តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក មានការព្រួយកង្វល់យ៉ាងខ្លាំងអំពីការចោទប្រកាន់ និងការកាត់ទោសសមាជិក៣នាក់របស់សមាគមអ្នកកាសែតឯករាជ្យវៀតណាម។ សមាគមនេះជាអង្គការសង្គមស៊ីវិលដែលគាំទ្រសេរីភាពសារព័ត៌មាន។
កាលពីថ្ងៃទី៥ ខែមករា តុលាការប្រជាជនក្នុងទីក្រុងហូជីមិញ បានកាត់ទោសលោក Pham Chi Dung ដែលជាស្ថាបនិក និងជាប្រធានសមាគមអ្នកកាសែតនោះឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។ លោក Nguyen Tuong Thuy ដែលជាអនុប្រធានរបស់លោក Pham Chi Dung និងអ្នកកាសែត Le Huu Minh Tuan បានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល១១ឆ្នាំ។ បុរសទាំង៣នាក់នោះ បានត្រូវតុលាការចោទប្រកាន់នៅក្រោមបទបញ្ញត្តិប្រឆាំងនឹងរដ្ឋដែលហាមឃាត់ការផលិតនិងផ្សព្វផ្សាយអ្វីដែលហៅថា «ព័ត៌មានក្លែងក្លាយអំពីរដ្ឋាភិបាលរបស់ប្រជាជន»។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Cale Brown អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានហៅការកាត់ទោសនោះថា «ជាការរំខាននៅពេលចុងក្រោយបង្អស់នេះ និងជានិន្នាការនៃការកើនឡើងការចាប់ខ្លួន និងការចោទប្រកាន់ពលរដ្ឋវៀតណាមដែលអនុវត្តនូវសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
អង្គការសិទ្ធិមនុស្ស ក៏មានការខឹងសម្បាដែរ។
លោកស្រី Emerlynne Gil នាយិការងប្រចាំតំបន់នៃអង្គការសិទ្ធិមនុស្ស Amnesty International បានសរសេរថា៖ «ទោះបីជាមានបទដ្ឋាននៃការបង្ក្រាបយ៉ាងខ្លាំងក៏ដោយ ក៏ការកាត់ទោសដ៏ធ្ងន់ធ្ងរនេះ បង្ហាញពីការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងដោយរដ្ឋាភិបាលវៀតណាម»។
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ឬ RSF បានថ្លែងថា ការកាត់ទោសអ្នកកាសែតវៀតណាម៣នាក់ គឺជារឿងដ៏រន្ធត់មួយ ហើយមានបំណងយ៉ាងច្បាស់ដើម្បីបំបាត់ការជជែកដេញដោលរបស់សង្គមស៊ីវិល»។
វៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី១៧៥ នៃប្រទេសទាំងអស់១៨០ នៅក្នុងសន្ទស្សន៍សេរីភាពព័ត៌មានពិភពលោកឆ្នាំ២០២០ របស់អង្គការ RSF។
ក្នុងរបាយការណ៍សិទ្ធិមនុស្សកាលពីពេលថ្មីៗនេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មានការបញ្ជាក់ថា ក្នុងចំណោមការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យកត់សម្គាល់ក្នុងប្រទេសវៀតណាម គឺមាន «ការរឹតត្បិតដ៏អាក្រក់បំផុតលើសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងប្រព័ន្ធអ៊ីនធឺណិតដែលរួមមានការចាប់ខ្លួនដោយគ្មានការជំនុំជម្រះ និងការធ្វើទុក្ខបុកម្នេញអ្នករិះគន់រដ្ឋាភិបាល ការរឹតត្បិត ការរាំងខ្ទប់គេហទំព័រ និងច្បាប់ព្រហ្មទណ្ឌបង្ខូចកេរ្តិ៍ឈ្មោះ»។
លោក Brown អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយបន្តទៀតថា «សេរីភាពសារព័ត៌មាន ជាគ្រឹះដ៏សំខាន់ដល់តម្លាភាពនិងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ។ អ្នកនិពន្ធ អ្នកសរសេរប្លុក និងអ្នកកាសែត ជារឿយៗធ្វើការងារប្រកបដោយការប្រថុយប្រថានខ្លាំង ហើយយើងជំរុញឲ្យរដ្ឋាភិបាលនិងពលរដ្ឋទូទាំងពិភពលោកធានាដល់ការការពារពួកគេ។
លោកបានប្រកាសទៀតថា «សហរដ្ឋអាមេរិកអំពាវនាវដល់អាជ្ញាធរវៀតណាមឲ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ហើយអនុញ្ញាតឲ្យបុគ្គលទាំងអស់នោះនៅក្នុងប្រទេសវៀតណាមសម្តែងនូវទស្សនៈរបស់ពួកគេដោយសេរី ដោយមិនមានការភ័យខ្លាចចំពោះការសងសឹកឡើយ៕