តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកថ្កោលទោសខ្លាំងក្លាលើការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise និងលើការវាយប្រហារលើអ្នកស្រី Martine Moise ដែលជាភរិយារបស់លោក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅទង្វើនេះថាមានលក្ខណៈ «សាហាវយង់ឃ្នង»។ ទង្វីនេះត្រូវបានប្រព្រឹត្តឡើងដោយជនប្រដាប់អាវុធមួយចំនួន ដែលបានឆ្មក់សម្រុកចូលគេហដ្ឋានរបស់លោកប្រធានាធបតី Moise នៅពេលទាបភ្លឺថ្ងៃទី ៧ ខែកក្កដាកន្លងទៅនេះ។
លោក Biden បានប្ដេជ្ញាថា សហរដ្ឋអាមេរិកត្រៀមខ្លួន «រួចជាស្រេចនៅក្នុងការជួយ [ប្រទេសហៃទី] នៅពេលដែលខ្លួនបន្តធ្វើការដើម្បីឲ្យប្រទេសនេះមានសុវត្ថិភាពនិងសន្តិសុខល្អ»។
ប្រទេសហៃទីបានរងការញាំញីដោយសារគ្រោះមហន្តរាយធម្មជាតិ អំពើហិង្សា អំពើពុករលួយ និងអស្ថិរភាពនយោបាយអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
បន្ទាប់ពីមានការធ្វើឃាតលោកប្រធានាធិបតី Moise អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានប្រកាសនៅក្នុងសន្និសីទកាសែតថា៖ «ជនទាំងឡាយណាដែលស្វះស្វែងសម្រេចគោលបំណងនយោបាយរបស់ខ្លួនតាមរយៈអំពើហិង្សានិងការបំផ្លាញនីតិរដ្ឋ នឹងមិនទទួលជោគជ័យនោះឡើយនៅក្នុងការរារាំងប្រជាពលរដ្ឋហៃទីនិងសេចក្ដីប្រាថ្នារបស់ពួកគេសម្រាប់អនាគតដ៏ប្រសើរ។ សហរដ្ឋអាមេរិកជំរុញអាជ្ញាធរហៃទីឲ្យនាំខ្លួនជនដែលប្រព្រឹត្តទង្វើទាំងនេះមកទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក Price បានបន្ថែមថា៖ «សហរដ្ឋអាមេរិកអំពាវនាវដល់គណបក្សនយោបាយទាំងអស់ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ឲ្យគាំទ្រការអំពាវនាវរបស់អតីតនាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសហៃទីលោក Claude Joseph ដែលចង់ឲ្យមានភាពស្ងៀមស្ងាត់ និងឲ្យធ្វើការជាមួយគ្នានៅក្រោយសោកនាដកម្មនេះ ដើម្បីធានាឲ្យមានសន្តិភាពនិងអភិបាលកិច្ចប្រជាធិបតេយ្យ»។
លោក Price បានសង្កត់ធ្ងន់ថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងប្រជាពលរដ្ឋហៃទីនិងរដ្ឋាភិបាលដែលជ្រើសរើសតាមការបោះឆ្នោតរបស់ពួកគេនឹងនៅបន្តទៅមុខជានិច្ច។
លោកបានកត់សម្គាល់ថា កាលពីខែមករា ឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានប្រកាសនូវជំនួយចំនួនជាង ៧៥ លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ ២០២០ សម្រាប់ប្រទេសហៃទី។ ជំនួយផ្នែកអភិវឌ្ឍន៍និងសុខភាពទូទៅនេះមានបំណងជំរុញឲ្យមានការរីកចម្រើនសេដ្ឋកិច្ច ការបង្កើតការងារនិងការអភិវឌ្ឍកសិកម្ម ផ្ដល់នូវសេវាថែរក្សាសុខភាពជាមូលដ្ឋាននិងការអប់រំ និងលើកកម្ពស់ប្រសិទ្ធភាពរបស់រដ្ឋាភិបាល។
លោក Price បាននិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនទទួលនូវសំណើសុំជំនួយបន្ថែមទៀតពីអាជ្ញាធរហៃទី នៅក្រោយការស្លាប់របស់លោកប្រធានាធិបតី Moise។
នៅពេលសួរថាតើការបោះឆ្នោតនៅក្នុងប្រទេសហៃទីដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ នឹងបន្តទៅមុខឬក៏យ៉ាងណានោះ លោក Price បានបញ្ជាក់យ៉ាងច្បាស់ថា៖ «សហរដ្ឋអាមេរិកនៅតែយល់ថា ការបោះឆ្នោតនៅឆ្នាំនេះគួរតែធ្វើឡើងតាមការគ្រោងទុក។ យើងដឹងថា ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌គឺជាវិថីប្រជាធិបតេយ្យឆ្ពោះទៅកាន់ការបញ្ចប់ការដឹកនាំបែបផ្ដាច់ការមិនស្របតាមច្បាប់ជាយូរមកហើយរបស់ប្រទេសហៃទី និងឆ្ពោះទៅការស្ដារឡើងវិញនូវរដ្ឋសភារបស់ប្រទេសហៃទី ដែលគិតមកទល់នឹងពេលនេះ អស់សុពលភាពរួចទៅហើយ។ ការបោះឆ្នោតប្រធានាធិបតីដោយសេរីនិងយុត្តិធម៌ក៏នឹងជួយសម្រួលឲ្យមានការផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យប្រធានាធិបតីជាប់ឆ្នោតថ្មីផងដែរ»។
លោក Price បានបន្ថែមថា៖ «ការថែរក្សាស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសហៃទីគឺជាគន្លឹះនៅក្នុងការស្ដារសន្តិភាពឡើងវិញ»៕