Accessibility links

Breaking News

បទ​វិចារណកថា៖ ប្រទេស​កូរ៉េ​ខាងត្បូង​មាន​សិទ្ធិ​ការពារ​ខ្លួន


ប្រព័ន្ធ​ទប់ទល់​នឹង​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក Terminal High Altitude Area Defense ដែល​ហៅ​កាត់​ថា THAAD នៅ​ទីក្រុង Seongju ប្រទេស​កូរ៉េខាងត្បូង។ (រូប​ឯកសារ)
ប្រព័ន្ធ​ទប់ទល់​នឹង​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក Terminal High Altitude Area Defense ដែល​ហៅ​កាត់​ថា THAAD នៅ​ទីក្រុង Seongju ប្រទេស​កូរ៉េខាងត្បូង។ (រូប​ឯកសារ)

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​ឈាន​កាន់តែ​ជិត​ទៅ​ដល់​ការ​ប្រើប្រាស់​ពេញលេញ​នូវ​ប្រព័ន្ធ​ទប់ទល់​នឹង​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​ថា THAAD។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បង្កើត​គណៈកម្មាធិការ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និង​ពលរដ្ឋ​ដើម្បី​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​នៃ​ប្រព័ន្ធ​មីស៊ីល THAAD នេះ ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក Seongju ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​ត្បូង​រដ្ឋធានី​សេអ៊ូល។

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សម្រេច​ដំឡើង​ប្រព័ន្ធ​មីស៊ីល THAAD នេះ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៦ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​ដោយ​មីស៊ីល​និង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង។ ប្រព័ន្ធ​បាញ់​មីស៊ីល​នេះ​ទី​មួយ​អាច​ធ្វើ​ប្រតិបត្តិការ​បាន​កាលពី​ខែ​ឧសភា ឆ្នាំ ២០១៧។

កន្លង​មក​នៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ជាង ៣០ គ្រាប់​មក​ហើយ ហើយ​ប្រទេស​នេះ​បាន​ពង្រីក​ចម្ងាយ​នៃ​សមត្ថភាព​ហោះហើរ​របស់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​របស់​ខ្លួន​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន ដើម្បី​ឱ្យ​មាន​សមត្ថភាព​អាច​បាញ់​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង។

បន្ថែម​ពី​លើ​នេះ​ទៀត សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ជឿ​ថា រដ្ឋាភិបាល​កូរ៉េ​ខាងជើង​កំពុង​ត្រៀម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៧ របស់​ខ្លួន ដែល​ការ​សាកល្បង​លើក​នេះ​នឹង​ក្លាយ ជា​ការ​សាកល្បង​លើក​ដំបូង​បង្អស់​នៃ​អាវុធ​នុយក្លេអ៊ែរ​នេះ​តាំងពី​ឆ្នាំ ២០១៧ មក។

ប្រព័ន្ធ​មីស៊ីល THAAD នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្ទាក់​ចាប់​មីស៊ីល​ដែល​បាញ់​ចូល​មក។ ប្រព័ន្ធ​នេះ​មិន​មាន​បំពាក់​ក្បាល​គ្រាប់​អ្វី​ទេ ហើយ​អាច​បំផ្លាញ​មីស៊ីល​នានា​ដែល​បាញ់​ចូល​មក​បាន​តាម​រយៈ​ការ​ប៉ះ​ទង្គិច​ដោយ​ផ្ទាល់​ជាមួយ​នឹង​មីស៊ីល​ទាំង​នោះ។

នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​កាសែត អ្នក​នាំពាក្យ​រង​ក្រសួង​ការបទេស​សហរដ្ឋ​អាមេរិក​លោក Vedant Patel បាន​ហៅ​ប្រព័ន្ធ​មីស៊ីល THAAD នេះ​ថា​ជា «សមត្ថភាព​ការពារ​ខ្លួន​បែប​ប្រយ័ត្នប្រយែង​និង​មាន​កម្រិត ដែល​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​កម្មវិធី​អាវុធ [នុយក្លេអ៊ែរ] របស់​ប្រទេស​កូរ៉េ​ខាងជើង»។

លោក​បាន​កត់សម្គាល់​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាងត្បូង «បាន​សម្រេច​ភ្ជាប់​សម្ពន្ធភាព​ជាមួយ​គ្នា​នៅ​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ​មីស៊ីល THAAD នេះ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​នេះ​គឺជា​វិធានការ​ការពារ​ទាំងស្រុង​ដើម្បី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រជាពលរដ្ឋ​របស់​ប្រទេស​នេះ​ពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​ណា​មួយ និង​ដើម្បី​ការពារ​កងកម្លាំង​យោធា​របស់​សម្ពន្ធភាព​នេះ​ពី​ការ​គំរាមកំហែង​វាយប្រហារ​ដោយ​អាវុធ​ប្រល័យ​លោក​និង​គ្រាប់​ផ្លោង​មីស៊ីល​ពី​ប្រទេស​កូរ៉េ​ខាងជើង»។

ការ​សម្រេច​នៅ​ឆ្នាំ ២០១៦ របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បា ដែល​ប្រទេស​នេះ​បាន​ឆ្លើយតប​ដោយ​ដាក់​កំហិត​វប្បធម៌​និង​ពាណិជ្ជកម្ម​លើ​ប្រទេស​កូរ៉េ​ខាងត្បូង។

កាលពី​ខែ​សីហា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្រឆាំង​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​ពង្រឹង​បន្ថែម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នូវ​ប្រព័ន្ធ​មីស៊ីល THAAD ដោយ​បាន​អះអាង​ថា ប្រព័ន្ធ​នេះ​ប៉ះពាល់​ដល់ «ផល​ប្រយោជន៍​សន្តិសុខ​យុទ្ធសាស្ត្រ» របស់​ប្រទេស​ចិន។

លោក Patel បាន​សង្កត់ធ្ងន់​ថា គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​គឺ​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​លុប​បំបាត់​ទាំងស្រុង​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​គ្មាន​បំណង​អរិភាព​ណា​មួយ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងជើង​ទេ ហើយ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​គឺ​ចង់​ឱ្យ​មាន​វិធានការ​ដែល​មាន​ការ​ប្រយ័ត្នប្រយែង​ត្រឹមត្រូវ​និង​អាច​ប្រតិបត្តិ​ជាក់ស្ដែង​បាន ដែល​បើក​ចំហ​និង​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ស្វះស្វែង​រក​វិធី​ការទូត​ណា​មួយ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងជើង​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ជាក់ស្ដែង​ដែល​នឹង​បង្កើន​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​កងកម្លាំង​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ»។

លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ដោយ​គ្មាន​លក្ខខណ្ឌ​ទុក​ជា​មុន ហើយ​យើង​សង្ឃឹម​ថា ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​ឆ្លើយតប​ដោយ​វិជ្ជមាន​ចំពោះ​ការ​ឈោង​ដៃ​ទៅ​រក​របស់​យើង​នេះ»៕

XS
SM
MD
LG