Accessibility links

Breaking News

បទ​វិចារណកថា៖ លោក Pompeo ថ្លែង​អំពី​ការ​តាំងចិត្ត​ជា​បន្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​ក្នុង​ការជួបប្រជុំ​តាមអនឡាញ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​ក្នុង​ការជួបប្រជុំ​តាមអនឡាញ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ ជាមិត្ត​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) តាំងពី​យូរយារ​ណាស់​មក​ហើយ។ ថ្លែង​តាម​រយៈ​វីដេអូ​នៅ​ឯ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក-អាស៊ាន​ប្រចាំ​ឆ្នាំ លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ទស្សន​វិស័យ​របស់​យើង​ចំពោះ​អនាគត​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​ត្រូវ​បាន​តម្រែ​តម្រង់​យ៉ាង​ដិត​ដល់។

លោក Pompeo និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​តាំង​ចិត្ត​គាំទ្រ​អាស៊ាន​ឲ្យ​ស្ថិតនៅ​ជា​ចំណុច​ស្នូល​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​គាំទ្រ​វិបុលភាព​របស់​ដៃគូ​អាស៊ាន​របស់​យើង»។

លោក​បន្ត​ថា៖ «យើង​ផ្តល់​ជំនួយ​ចំនួន ៨៩ លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន។ នេះ​ ជា​ផ្នែក​មួយ​នៃ​ថវិកា​ជាង ២០ ពាន់​លាន​ដុល្លារ​ ដែល​យើង​បាន​ផ្តល់​នៅ​ទូទាំង​ពិភពលោក។ យើង​បាន​បញ្ជូន​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ចំនួន ៨៥០ គ្រឿង​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ ១៥០ គ្រឿង​ទៀត​ នឹង​រំពឹង​ថា ​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ ជាង​នេះ​ទៀត យើង​ក៏​បាន​បញ្ជូន​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ចំនួន ១០០ គ្រឿង​ទៅ​ប្រទេស​ហ្វីលីពីន​ ដូច​ដែល​បាន​សន្យា​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី​ការ​បរទេស Pompeo បាន​ប្រកាស​អំពី​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ​មួយ​ចំនួន ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ប្រទេស​អាស៊ាន​ នៅ​ក្នុង​ការ​ពង្រឹង​អធិបតេយ្យភាព និង​កំណើន​សេដ្ឋកិច្ច​របស់​ពួកគេ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ដំបូង យើង​រីករាយ​នឹង​អនុម័ត​ផែនការ​សកម្មភាព​អាស៊ាន-អាមេរិក​សម្រាប់​ឆ្នាំ​២០២១-២០២៥ ដើម្បី​ត្រួសត្រាយ​ការ​ចូលរួម​ទាំង​អស់​គ្នា​នា​ពេល​អនាគត​របស់​យើង ស្រប​តាម​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ យើង ​ក៏​កំពុង​ចាប់ផ្តើម​ផង​ដែរ​នូវ​ភាព​ជា​ដៃគូ​មេគង្គ-សហរដ្ឋ​អាមេរិក ដើម្បី​ពង្រីក​ការ​ចូលរួម​របស់​យើង​ជាមួយ​ប្រទេស​ទាំង ៥ នៃ​តំបន់​មេគង្គ​ ដែល​ជា​តំបន់​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ចំពោះ​វិបុលភាព និង​សាមគ្គីភាព​របស់​អាស៊ាន។ យើង​ក៏​មាន​មោទនភាព​ផង​ដែរ​នៅ​ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន និង​សេចក្តី​ថ្លែងការណ៍​របស់​មេដឹកនាំ​ស្តីពី​ការ​អភិវឌ្ឍ​មូលធន​មនុស្ស ហើយ​គាំទ្រ​វា​ដោយ​គំនិត​ផ្តួចផ្តើម​ថ្មី។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ មាន​បំណង​ផ្តល់​ថវិកា​ចំនួន ៥ លាន​ដុល្លារ​សម្រាប់​កម្មវិធី​មេដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ (Young Southeast Asian Leaders’ Academy) និង​កម្មវិធី​សាកល​វិទ្យាល័យ Fulbright វៀតណាម (Fulbright University Vietnam)»។

ជំនួយ​ទាំង​នេះ ​គឺ​បន្ថែម​លើ​ថវិកា​ជាង ១៣ លាន​ដុល្លារ ដែល​បាន​ផ្តល់​សម្រាប់​កម្មវិធី​នៅ​ក្រោម​គម្រោង​ភាព​ជា​ដៃគូ​ទីក្រុង​ឆ្លាត​សហរដ្ឋ​អាមេរិក-អាស៊ាន (US-ASEAN Smart Cities Partnership) ដើម្បី​កសាង​ផលិតភាព និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ជា​ចុងក្រោយ សហរដ្ឋ​អាមេរិក ​បាន​លះបង់​ធនធាន​ថ្មីៗ ​ដើម្បី​ជួយ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ក្នុង​ការ​តទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ នា​ពេល​បច្ចុប្បន្ន​នេះ ក៏​ដូចជា​ជំងឺ​រាតត្បាត​នានា​នៅ​ពេល​អនាគត​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស Pompeo ថ្លែង​ថា៖ «ដោយ​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន ១ លាន ៥ សែន​ដុល្លារ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ប្រព័ន្ធ​សម្រប​សម្រួល​សង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​អាស៊ាន (ASEAN Public Health Emergency Coordination System) នឹង​បង្កើន​សមត្ថភាព​របស់​អាស៊ាន​នៅ​ក្នុង​ការ​ឆ្លើយតប​ក្នុង​នាម​ជា​តំបន់​មួយ​ចំពោះ​វិបត្តិ​សុខភាព​សាធារណៈ​ ដែល​កំពុង​លេច​ចេញ​ជា​រូបរាង​ឡើង ហើយ​និយាយ​ដោយ​ត្រង់​ទៅ គឺ​ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នា​ពេល​ខាង​មុខ​ផង​ដែរ។ យើង​បាន​បង្កើត​បណ្តាញ​អតីត​និស្សិត​នៃ​អនាគត​ផ្នែក​សុខាភិបាល (Health Futures Alumni Network) ដែល​ជា​បណ្ដាញ​ថ្មី​មួយ ដើម្បី​ចែក​រំលែក​វិធី​អនុវត្ត​ល្អ​បំផុត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ និង​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩។ ក្រសួង​សុខាភិបាល​របស់​សហរដ្ឋ​អាមេរិក​ ក៏​ចង់​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​វិស័យ​សុខាភិបាល​អាស៊ាន ​មាន​លក្ខណៈ​ផ្លូវការ​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី​ការបរទេស Pompeo ថ្លែង​បន្ថែម​ថា៖ «ខ្ញុំ​មាន​មោទនភាព​ចំពោះ​កិច្ចការ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការ​គាំទ្រ​មិត្ត​របស់​យើង​នៅ​ក្នុង​តំបន់​អាស៊ាន។ លោក​អ្នក​ អាច​ពឹង​ផ្អែក​លើ​វា​ត​ទៅ​មុខ​ទៀត​បាន»៕

XS
SM
MD
LG