនិងការរក្សាទុកអត្ថបទសាសនា»។ លោកបានអំពាវនាវឱ្យប្រទេសរុស្ស៊ី«គោរពសិទ្ធិខាងសេរីភាពសាសនាឬជំនឿសម្រាប់មនុស្សគ្រប់គ្នា ដោយមានរួមបញ្ចូលទាំងអ្នកប្រតិបត្តិ Falun Gong និងពួកសមាជិកនៃក្រុមភាគតិចខាងសាសនាឯទៀតៗក្នុងប្រទេសរុស្ស៊ីដែលគ្រាន់តែចង់អនុវត្តជំនឿរបស់ពួកគេដោយសន្តិវិធីតែប៉ុណ្ណោះ»។
ដំបូងប្រទេសរុស្ស៊ីបានអនុម័តច្បាប់ជ្រុលនិយមមួយសំដៅទៅលើអំពើរភេរវកម្មកាលពី១៩ឆ្នាំមុន។ តាំងពីពេលនោះមកមាត្រាឯទៀតៗត្រូវបានបន្ថែម ហើយច្បាប់សហព័ន្ធស្តីពីការទប់ទល់នឹងភេរវកម្មនិងច្បាប់ឯទៀតៗត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងដើម្បីប្រឆាំងនឹងក្រុមអ្នកកាន់សាសនាភាគតិច ដោយមានរួមបញ្ចូល Falun gong, Jehovah Witnessses និងក្រុមសាសនាឯទៀតផងដែរ។
របាយការណ៍ថ្មីៗបំផុតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីសេរីភាពសាសនាក្នុងប្រទេសរុស្ស៊ីបានកត់សម្គាល់ថាតាមរយៈច្បាប់នេះ «មន្ត្រីរដ្ឋាភិបាលអាចហាមឃាត់ជាផ្លូវការនូវសកម្មភាពរបស់សមាគមសាសនាមួយចំពោះការរំលោភលើរបៀបរៀបរយសាធារណៈឬមួយបានធ្វើសកម្មភាពដែលត្រូវចាត់ទុកថាមានភាពជ្រុលនិយម»។ ក្រសួងការបរទេសសហរដ្ឋអាមេរិកាំងបាននិយាយថានៅក្នុងឆ្នាំ២០២០ «ក្រុមសាសាសនានិងអង្គការក្រៅរដ្ឋាភិបាលបានរាយការណ៍ថាអាជ្ញាធរបានបន្តស៊ើបអង្កេតឃុំឃាំងដាក់គុក ធ្វើទារុណកម្មនិងរំលោភលើរាងកាយឬរឹបអូសយកទ្រព្យសម្បត្តិរបស់មនុស្សដោយសារជំនឿសាសនារបស់ពួកគេ»។ ក្នុងចំណោមការរំលោភដែលបានរាយការណ៍នោះ រួមមានការឃុំឃាំងសមាជិករាប់រយនាក់នៃក្រុម Jehovah Witnesses និងការរំលោភលើរាងកាយពួកគេខ្លះផងដែរ។
ច្បាប់ពាក់ព័ន្ធនឹងអំពើជ្រុលនិយមរបស់រុស្ស៊ីក៏ត្រូវបានប្រើដើម្បីប្រឆាំងនឹងទីដៅមិនមែនសាសនាថែមទៀតផង។ អ្នកនាំពាក្យ Price បានចង្អុលថា «កាលពីពេលមុនក្នុងឆ្នាំនេះ តុលាការរុស្ស៊ីមួយទៀតបានចាត់ទុកអង្គការបីដែលមានការទាក់ទិននឹងលោក Alexsey Navalny ជា «អង្គការជ្រុលនិយម» ដែលជាការបង្ហាញថែមទៀតអំពីការអនុវត្តគ្មានរើសមុខនិងការពង្រីកការលាបពណ៌បែបនេះ»។
អ្នកនាំពាក្យ Price បានថ្លែងថាសេចក្តីសម្រេចរបស់តុលាការនេះក្នុងការយល់ស្របចំពោះការចាត់ទុក Falun Gong ថាជាក្រុមជ្រុលនិយមនោះជា «ឧទាហរណ៍មួយទៀតដែលអាជ្ញាធររុស្ស៊ីលាបពណ៌ក្រុមធ្វើសកម្មភាពដោយសន្តិវិធីថាជា «ពួកជ្រុលនិយម» ឬ «ពួកភេរវជន» សម្រាប់គ្រាន់តែធ្វើឱ្យប្រឡាក់ឈ្មោះក្រុមអ្នកគាំទ្រពួកគេនិងរឹតត្បិតសកម្មភាពខាងសាសនានិងខាងពលរដ្ឋដោយសន្តិវិធីរបស់ពួកគេតែប៉ុណ្ណោះ»។
លោក Price បានប្រកាសថា «យើងអំពាវនាវដល់រដ្ឋាភិបាលរុស្ស៊ីឱ្យបញ្ឈប់ការប្រើពាក្យ«ជ្រុលនិយម» ដោយមិនត្រឹមត្រូវដើម្បីធ្វើជាវិធីរឹតត្បិតសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន»៕