Accessibility links

Breaking News

បទវិចារណកថា៖ ជំរុញ​សេរីភាព​និង​សេរីភាព​ប្រជាធិបតេយ្យ​ឱ្យ​រីក​ចម្រើន


រូបឯកសារ៖ ក្មេងៗ​ឈរ​ក្បែរ​របង​ផ្ទះ​ដែល​រង​ការ​ខូច​ខាត​ដោយ​មាន​សំណេរ​លើ​ជញ្ជាំង​របង​ថា​ «កុមារ​និង​មនុស្ស‍» ក្នុង​ប្រទេស​អ៊ុយក្រែន។
រូបឯកសារ៖ ក្មេងៗ​ឈរ​ក្បែរ​របង​ផ្ទះ​ដែល​រង​ការ​ខូច​ខាត​ដោយ​មាន​សំណេរ​លើ​ជញ្ជាំង​របង​ថា​ «កុមារ​និង​មនុស្ស‍» ក្នុង​ប្រទេស​អ៊ុយក្រែន។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

របាយការណ៍​អំពីការ​អនុវត្ត​សិទ្ធិ​មនុស្ស​ក្នុងប្រទេស​នីមួយៗ​ចែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ក្នុងប្រទេសទាំងអស់​ដែល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ។​ របាយការណ៍​ទាំង​នេះគាំទ្រ​គោលដៅសហរដ្ឋ​អាមេរិក​ក្នុងការជំរុញ​សេរីភាព​បុគ្គល​និង​សេរីភាព​ប្រជាធិបតេយ្យនៅទូទាំង​ពិភពលោកនិង​ធ្វើ​តាម​សេចក្តី​ប្រកាស​សាកល​នៃ​សិទ្ធិ​មនុស្សដែល​រំឭកខួបទី​៧៥​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ។

ឧបការី​ស្តីទីរដ្ឋមន្ត្រីការបរទេស​ស.រ.អ.​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​ការងារ​ លោកស្រី Erin Barclay ​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែតមួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដោយ​ត្រូវ​បានអនុម័ត​កាលពី​ឆ្នាំ១៩៤៨ ​សេចក្តី​ប្រកាសសាកលស្តីពីសិទ្ធិ​មនុស្ស​«កត់សម្គាល់ជា​លើក​ដំបូង​ក្នុងប្រវត្តិសាស្ត្រ​ថា ​យើង​មាន​ទស្សនៈវិស័យសាកល​ដូចគ្នាមួយ​ដើម្បី​ឧបត្ថម្ភ​ផ្ចុងផ្តើមអនាគត​មួយ​មាន​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ​ទាំងអស់ដោយ​ជំរុញ​សិទ្ធិ​មនុស្ស...របស់​មនុស្សគ្រប់គ្នា​នៅគ្រប់កន្លែង​ទាំងអស់»។​

លោកស្រី​បានថ្លែង​ថា៖ ​«នៅ​ថ្ងៃ​នេះ ការ​ពិត​ជាក់ស្តែង​នេះ​មាន​នៅក្នុងចិត្តរបស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក ​ដែល​ឆ្លើយតប​នឹងការប្រឈម​នឹង​អំពើ​អយុត្តិធម៌ ​និងការ​សង្កត់សង្កិន​ ដោយ​ការ​អំពាវនាវ​យ៉ាងក្លាហាន​ឱ្យរដ្ឋាភិបាល​គោរពសិទ្ធិ​មនុស្សនិងសេរីភាពជា​មូល​ដ្ឋានក្នុង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ ការ​ជួប​ជុំ​គ្នា​ និង​ការបង្កើត​សមាគម​ដោយ​សន្តិវិធី និងសរីភាព​ខាង​សាសនា ​ឬ​ជំនឿ។

ស.រ.អ.​ឈរដោយ​សាមគ្គីភាព​ជា​មួយក្រុមអ្នក​ការពារសិទ្ធិ​មនុស្ស ព្រម​ទាំងជា​មួយ​សមាជិក​នៃ​ក្រុមជនដែល​គេ​មិនសូវ​យក​ចិត្ត​ទុកដាក់ ដែល​ជា​ញឹកញយត្រូវ​គេ​បដិសេធ​មិន​ឱ្យ​ទទួល​ការការពារ​តាមរយៈច្បាប់ និង​ត្រូវ​បាន​យក​ធ្វើជា​គោល​ដៅ​វាយ​ប្រហារ​ដោយ​អំពើ​ហិង្សា ​មាន​រួមក្រុម​ស្ត្រីនិង​កុមារី​ ក្រុម​ពូជសាសន៍​ភាគតិចនិង​សហគមន៍​ជនជាតិ​ដើម មាន​រួម​មនុស្សមានអំបូរ​មកពី​អាហ្វ្រិក ​ក្រុម​សាសនា​ភាគតិច ពួក​មនុស្ស​ក្នុង​ក្រុមជន LGBTQI+ ​និងក្រុមមនុស្ស​ពិការ។​

លោក​រដ្ឋមន្ត្រីការបរទេស​ Blinken បានចង្អុលបង្ហាញ​ថា ​សង្គ្រាមឃោរឃៅ​របស់រដ្ឋាភិបាល​វិមាន​ក្រឹមឡាំងដែល​កំពុង​មាន​ធ្វើ​ត​ទៅទៀតគូស​បញ្ជាក់សេចក្តី​ត្រូវការ​ឱ្យ​ពួក​ជន​ដែល​ប្រព្រឹត្ត​ការរំលោភ​ដោយ​អមនុស្សធម៌ ​មានរួមទាំង​ការរំលោភប្រឆាំង​នឹង​ក្រុម​កុមារ​ផង ​ទទួល​ខុស​ត្រូវ​ដល់​សកម្មភាព​របស់​ពួក​គេ។

លោកស្រី​ឧបការី​ស្តី​ទី​រដ្ឋមន្ត្រី​ការបរទេសអាមេរិក Barclay ​បាន​កត់សម្គាល់​ថា៖​ «ការរំលោភ​ដ៏​សែន​រន្ធត់​និង​ច្រើន​ដង​ដែល​កង​កម្លាំង​រុស្ស៊ី​នៅ​តែ​ធ្វើតទៅទៀត​ក្នុង​ប្រទេស​អ៊ុយក្រែនមាន​ភាព​ធ្ងន់ធ្ងរ​ជាងការរំលោភ​ក្នុង​ឆ្នាំ២០២២ ដោយ​រដ្ឋាភិបាល​និងក្រុម​តួអង្គអាក្រក់​ឯទៀតៗ​នៅទូទាំង​ពិភពលោក»។

ព័ត៌មាន​មិនពិត​និង​ការប្រតិដ្ឋ​ព័ត៌មានទាំង​នេះនៅទូទាំង​ពិភពលោក​គំរាម​កំហែង​ថែម​ទៀត​ដល់​លទ្ធិ​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស ​ហើយ​ការ​ធ្វើ​វិភាគទាន​មួយដែល​របាយការណ៍​អំពី​សិទ្ធិ​មនុស្ស​បាន​ធ្វើ​គឺ​យក​ការពិត​ជាក់ស្តែងដាក់​លើ​តុ។ លោកស្រីឧបការី​ស្តី​ទី​រដ្ឋមន្ត្រី​ការបរទេសអាមេរិក Barclay បាន​មានប្រសាសន៍​ថា​ ការ​បោះពុម្ព​ផ្សាយរបាយការណ៍​ប្រចាំ​ឆ្នាំ​នេះ​គឺ​ដើម្បីនិយាយ​ឱ្យ​ច្បាស់លាស់​អំពី​អាទិភាព​ដែល​ស.រ.អ.យក​ចិត្ត​ទុកដាក់​ពេញ​មួយឆ្នាំៗ​ដើម្បី​ជំរុញសេចក្តី​ថ្លៃថ្នូររបស់​មនុស្ស​និង​សេរីភាព​ឱ្យ​ចម្រើន​លូត​លាស់និង​ដើម្បីនិយាយជា​ថ្មី​ទៀតអំពី​ការប្តេជ្ញា​របស់​យើង​ដល់​បញ្ហា​ទាំង​នេះ​ក្នុង​ប្រទេស​ទាំង​អស់​ មិន​ថាប្រទេស​ទាំង​នេះជា​ដៃគូ ​ឬជា​ប្រទេសអមិត្ត​នឹងយើង​ទេ។

រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ Joe Biden ​បាន​យកសិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យជាស្នូល​នៃ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន​ ហើយ​របាយការណ៍​អំពី​សិទ្ធិ​មនុស្សបន្ត​បំពេញ​មុខ​នាទី​មួយ​ក្នុង​ការ​បកអាក្រាត​ការរំលោភ​បំពាននៅ​កន្លែង​ណា​ក៏​ដោយ និង​ប្រព្រឹត្ត​ដោយ​នរណាក៏​ដោយ​ ហើយ​ឱ្យក្រុមអ្នក​ប្រព្រឹត្តល្មើស​ទទួល​ខុស​ត្រូវ​ដល់​សកម្មភាព​ទាំង​នេះ​របស់​ផង​ខ្លួន៕

XS
SM
MD
LG