តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីដើមខែសីហា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្ពោធពានរង្វាន់ជើងឯកប្រឆាំងនឹងការរើសអើងពូជសាសន៍ឆ្នាំ២០២៣ របស់រដ្ឋមន្ត្រីក្រសួងការបរទេស។ រង្វាន់នេះទទួលស្គាល់ក្រុមបុគ្គលនៅទូទាំងពិភពលោកដោយសារការប្រឹងប្រែងរបស់ពួកគេ ដើម្បីជំរុញឱ្យមានសមភាពខាងពូជសាសន៍ និងការប្រឆាំងនឹងការប្រកាន់ពូជសាសន៍ ការរើសអើងខាងពូជសាសន៍ និងខាងជាតិពន្ធុនិងការស្អប់ជនបរទេស។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសរសើរដល់កិច្ចប្រឹងប្រែងរបស់ពួកមេដឹកនាំស៊ីវិល៦នាក់ រួមមានលោកស្រី Kari Guajajara មេធាវីជនជាតិដើមមកពីប្រទេសប្រេស៊ីល ដោយសារការប្រឹងប្រែងរបស់លោកស្រី ដើម្បីលើកតម្កើងសិទ្ធិរបស់ជនជាតិដើមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងគាំទ្រការថែរក្សាព្រៃស្រោងក្នុងប្រទេសប្រេស៊ីល។
លោក Oswaldo Bilbao Lobaton បានបង្កើតអង្គការមួយសម្រាប់ផ្ចុងផ្ដើមសិទ្ធិក្រុមពលរដ្ឋប៉េរូដើមកំណើតអាហ្វ្រិក។ ការងាររបស់លោក Oswaldo បានប្រមូលផ្តុំសហគមន៍ជនស្បែកខ្មៅនៅប៉េរូជាមួយគ្នា ហើយកិច្ចប្រឹងប្រែងរបស់លោកក្នុងការណែនាំពួកមេដឹកនាំវ័យក្មេងនៃជនជាតិប៉េរូដើមកំណើតអាហ្វ្រិកធ្វើឱ្យប្រាកដប្រជាថា ការងាររបស់លោកនឹងបន្តទៅកាន់មនុស្សជំនាន់ក្រោយទៀត។
លោកស្រី Victorina Luca គាំទ្រក្រុមជនអំបូរ Roma នៃប្រទេសម៉ុលដាវី (Moldova) ដែលបានប្រឈមនឹងការរំលោភ ស្លាកស្នាមទុយ៌ស និងការយាយី។ លោកស្រី Victorina ក៏បានចាត់ចែងការប្រគល់ស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់ឯទៀតៗដល់ជនភៀសខ្លួន Roma អ៊ុយក្រែនជាង ៣.០០០ នាក់ ក្រោយពីការលុកលុយគ្មានការបង្ករឿងរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ លោកស្រីក៏បានបង្កើតស្ថានីយវិទ្យុភាសា Roma មួយដើម្បីផ្តល់ការសិក្សាអប់រំ ការកម្សាន្ត និងការផ្តល់អំណាចឱ្យក្រុមជនអំបូរ Roma នៅទូទាំងប្រទេសម៉ុលដាវី និងក្រុមជនអំបូរ Roma ចាកចេញពីម៉ុលដាវី។
ការជួបប្រទះផ្ទាល់របស់លោកស្រី Saadia Mosbah ដែលត្រូវបានរើសអើងដោយសារលោកស្រីជាជនស្បែកខ្មៅក្នុងប្រទេសទុយនីស៊ីបានជំរុញចិត្តលោកស្រីឱ្យបង្កើតអង្គការ Mnemty មានន័យថា «សុបិនរបស់ខ្ញុំ» ដើម្បីជំរុញសិទ្ធិប្រជាពលរដ្ឋទុយនីស៊ីស្បែកខ្មៅដែលបានជួយទុយនីស៊ីឱ្យក្លាយជាប្រទេសអារ៉ាប់ទីមួយដែលចាត់ទុកការរើសអើងខាងពូជសាសន៍ជាបទព្រហ្មទណ្ឌ។
លោកស្រី Sarswati Nepali បានចំណាយពេលជាង២០ឆ្នាំការពារសិទ្ធិក្រុមជន Dalits ឬអ្វីដែលហៅថា វណ្ណៈ«ត្រកូលទាប»នៅក្នុងប្រទេសនេប៉ាល់។ លោកស្រីបានធ្វើយុទ្ធនាការដោយជោគជ័យដើម្បីអនុញ្ញាតឱ្យក្រុមជនអំបូរ Dalits ធ្វើការគោរពបូជាក្នុងព្រះវិហារហិណ្ឌូមានប្រជាប្រិយភាព និងកម្ចាត់ការធ្វើការងារសងបំណុលក្នុងប៉ែកខាងលិចនៃប្រទេសនេប៉ាល់ ដែលបានដាក់អន្ទាក់គ្រួសារ Dalit ច្រើនជំនាន់។
ជាទីបញ្ចប់ លោកស្រី Rani Yan Yan ជាមេដឹកនាំកុលសម្ព័ន្ធមួយនិងជាសកម្មជនខាងសិទ្ធិស្ត្រីនៅប្រទេសបង់ក្លាដែស ដែលនៅទីនោះសហគមន៍ដូចជាសហគមន៍លោកស្រីជាដើមប្រឈមនឹងការបណ្តេញចេញពីផ្ទះសម្បែង ការរឹបអូសយកដីធ្លី និងអំពីហិង្សាដោយរដ្ឋាភិបាល។ លោកស្រីបានគាំទ្រឱ្យមានភាពធន់នឹងអាកាសធាតុ សមភាពយេនឌ័រ ការចូលរួមខាងនយោបាយនៃពួកស្ត្រីជាជនជាតិដើម និងការណែនាំសកម្មភាពយុវជនអំពីភាពចម្រុះនិងបរិយាប័នសង្គមទោះជាលោកស្រីប្រឈមនឹងការរើសអើងនិងអំពើហិង្សាដោយផ្ទាល់ក៏ដោយ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ប្រាប់ជ័យលាភីទាំងនេះថា៖ «ពិភពលោកមានសំណាងល្អណាស់ ដោយមានលោកអ្នកជាពលរដ្ឋមានការប្តេជ្ញា លះបង់ជីវិតលោកអ្នកដើម្បីជំរុញសិទ្ធិនិងជីវិតអ្នកឯទៀតឱ្យល្អប្រសើរជាងមុន។ ហើយអ្វីដែលខ្ញុំចង់ប្រាប់លោកអ្នកនៅថ្ងៃនេះគឺថា ដោយសារលោកអ្នកបន្តការងារដែលលោកអ្នកកំពុងធ្វើ គឺការងារដែលនាំឱ្យមានការផ្លាស់ប្តូរនេះ សហរដ្ឋអាមេរិកនឹងឈរដោយមោទនភាពចាំគាំទ្រលោកអ្នក»៕