Accessibility links

Breaking News

បទវិចារណកថា៖ វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ ត្រូវ​បាន​ប្រគល់​ជូន​ប្រទេស​ប៉េរូ​វិញ


ការប្រគល់​ជូន​ប្រទេស​ប៉េរូ​វិញ​នូវ​វត្ថុ​បុរាណ​ដែល​មាន​ឈ្មោះ​ពី​មុន​ថា Echenique Disc ដោយ​ស្ថាប័ន​សារមន្ទីរ Smithsonian របស់​សហរដ្ឋ​អាមេរិក។ បន្ទាប់ពី​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋធានី​លីម៉ា ប្រទេស​ប៉េរូ វត្ថុ​បុរាណ​នេះ​ ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ថ្មី​ថា Sun Disc។
ការប្រគល់​ជូន​ប្រទេស​ប៉េរូ​វិញ​នូវ​វត្ថុ​បុរាណ​ដែល​មាន​ឈ្មោះ​ពី​មុន​ថា Echenique Disc ដោយ​ស្ថាប័ន​សារមន្ទីរ Smithsonian របស់​សហរដ្ឋ​អាមេរិក។ បន្ទាប់ពី​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋធានី​លីម៉ា ប្រទេស​ប៉េរូ វត្ថុ​បុរាណ​នេះ​ ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ថ្មី​ថា Sun Disc។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី ២៨ ខែ​កក្កដា​ កន្លង​ទៅ​នេះ ប្រទេស​ប៉េរូ​ បាន​ប្រារព្ធ​ឯករាជ្យ​រយៈពេល ២ សតវត្សរ៍​របស់​ខ្លួន។ នៅ​ចំ​ពេល​ប្រារព្ធ​ពិធី​នោះ ស្ថាប័ន​សារមន្ទីរ Smithsonian របស់​សហរដ្ឋ​អាមេរិក បាន​ប្រគល់​ជូន​ប្រទេស​ប៉េរូ​វិញ​នូវ​វត្ថុ​បុរាណ​ដែល​មាន​ឈ្មោះ​ពី​មុន​ថា Echenique Disc។

វត្ថុ​បុរាណ​នេះ​ មាន​អង្កត់ផ្ចិត​ប្រវែង​ប្រហែល ១៣,៥ សង់ទីម៉ែត្រ និង​ធ្វើ​ពី​មាស ប្រាក់ និង​ទង់ដែង។ វត្ថុ​នេះ ​មាន​អាយុកាល​មុន​ចក្រភព Incan ទៅ​ទៀត ហើយ​គេ​ជឿ​ថា វា​ត្រូវ​បាន​រចនា​ឡើង​នៅ​រវាង​ឆ្នាំ ៨០០ មុន​គ្រិស្ដសករាជ និង​ឆ្នាំ ១ នៃ​គ្រិស្តសករាជ។

វត្ថុ​បុរាណ​នេះ ​ត្រូវ​បាន​ផ្ដល់​ជា​អំណោយ​ជាមួយ​នឹង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត​ឱ្យ​លោក Jose Rufino Echenique ដែល​ជា​ប្រធានាធិបតី​ប៉េរូ​នៅ​ពេល​នោះ នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Cuzco ប្រទេស​ប៉េរូ នៅ​ក្នុង​ឆ្នាំ ១៨៥៣។

បន្ទាប់ពី​ពេល​នោះ​មក កន្លែង​រក្សា​ទុក​វត្ថុ​មាន​តម្លៃ​ទាំង​អស់​នេះ​ ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេចខ្ទី ប៉ុន្តែ​ក្នុង​រយៈពេល​យូរ​ក្រោយ​មក​ទៀត វត្ថុ​បុរាណ​នេះ​ បាន​លេច​ឡើង​នៅ​ក្នុង​បណ្ដុំ​វត្ថុ​បុរាណ​ដែល​ប្រមូល​រក្សា​ទុក​របស់​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ដែល​បាន​លក់​វត្ថុ​នេះ​ទៅ​ឱ្យ​អ្នក​ប្រមូល​រក្សា​ទុក​វត្ថុ​បុរាណ​ម្នាក់​ទៀត​ឈ្មោះ George G. Heye នៅ​ក្នុង​ឆ្នាំ ១៩១២។

លោក Heye បាន​បរិច្ចាគ​វត្ថុ​បុរាណ​នេះ​ទៅ​ឱ្យ​សារមន្ទីរ​មួយ​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក។ វត្ថុ​បុរាណ​នេះ​ នៅ​ទីបំផុត​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​ជាតិ​ជនជាតិ​ដើម​អាមេរិក (National Museum of the American Indian) ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​សារមន្ទីរ Smithsonian។

ស្ថាប័ន​សារមន្ទីរ Smithsonian នេះ​ គឺ​ជា​ក្រុម​សារមន្ទីរ​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អប់រំ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​ធ្វើការ​ជាមួយ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​ប៉េរូ​ផងដែរ ដើម្បី​ជួយ​ការពារ ​និង​អភិរក្ស​បូជនីយដ្ឋាន​និង​វត្ថុ​បុរាណ​ជា​ប្រវត្តិសាស្ត្រ ក៏​ដូចជា​ទីតាំង​បុរាណវិទ្យា​នានា​របស់​ប្រទេស​ទាំង​នោះ។

នៅ​ក្នុង​ឆ្នាំ ១៩៧៧ នៅ​ក្នុង​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្ការ​និង​ប្រឆាំង​នឹង​ការ​ជួញដូរ​វត្ថុ​បុរាណ​មាន​តម្លៃ​នានា សហរដ្ឋ​អាមេរិក​និង​ប្រទេស​ប៉េរូ​ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​មួយ​ដើម្បី​ការពារ​សម្បត្តិ​វប្បធម៌។

នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ អនុសារណៈ​យោគយល់​គ្នា​មួយ​ទៀត ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​គោល​បំណង​ប្រគល់​វត្ថុ​បុរាណ Echenique Disc ទៅ​ឱ្យ​ប្រទេស​ប៉េរូ​វិញ គឺ​ស្រប​ពេល​នឹង​ការ​ប្រាព្ធ​ឯករាជ្យ​រយៈពេល ២ សតវត្សរ៍​របស់​ប្រទេស​នេះ។

បន្ទាប់ពី​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋធានី​លីម៉ា ប្រទេស​ប៉េរូ វត្ថុ​បុរាណ​នេះ​ ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ថ្មី​ថា Sun Disc ហើយ​វា​ត្រូវ​បាន​ប្រកាស​ថា ​ជា«បេតិកភណ្ឌ​វប្បធម៌​ជាតិ» និង​ផ្ទេរ​ទៅកាន់​សារមន្ទីរ​ប្រវត្តិសាស្ត្រ​តំបន់ (Museum of Regional History) នៅ​ក្នុង​ទីក្រុង Cuzco។

ទីក្រុង Cuzco ដែល​បាន​យក​រូប​វត្ថុ​បុរាណ​នេះ​ជា​និមិត្ត​សញ្ញា​ផ្លូវការ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ១៩៨៦ បាន​ស្វាគមន៍​ទទួល​យក​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​នេះ​ត្រឡប់​មក​វិញ​នៅ​ក្នុង​រយៈពេល ១៦៨ ឆ្នាំ​ក្រោយ​មក។

វត្ថុ​បុរាណ​ដែល​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​នានា​ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ឱ្យ​ឃើញ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌។ សហរដ្ឋ​អាមេរិក​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​លើក​កម្ពស់​ការ​ការពារ ​និង​ការ​អភិរក្ស​កេរដំណែល​វប្បធម៌៕

XS
SM
MD
LG