Accessibility links

Breaking News

បទវិចារណកថា៖ សង្គ្រាមលោក​លើកទី២​ចប់​ជា​ផ្លូវការ កាលពី​៧៥​ឆ្នាំ​មុន


រូបឯកសារ៖ មេបញ្ជាការអាមេរិក Douglas MacArthur ឈរមើល ខណៈរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Manoru Shigemitsu ចុះហត្ថលេខាលើកិច្ចព្រមចុះចាញ់នៅលើនាវាចម្បាំងអាមេរិក USS Missouri ដែលសំចតនៅឆក​សមុទ្រតូក្យូ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
រូបឯកសារ៖ មេបញ្ជាការអាមេរិក Douglas MacArthur ឈរមើល ខណៈរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Manoru Shigemitsu ចុះហត្ថលេខាលើកិច្ចព្រមចុះចាញ់នៅលើនាវាចម្បាំងអាមេរិក USS Missouri ដែលសំចតនៅឆក​សមុទ្រតូក្យូ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្ងៃ​ទី ២ ​ខែ​កញ្ញា ​ជា​ថ្ងៃ​កំណត់ការ​ចប់​ជា​ផ្លូវការ​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ ​នៅតំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ជាការបញ្ចប់សង្គ្រាម​ពិភពលោក។ នៅ​ថ្ងៃ​នោះ​ កាល​ពី​ ៧៥ ​ឆ្នាំ​មុន​នេះ ​ឯកសារ​ជា​ផ្លូវការ​នៃ​ការ​ចុះចាញ់​របស់​ប្រទេស​ជប៉ុន​ដោយ​គ្មាន​លក្ខខ័ណ្ឌ​ បាន​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ក្រុម​អ្នក​តំណាង​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន​ នៅ​លើ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS Missouri ដែល​បោះ​យុថ្កា​នៅ​ក្នុង​ឆក​សមុទ្រតូក្យូ។

ជាមួយ​ការចុះចាញ់​របស់​ប្រទេស​អាល្លឺម៉ង់ ​កាល​ពី​ថ្ងៃទី ៨ ​ខែ​ឧសភា សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​ចប់ក្នុង​ទ្វីប​អឺរ៉ុប។ តែ​ការប្រយុទ្ធ​គ្នា​មាន​ខ្លាំង​ក្លា​នៅ​តំបន់​មហា​សមុទ្រប៉ាស៊ីហ្វិក ហើយ​សង្គ្រាម​នេះ​មិន​ទាន់​ចប់​ទេ ​រហូត​ដល់​ពេល​ប្រទេស​ជប៉ុន​ដាក់​អាវុធ។

នៅថ្ងៃទី ២៦ ខែ​កក្កដា​ ១០ថ្ងៃ​នៅ​ក្រោយ​សហរដ្ឋ​អាមេរិកសាកល្បង​គ្រាប់​បែក​បរមាណូ​ដោយ​ជោគជ័យ ក្រុមមេដឹកនាំ​សម្ព័ន្ធមិត្ត​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ Potsdam ដែល​ជា​ឯកសារ​មួយ​គូសបញ្ជាក់​លក្ខខណ្ឌ​នៃ​ការ​ចុះចាញ់របស់​ចក្រភព​ជប៉ុន។ ​ប្រសិន​បើ​ជប៉ុន​ប្រកែក​មិន​ព្រម​ទទួល​សំណើ​នេះ​ទេ ប្រទេស​ជប៉ុន​នឹង ​«រងគ្រោះ​ដោយ​ការបំផ្លិច​បំផ្លាញ​ជា​បន្ទាន់​ និង​ទាំងស្រុង»។ ប្រទេស​ជប៉ុន​បាន​ច្រានចោល​ឱសានវាទ​នេះ។

ដូច្នេះ​ជា​ការចាំបាច់​ត្រូវ​យក​ជ័យជម្នះលើ​ជប៉ុន​ នៅ​លើ​សមរភូមិ​ដែល​ជាកិច្ចការ​មួយ​គួរ​ឱ្យ​ភ័យ​ខ្លាច។

ក្នុង​ពេល​ជាងបីឆ្នាំ ​សហរដ្ឋ​អាមេរិក និងប្រទេសជា​សម្ព័ន្ធមិត្ត​នៅ​ក្នុង​មហា​សមុទ្រប៉ាស៊ីហ្វិក បាន​ប៉ះទង្គិច​ជា​មួយ​ជប៉ុន​ នៅ​ក្នុង​ការប្រយុទ្ធ​ក្នុង​សមុទ្រ​ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ការ​ប្រយុទ្ធគ្នា​យ៉ាង​សាហាវ​តាម​កោះនានា ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ជា​ញឹក​ញយ​នាំ​ឱ្យ​មាន​ការធ្វើអត្តឃាត​ដោយ​ក្រុម​ទាហាន​ជប៉ុន​ និងដោយ​ក្រុម​ជន​ស៊ីវិល​ជប៉ុន ដែល​ចាញ់​ក្នុង​ការ​ប្រយុទ្ធ បាន​នាំ​ឱ្យ​មេបញ្ជាការ​យោធា​សហរដ្ឋ​អាមេរិក យល់​ថា​ ការលុកលុយ​ប្រទេស​ជប៉ុន​នឹង​បណ្តាល​ឱ្យ​មាន​ការ​ស្លាប់​មនុស្ស​ច្រើននាក់​ក្នុងភាគី​ទាំង​ពីរ។

ដូច្នេះ​ក៏​មានការ​សម្រេច​ថា ​សង្គ្រាម​នេះ​ត្រូវតែ​បញ្ចប់​ដោយ​រហ័សនិង​ជា​ដាច់ខាត។ ក្រោយ​ពីបាន​ទម្លាក់​ខិត្តបណ្ណព្រមាន​អំពី​ការទម្លាក់គ្រាប់​បែក ​ដែលនឹង​កើតឡើង​នៅពេល​ឆាប់ៗ និង​សុំ​ឱ្យ​ប្រជារាស្ត្រ​ស៊ីវិល​ជម្លៀស​ខ្លួន​រួចមក សហរដ្ឋ​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​បរមាណូ​ពីរ​គ្រាប់​លើ​ក្រុង​ពីរ​ក្នុង​ប្រទេស​ជប៉ុន ​មុនក្រោយ​គ្នា​បី​ថ្ងៃ។ នៅទី​បញ្ចប់ មេដឹកនាំ​ជប៉ុន​យល់​ថា ​ខ្លួន​មិន​អាចឈ្នះ​ក្នុង​សង្គ្រាម​នេះ​បាន​ទេ ហើយ​នៅ​ថ្ងៃទី ១៤ ខែ​សីហា ព្រះចៅ​អធិរាជ Hirohito នៃ​ប្រទេស​ជប៉ុន​ បាន​ប្រកាស​ថា​ ជប៉ុន​នឹង​ចុះចាញ់។

លោកឧត្តមសេនីយ Douglas MacArthur ដែល​បាន​ទទួល​ការចុះចាញ់​របស់​ប្រទេស​ជប៉ុន​ក្នុង​នាម​នៃ​ប្រទេសជាសម្ព័ន្ធមិត្ត​ បាន​ថ្លែង​នៅ​ក្រោយ​ពិធី​លើ​នាវា​ចម្បាំង USS Missouri ថា «ថ្ងៃ​នេះគ្មាន​ស្នូរ​កាំភ្លើងទេ»។

លោកឧត្តមសេនីយ Douglas MacArthur បានមាន​ប្រសាសន៍​ថា៖ «មហាសោកនាដ​កម្ម​មួយ​បានចប់​ហើយ។ មហា​ជ័យជម្នះ​មួយ​ទើប​នឹង​មាន។ លែង​មាន​ការទម្លាក់​គ្រាប់បែក​ដ៏​ប្រល័យ​ពី​អាកាស​ទៀត​ហើយ នៅ​ក្នុង​សមុទ្រ​មាន​តែ​ការធ្វើ​ពាណិជ្ជកម្ម មនុស្ស​គ្រប់​គ្នា​នៅ​គ្រប់ទីកន្លែង​ដើរ​ដោយ​ត្រង់ខ្លួន​ក្នុង​ពន្លឺ​ព្រះអាទិត្យ។ ពិភពលោក​ទាំង​មូល​រស់​នៅ​ស្ងាត់ស្ងៀម​ក្នុង​សន្តិភាព។ បេសកកម្ម​ដ៏ពិសិដ្ឋ​បានចប់​ហើយ...»។

លោក​បន្តថា៖ «មហាសមុទ្រប៉ាស៊ីហ្វិក បានក្លាយ​ទៅជា​ទស្សនីយភាព​នៃ​ពិភពលោក​ថ្មី​មួយ ​ដែល​ទើប​រួច​ខ្លួន។ នៅ​ថ្ងៃ​នេះ​ សេរីភាព​កំពុង​វាយ​លុក លទ្ធិប្រជាធិបតេយ្យ​កំពុង​ដើរ​ទៅ​មុខ។ នៅ​ថ្ងៃ​នេះ​ក្នុង​ទ្វីបអាស៊ី​និង​ក្នុង​ទ្វីប​អឺរ៉ុប​ដែរ ប្រជារាស្ត្រ​រួច​ពីខ្នោះ កំពុង​ភ្លក់​រសជាតិ​ផ្អែមល្ហែមនៃ​សេរីភាព ​និងការ​គេច​ផុត​ពី​ការ​ភ័យខ្លាច»។

នៅ​ថ្ងៃ​ទី ២ ខែកញ្ញា ​ឆ្នាំ ១៩៤៥ សង្គ្រាម​លោក​លើកទី​ពីរ​បានចប់​ពិតប្រាកដ​ ហើយសករាជ​ថ្មី​មួយ​ក៏​បានចាប់ផ្តើម​ដែរ៕

XS
SM
MD
LG