Accessibility links

Breaking News

បទវិចារណកថា៖ ភាព​ជា​ដៃ​គូរ​វាង​សហរដ្ឋ​អាមេរិក​ជាមួយ​​ប្រទេស​តាម​​​បណ្ដោយ​ដង​ទន្លេ​មេគង្គ


លោក​ Stephen Beigun ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្តីអំពីភាពជាដៃគូរវាងសហរដ្ឋអាមេរិនិងបណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គ ដែលធ្វើឡើងតាមអនឡាញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
លោក​ Stephen Beigun ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្តីអំពីភាពជាដៃគូរវាងសហរដ្ឋអាមេរិនិងបណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គ ដែលធ្វើឡើងតាមអនឡាញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ត​ទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ទី ​១១ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២០ សហរដ្ឋ​អាមេរិក កម្ពុជា​ ឡាវ មីយ៉ាន់ម៉ា​ ថៃ​ ​វៀតណាម​ និង​លេខាធិការដ្ឋាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា ​ASEAN បាន​សម្ពោធ​កម្មវិធី​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​បណ្ដា​ប្រទេស ​ដែល​ស្ថិត​នៅតាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ។​

ភាព​ជា​ដៃ​គូ​ថ្មី​នេះ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​តំបន់​ទន្លេ​មេគង្គ​ចំពោះ​សហរដ្ឋ​អាមេរិក​។ ភាព​ជា​ដៃគូ​នេះ​នឹង​បន្តពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ ដែល​បាន​ចាប់ផ្តើមតាំង​ពីឆ្នាំ ​២០០៩ មក​ ក្រោម​កម្មវិធី​គំនិត​ផ្តួចផ្តើម​ទន្លេ​មេគង្គ​ក្រោម។

​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា​៖ «យើង​នឹង​បន្ត​ពង្រឹង​ការ​ងារ​ដ៏​ល្អ​របស់​យើង ​តាមរយៈ​កម្មវិធីគំនិត​ផ្តួចផ្តើម​ទន្លេ​មេគង្គ​ក្រោម និង​ជំនួយ​របស់សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​នេះ​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ ១១ ​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ក្នុង​កិច្ច​ប្រជុំសម្ពោធ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ​នោះសហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយដែល​មាន​ទឹក​បា្រក់ជាង ​១៥០​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​តំបន់​ទន្លេ​មេគង្គ​។ ក្នុង​ចំនួន​ទឹក​ប្រាក់​សរុប​ទាំង​អស់​នោះ​ទឹក​ប្រាក់​ប្រមាណ ​៥២​ លាន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​ផ្តល់​សម្រាប់​ការស្តារ​ឡើង​វិញ​នូវ​ស្ថានភាព​សេដ្ឋកិច្ច​ ដែល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​ ទឹក​ប្រាក់​ចំនួន ​៥៥ លាន​ដុល្លារ​សម្រាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ៣៣ លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍន៍​ទីផ្សារ​ថាមពល ដែល​មាន​សន្តិសុខ​និង​និរន្តរភាព​ ហើយ​និង​ទឹក​ប្រាក់​ ២ លាន​ដុល្លារ​ទៀត​សម្រាប់​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។

​កម្មវិធី​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ប្ដេជ្ញា​ទៅ​លើ​ស្វ័យភាព​សេដ្ឋកិច្ច​ឯករាជ្យ អភិបាលកិច្ច​ល្អ​និងភាព​ចម្រើន​លូត​លាស់ប្រកបនិរន្តរភាព​របស់ប្រទេស​ជា​ដៃ​គូ។

​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Mike Pompeo បាន​គូស​បញ្ជាក់​ថា​៖ «យើង​បាន​គាំទ្រ​ភាព​រីក​ចម្រើនផ្នែក​សេដ្ឋកិច្ច​ជាមួយ​ទឹក​ប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បីអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ តាមរយៈ​សាជីវកម្ម​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​អន្តរជាតិ​សហរដ្ឋ​អាមេរិក​ដែល​ហៅ​កាត់​ថា DFC និង​មាន​គម្រោងវិនិយោគ​ទុន​រាប់ពាន់​លាន​ដុល្លារ​ថែម​ទៀត ​នៅ​ពេល​ខាង​មុខ»។

ទោះ​ជា​យ៉ាង​ណា​លោក Pompeo​ បាន​ព្រមាន​ពី​ភាព​ចាំបាច់​ក្នុង​ការ​តតំាង​ជាមួយ​នឹង​បញ្ហា​ប្រឈម​ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំងអ្នក​ទាំង​ឡាយក្នុងជួរ​គណបក្ស​កុម្មុយនីស្ត​ចិន​ ដែលកាន់​តែគំរាម​កំហែងដល់​បរិស្ថាន​ធម្មជាតិ​ និង​ស្វ័យភាព​សេដ្ឋកិច្ច​របស់​ប្រទេសនៅ​តាម​ដង​ទន្លេមេគង្គផង​ដែរ។

ការ​សម្រេច​ចិត្តជា​ឯកតោ​ភាគី​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ក្នុង​ការ​ទប់​ទឹក​ទុកនៅខ្សែ​ទឹកទន្លេ​មេគង្គ​ខាង​លើ​នោះ​ បាន​បង្កើត​ឲ្យ​មាន​ភាព​រាំង​ស្ងួត​នៅ​តាម​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម​ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​កន្លង​មក។​ សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ និង​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចែក​រំលែក​ទិន្នន័យ​ទន្លេ​មេគង្គ​ដោយ​តម្លា​ភាព។

«យើង​សូម​លើក​ទឹកចិត្ត​ដល់ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ដើម្បី​ដាក់​គណបក្ស​កុម្មុយនីស្ត​ចិន​ឲ្យ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការសន្យា​របស់​ខ្លួន​ ក្នុង​ការ​ចែក​រំលែក​ទិន្នន័យ​ទឹក​ទន្លេ​មេគង្គ​នេះ។ ទិន្នន័យ​នេះគួរ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ពេញ​មួយ​ឆ្នាំ»។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​Pompeo។

លោក​បន្ថែម​ថា​៖ «ទិន្នន័យ​នេះ​ក៏​គួរ​ត្រូវ​បាន​ចែក​រំលែក​ដល់​គណៈកម្មការ​ទន្លេ​មេគង្គផង​ដែរ​ ដែល​ជា​អង្គ​ការ​មួយ​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ មិនមែនអ្នកដែល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នោះ​ទេ»។​

សហរដ្ឋ​អាមេរិក​ក៏​មាន​ការ​បារម្ភ​ផង​ដែរ ​ពី​បំណុល​ដែលកើត​ចេញ​ពី​ការ​ពាក់ព័ន្ធ​ក្នុង​ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​អនុវត្ត​គោលការណ៍​ជំនួញ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​កេងប្រវ័ញ្ច និង​គ្មាន​តម្លាភាព ដោយក្រុម​ហ៊ុនគ្រប់​គ្រង​ដោយ​រដ្ឋរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដូច​ជា​ក្រុម​ហ៊ុន​សាងសង់​សារគមនាគមន៍​ជាដើម។ ការ​ព្រួយបារម្ភ​មួយ​ទៀត ​គឺ​ថា មាន​ការ​កើន​ឡើង​ការ​ជួញដូរ​មនុស្ស ថ្នាំញៀន និង​សត្វព្រៃ ដែល​ភាគ​ច្រើន​ផ្ដើម​ចេញ​ពី​ស្ថាប័ន ក្រុមហ៊ុន​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន។

តាមរយៈ​ភាព​ជា​ដៃ​គូរ​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ​នោះ​ សហរដ្ឋ​អាមេរិកទន្ទឹង​រង់​ចាំការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ដៃ​គូ​របស់​ខ្លួន​ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ ដើម្បី​ធានា​ថា ​តំបន់​ទន្លេ​មេគង្គមានសន្តិភាព​សន្តិសុខ​ ​ និង​ភាព​សម្បូរ​រុង​រឿង៕

XS
SM
MD
LG