តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកតែងទាញចំណាប់អារម្មណ៍ឥតឈប់ឈរចំពោះការរំលោភសិទ្ធិមនុស្សដ៏អាក្រក់ខ្លាំងរបស់បក្សកុម្មុយនីស្តចិនប្រឆាំងនឹងជនជាតិ Uyghur និងសមាជិកនៃក្រុមជនជាតិភាគតិចមូស្លីមដទៃទៀតនៅតំបន់ Xinjiang។
រដ្ឋមន្រ្តីក្រសួងការបរទេសស.រ.អា.លោក Mike Pompeo បានហៅអ្វីដែលសាធារណរដ្ឋប្រជាមានិតចិនកំពុងធ្វើនៅទីនោះ គឺការដាក់មនុស្សជាងមួយលាននាក់ឱ្យជាប់នៅក្នុងជំរំឃុំឃាំងនិងមានការរំលោភផ្សេងៗទៀត រួមមានការឃ្លាំមើលជាប្រចាំ ការគ្រប់គ្រងប្រជាជនដ៏ឃោរឃៅ និងការបង្ខំឱ្យធ្វើពលកម្មនោះ ថាជា «ស្លាកស្នាមទុរយសប្រចាំសតវត្សរ៍»។
ក្នុងឆ្នាំកន្លងមកនេះ ក្រសួងការបរទេសស.រ.អា.បានដាក់ទណ្ឌកម្មលើមន្ត្រីបក្សកុម្មុយនីស្តចិនជាច្រើនរូបដោយលើកឡើងពីទំនាក់ទំនងរបស់ពួកគេជាមួយការរំលោភសិទ្ធិមនុស្សនៅតំបន់ Xinjiang។
មន្ត្រីទាំងនោះរួមមាន សមាជិកការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្ស គឺលោក Chen Guanguo លេខាបក្សកុម្មុយនិស្តប្រចាំតំបន់ និងលោក Zhu Hailun លេខាបក្សនៃគណៈកម្មាធិការនយោបាយនិងច្បាប់តំបន់ Xinjiang ហើយនឹងលោក Wang Mingshan លេខាបក្សបច្ចុប្បន្ននៃការិយាល័យសន្តិសុខសាធារណៈតំបន់ Xinjiang។
លើសពីនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់កម្រិតការនាំចេញលើអង្គភាពចិនចំនួន៤៨ រួមមានភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ ប៉ូលិសក្នុងតំបន់ និងក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខដែលពាក់ព័ន្ធក្នុងយុទ្ធនាការរបស់បក្សកុម្មុយនីស្តចិនក្នុងការបង្ក្រាបនៅតំបន់ Xinjiang។
ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) ក៏សកម្មផងដែរដោយចេញបទបញ្ជា Withhold Release Orders ដើម្បីឃាត់ផលិតផលផ្សេងៗពីតំបន់ Xinjiang ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដើម្បីទប់ស្កាត់មិនឲ្យទំនិញដែលផលិតដោយពលកម្មបង្ខំចូលទឹកដីសហរដ្ឋអាមេរិក។ បទបញ្ជានេះ ណែនាំឲ្យមន្រ្តីគយនិងការពារព្រំដែនអាមេរិកនៅតាមច្រកចូលសហរដ្ឋអាមេរិកទាំងអស់រារាំងមិនឲ្យទំនិញបែបនេះចូល។
ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានចេញបទបញ្ជា Withhold Release Orders ចំនួន៥ កាលពីថ្ងៃទី១៤ ខែកញ្ញា ដោយឃាត់ទំនិញក្រុមហ៊ុនចំនួន៤ ដែលបានផលិតកប្បាស សម្លៀកបំពាក់ ផលិតផលបច្ចេកវិទ្យា និងផលិតផលសក់ដែលសុទ្ធតែជាផលិតដោយកម្លាំងពលកម្មដោយបង្ខំនៅតំបន់Xinjiang។ បទបញ្ជា Withhold Release Orders នេះ ហាមឃាត់ផលិតផលទាំងអស់ដែលនាំយកមកពីជំរំកម្លាំងពលកម្មដោយបង្ខំនៅតំបន់ Xinjiang។
លោក Ken Cuccinelli អនុរដ្ឋមន្ត្រីស្តីទីក្រសួងសន្តិសុខមាតុភូមិថ្លែងថា៖
«តាមរយៈវិធានការនេះ ក្រសួងសន្តិសុខមាតុភូមិកំពុងប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំនិងអមនុស្សធម៌ ដែលជាទាសភាពសម័យទំនើបដែលប្រើដើម្បីផលិតទំនិញដែលបន្ទាប់មករដ្ឋាភិបាលចិនព្យាយាមនាំចូលមកក្នុងសហរដ្ឋអាមេរិក»។
លោក Mark Morgan ស្នងការគយនិងការពារព្រំដែនអាមេរិកស្តីទី បានមានប្រសាសន៍ថា៖ «បទបញ្ជា Withhold Release Orders ហាមឃាត់ទំនិញនេះ បញ្ជូនសារយ៉ាងច្បាស់ទៅសហគមន៍អន្តរជាតិថា យើងនឹងមិនអត់ឱនចំពោះអំពើខុសច្បាប់អមនុស្សធម៌និងកេងប្រវ័ញ្ចកម្លាំងពលកម្មនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកទេ»។
រដ្ឋមន្រ្តីក្រសួងការបរទេសស.រ.អា.លោក Pompeoមានប្រសាសន៍ថា ប្រទេសចិនក៏គួរតែស្តាប់សារនេះផងដែរ ហើយថា «វាដល់ពេលត្រូវបញ្ចប់ការប្រើកម្លាំងពលកម្មដោយបង្ខំដោយរដ្ឋ ហើយងាកមកគោរពសិទ្ធិមនុស្សរបស់ប្រជាជនគ្រប់រូប»៕