តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក បានលុបចោលអាជ្ញាប័ណ្ណទូទៅដែលកន្លងមកបានផ្អាកការដាក់ទណ្ឌកម្ម និងបានអនុញ្ញាតឲ្យមានការធ្វើជំនួញជាមួយនឹងសហគ្រាសរបស់រដ្ឋចំនួន៩ នៃប្រទេសបេឡារុស។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា វិធានការដាក់ទណ្ឌកម្មនេះ គឺជា«លទ្ធផលនៃការមិនអើពើជាក់ស្ដែងរបស់អាជ្ញាធរបេឡារុសលើបញ្ហាសិទ្ធិមនុស្ស»។
កាលពីឆ្នាំ២០១៥ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដំបូងបានចេញអាជ្ញាប័ណ្ណទូទៅមួយ ដែលអនុញ្ញាតឲ្យមានការធ្វើជំនួញជាមួយនឹងក្រុមហ៊ុនចំនួន៩ ខាងលើ ហើយបន្ទាប់មកបានបន្តអាជ្ញាប័ណ្ណម្ដងហើយម្ដងទៀត។
មូលហេតុគឺដោយសារតែអ្វីដែលអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានលើកឡើងថា ជា«ដំណើរវិវឌ្ឍទៅមុខដ៏គួរឲ្យកត់សម្គាល់នៅពេលនោះទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស និងជាពិសេសដោយសារតែការដោះលែងអ្នកទោសនយោបាយទាំងអស់នៅក្នុងប្រទេសបេឡារុស»។
លោក Price បាននិយាយដូច្នេះថា៖ «ជាការគួរឲ្យសោកស្ដាយ សហរដ្ឋអាមេរិកយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្ស បានធ្លាក់ចុះដល់ចំណុចអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រឯករាជ្យរបស់ប្រទេសបេឡារុស»។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ឃើញថា៖ «ជាលទ្ធផលនៃការបង្ក្រាបរបស់រដ្ឋាភិបាលទាក់ទិននឹងការបោះឆ្នោតប្រធានាធិបតីដែលមានការលួចបន្លំកាលពីខែសីហា ឆ្នាំ២០២០ នៅក្នុងប្រទេសបេឡារុស និងនៅក្រោយពេលបោះឆ្នោត មានអ្នកទោសនយោបាយជាង៣៤០ នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសបេឡារុសនៅពេលបច្ចុប្បន្ននេះ»។
លោក Blinken បានបន្ថែមថា៖ «ដោយសារតែស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសបេឡារុសមានសភាពកាន់តែយ៉ាប់យ៉ឺនឡើង រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចថា ការបន្តអាជ្ញាប័ណ្ណទូទៅនោះបន្ថែមទៀត គឺជាការផ្ទុយទៅនឹងច្បាប់ស្ដីពីប្រជាធិបតេយ្យបេឡារុស (Belarus Democray Act) និងមិនស្របទៅនឹងគុណតម្លៃរបស់សហរដ្ឋអាមេរិក។ សហគ្រាសរបស់រដ្ឋទាំង៩ នោះ ដែលរងការប៉ះពាល់ដោយសារវិធានការនេះបានផ្ដល់ហិរញ្ញវត្ថុ និងគាំទ្រដល់របបដឹកនាំរបស់លោក Lukashenko ដែលការធ្វើដូច្នេះបានជួយសម្រួលដល់ការជិះជាន់របស់របបនេះលើប្រជាពលរដ្ឋបេឡារុស និងការមិនអើពើម្ដងហើយម្ដងទៀតរបស់របបនេះនឹងនីតិរដ្ឋ»។
លោករដ្ឋមន្ត្រី Blinken បានលើកឡើងអំពីអ្នកទោសនយោបាយបេឡារុស៣ នាក់ ចំឈ្មោះ។ អ្នកទោសនយោបាយទាំង៣ នាក់នោះ គឺលោក Syarhey Tsikhanouski ដែលជាអ្នកសរសេរប្លុកនិងជាបេក្ខជនប្រធានាធិបតី អ្នកស្រី Maria Kalesnikava ដែលជាមេដឹកនាំគណបក្សប្រឆាំង និងលោក Ilhar Losik ដែលជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក Blinken បានបញ្ជាក់ថា អ្នកទោសនយោបាយទាំង៣ រូបខាងលើនេះ ស្ថិត «ក្នុងចំណោមអ្នកទោសបេឡេរុសរាប់រយនាក់ដែលត្រូវបានរបបដឹកនាំរបស់លោក Lukashenko ដាក់ឃុំដោយអយុត្តិធម៌ ចំពោះការអនុវត្តសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ខ្លួន»។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា៖ «សហរដ្ឋអាមេរិកអំពាវនាវឲ្យអាជ្ញាធរបេឡារុសដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌនូវអ្នកទោសទាំងអស់ដែលត្រូវបានជាប់ឃុំដោយអយុត្តិធម៌។ បន្ថែមពីលើនេះទៀត យើងប្ដេជ្ញាធ្វើការរួមគ្នាជាមួយនឹងសហគមន៍អន្តរជាតិដើម្បីជំរុញបន្ថែមឲ្យមានការទទួលខុសត្រូវចំពោះអ្នកណាដែលបានប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សនិងការបំពានផ្សេងៗនៅក្នុងប្រទេសបេឡារុស»៕