តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
ពិធីបុណ្យណូអែលដែលត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំនោះគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយតាមប្រពៃណីសាសនាគ្រិស្តដែលត្រូវប្រារព្ធឡើងដើម្បីឧទ្ទិសដល់ការប្រសូត្ររបស់ព្រះយេស៊ូគ្រិស្ត ដែលត្រូវគេជឿថាជាកូនប្រុសរបស់ព្រះជាម្ចាស់នោះ។ ពាក្យណូអែលឬគ្រិស្តម៉ាស់ (Christmas) កើតចេញពីពាក្យផ្សំបូកបញ្ជូលគ្នារវាងពាក្យគ្រិស្ត «Christ» និងពាក្យម៉ាស់ «Mass» ដែលជាទំនៀមទម្លាប់នៃការគោរពបូជាដោយព្រះវិហាររ៉ូម៉ាំងកាតូលិកនោះ។
ការជ្រើសយកថ្ងៃសម្រាប់ប្រារព្ធពិធីបុណ្យណូអែលនេះ បានក្លាយជាបញ្ហាលំបាកមួយកាលពីយូរលង់មកហើយពីព្រោះពុំមានសល់កំណត់ត្រាណាមួយជាក់ច្បាស់ពីថ្ងៃខែពិតប្រាកដនៃកំណើតព្រះយេស៊ូនោះឡើយ។ថ្ងៃទី២៥ ខែធ្នូត្រូវបានកំណត់យកសម្រាប់ពិធីបុណ្យណូអែលអស់រយៈពេលជាង២០០ឆ្នាំក្រោយការចាប់បដិសន្ធិរបស់ព្រះគ្រិស្តតដោយបុព្វជិតគ្រិស្តតសាសនាដំបូងម្នាក់។ ការកំណត់យកថ្ងៃទី២៥នេះក៏ត្រូវប្រើពេលវេលាអស់រយៈពេល១០០ឆ្នាំទៀតផងដែរដើម្បីឲ្យថ្ងៃនេះត្រូវបានគេទទួលស្គាល់ដោយបុព្វជិតគ្រិស្តសាសនាដែលមានឋានន្តរសក្តិខ្ពង់ខ្ពស់នោះ។ ទំនងជាថាថ្ងៃនោះត្រូវបានគេទទួលស្គាល់ក៏ព្រោះវាចំពេលជាមួយនឹងការប្រារព្ធនូវពិធីមួយចំនួនតាមបែបសាសនាគ្រិស្តនៅក្នុងរដូវរងារផងដែរជាពិសេសដូចជាពិធីបុណ្យ the Day of the Birth of the Unconquered Sun ជាដើម។
ការប្រារព្ធពិធីបុណ្យណូអែលលើកទី១ដែលត្រូវបានគេកត់ត្រាទុកគឺកើតមានឡើងនៅថ្ងៃទី២៥ ខែធ្នូ ក្នុងឆ្នាំ៣៣៦ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ស្តេចចក្រភពរ៉ូម៉ាំងគ្រិស្ត Constantine។
ជាច្រើនរយឆ្នាំក្រោយមកអ្វីៗមានការផ្លាស់ប្តូរច្រើនទៅតាមពេលវេលានិងទំនាមទម្លាប់ជាច្រើន ស្របពេលដែលពិធីបុណ្យណូអែលដែលយើងអនុវត្តនាពេលសត្វថ្ងៃនេះ ទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗនោះ។ ការផ្តល់អំណោយទៅឲ្យមិត្តភក្តិនិងក្រុមគ្រួសារទើបតែកើតមានឡើងចាប់តាំងពីសតវត្សរ៍ទី១៥កន្លងទៅស្របពេលដែលការរៀបចំតុបតែងដើមឈើដែលមានស្លឹកពណ៌ខៀវត្រូវបានគេកត់ត្រាថាទើបនឹងកើតមានឡើងក្នុងឆ្នាំ១៦០៥តែប៉ុណ្ណោះ។ ដើមឈើណូអែលឬគ្រិស្តម៉ាសដែលយើងតែនិយមយកមកតុបតែងនៅពេលបច្ចុប្បន្ននេះទើបតែកើតមានឡើងក្នុងអំឡុងប្រហែលជា២០០ឆ្នាំមុនតែប៉ុណ្ណោះ។
នៅដើមសតវត្សរ៍ទី២០ការប្រារព្ធពិធីបុណ្យណូអែលត្រូវបានប្រព្រឹត្តទៅលើសពីកម្មវិធីសាសនានិងទំនៀមទម្លាប់ និងបានក្លាយជាការឈប់សម្រាកសម្រាប់ក្រុមគ្រួសារ ដែលត្រូវបានអនុវត្តជាទូទៅទាំងអ្នកកាន់សាសនាគ្រិស្តនិងអ្នកមិនកាន់សាសនាគ្រិស្តនោះ។នៅពេលបច្ចុប្បន្ននេះពិធីបុណ្យណូអែល ត្រូវបានប្រារព្ធធ្វើឡើងដោយមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកដោយសារតែមួយផ្នែកវាជាថ្ងៃឈប់សម្រាកដែលមានការពេញនិយមសម្រាប់ក្រុមកុមារៗ។ប្រពៃណីនិងទំនៀមទម្លាប់នៃការការសូត្រធម៌នៅក្នុងព្រះវិហារ នៅតែត្រូវបានគេអនុវត្តបន្តនៅឡើយដើម្បីឧទ្ទិសដល់ថ្ងៃប្រសូត្រនៃព្រះយេស៊ូគ្រិស្ត ប៉ុន្តែការផ្តោតជាសំខាន់នៃពិធីបុណ្យនេះជារឿយៗគឺសំដៅទៅលើក្រុមគ្រួសារ ឬការជួបជុំគ្នាឡើងវិញជាមួយក្រុមគ្រួសារសាច់ញាតិ និងការប្រារព្ធការជួបជុំជាមួយមិត្តភក្តិនិងការផ្តល់អំណោយមិនត្រឹមតែចំពោះអ្នកដែលយើងស្រឡាញ់តែប៉ុណ្ណោះទេក៏ប៉ុន្តៃក៏សម្រាប់ដល់អ្នកដែលកំពុងជួបការខ្វះខាតផងដែរ។ កែវភ្នែករបស់ក្រុមក្មេងៗ បានរម្លឹកដល់យើងថាពិធីបុណ្យណូអែលដូចដែលត្រូវបានប្រព្រឹត្តកន្លងមកគឺជាពេលវេលាមួយនៃការបន្តនូវក្តីសង្ឃឹម ការអបអរ និងសុទិដ្ឋិនិយមសម្រាប់ឆ្នាំថ្មីដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះផងដែរ៕