Accessibility links

Breaking News

បទ​វិចារណកថា៖ វិធី​ដែល​សហរដ្ឋ​អាមេរិក​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​បរទេស


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo និយាយ​នៅ​ឯ​មជ្ឈមណ្ឌល​ធម្មនុញ្ញ​ជាតិ​ស្តីអំពី​បេសកកម្ម​ស្តីពី​សិទ្ធិ​មនុស្ស​ដែល​មិន​អាច​ដក​ហូត​បាន។
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo និយាយ​នៅ​ឯ​មជ្ឈមណ្ឌល​ធម្មនុញ្ញ​ជាតិ​ស្តីអំពី​បេសកកម្ម​ស្តីពី​សិទ្ធិ​មនុស្ស​ដែល​មិន​អាច​ដក​ហូត​បាន។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំពោះ​សិទ្ធិ​មនុស្ស​ដែល​មិន​អាច​ដក​ហូត​បាន​នៅ​ក្នុង​ប្រទេស បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ជា​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​សម្រាប់​បុរស​និង​ស្ត្រី​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ដែល​ប្រឹងប្រែង​ស្វែងរក​សេរីភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ។

លោក Peter Berkowitz នាយក​ផ្នែក​រៀបចំ​ផែនការ​គោល​នយោបាយ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា របាយការណ៍​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​គណៈកម្មការ​សិទ្ធិ​មិន​អាច​ដកហូត​បាន បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ធ្វើ​ជា​គោលការណ៍​ណែនាំ​សម្រាប់​គោល​នយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក។

លោក Berkowitz មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​កម្រិត​ទាប​បំផុត វា​ជា​ការ​សំខាន់​ដែល​មេដឹកនាំ​យើង​ហ៊ាន​និយាយ​អំពី​ជំនឿ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចាក់​ឫស​នៅ​ក្នុង​សេចក្តី​ប្រកាស​ឯករាជ្យ​របស់​ប្រទេស និង​នៅ​ក្នុង​ទម្រង់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដែល​អំណាច​នយោបាយ​ត្រឹមត្រូវ​តាម​ច្បាប់​ទាំង​អស់​ បាន​មក​ពី​ការ​ឯកភាព​របស់​ប្រជាពលរដ្ឋ។ ជាង​នេះ​ទៀត គោល​បំណង​ទីមួយ​របស់​រដ្ឋាភិបាល​ គឺ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​សេរីភាព។ នេះ​ គឺ​ជា​ការ​លើក​កម្ពស់​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក»។

លោក Berkowitz បាន​បញ្ជាក់​ថា របាយការណ៍​របស់​គណៈកម្មការ​នេះ​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​អាច​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្រៅ​ប្រទេស នៅ​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ការពារ​សិទ្ធិ​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

លោក Berkowitz បាន​បន្ថែម​ថា ចំណុច​ចុងក្រោយ សិទ្ធិ​មនុស្ស​ត្រូវ​បណ្ដុះ​នៅ​ក្នុង​សង្គម ដើម្បី​ឱ្យ​សិទ្ធិ​ទាំង​នោះ​ចាក់​ឫស​ចាក់​គល់​រឹងមាំ​នៅ​ក្នុង​វប្បធម៌​នយោបាយ។

លោក Berkowitz មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ការ​ការពារ​សិទ្ធិ​មនុស្ស និង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស មិន​មែន​ជា​សកម្មភាព​ដែល​កើត​មាន​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។ សិទ្ធិ​មនុស្ស​ ចាំបាច់​ត្រូវតែ​បណ្ដុះ។ តើ​សិទ្ធិ​មនុស្ស​ត្រូវ​បណ្ដុះ​តាម​វិធី​ណា? សិទ្ធិ​មនុស្ស​ត្រូវ​បណ្តុះ​នៅ​ក្នុង​គ្រួសារ ក្នុង​សហគមន៍ ក្នុង​ប្រព័ន្ធ​សិក្សា​អប់រំ ក្នុង​វប្បធម៌​នយោបាយ​សាធារណៈ​មួយ​ចំនួន ដោយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ផ្លូវចិត្ត​នៅ​ក្នុង​ចិត្ត​ប្រជាពលរដ្ឋ ដែល​បង្រៀន​ពួកគេ​ឲ្យ​គោរព​សិទ្ធិ [មិន​អាច​ដក​ហូត​បាន] ដែល​មនុស្ស​គ្រប់ៗ​គ្នា​មាន»។

លោក Berkowitz បាន​កត់​សម្គាល់​ថា ដើម្បី​ធ្វើ​ឲ្យ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​បរទេស​ទទួល​បាន​ជោគជ័យ វា​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​ផ្តោត​មិន​ត្រឹមតែ​លើ​សេចក្តី​ប្រកាស​ឯករាជ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស​ផងដែរ ដើម្បី​ស្វែងរក​ចំណុល​ស្នូល​ដ៏​តូច​មួយ​នៃ​សិទ្ធិ​ជា​មូលដ្ឋាន ដែល​អាច​ធ្វើជា​បទដ្ឋាន​សម្រាប់​វិស័យ​នយោបាយ​នៅ​គ្រប់​កន្លែង​ទាំង​អស់៕

XS
SM
MD
LG