Accessibility links

Breaking News

បទវិចារណកថា៖ សន្និសីទ​ឥណ្ឌូប៉ាស៊ីហ្វិក​ស្តីពី​ការពង្រឹង​អភិបាលកិច្ច​ទន្លេ​ឆ្លង​កាត់​ព្រំដែន


រូបឯកសារ៖ អាជីវករ​ម្នាក់ ជិះ​លើ​សាឡាង​ដោយ​មាន​ដឹក​ទំនិញ​របស់​ខ្លួន​លើ​ម៉ូតូ ពេល​ឆ្លង​ទន្លេ​មេគង្គ​នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អាជីវករ​ម្នាក់ ជិះ​លើ​សាឡាង​ដោយ​មាន​ដឹក​ទំនិញ​របស់​ខ្លួន​លើ​ម៉ូតូ ពេល​ឆ្លង​ទន្លេ​មេគង្គ​នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​សុន្ទរកថា​បើក​សម្ពោធ​សន្និសីទ​ឥណ្ឌូប៉ាស៊ីហ្វិក​ស្តីពី​ការ​ពង្រឹង​អភិបាលកិច្ច​ទន្លេ​ឆ្លងកាត់​ព្រំដែន​នា​ពេលថ្មីៗនេះ លោក David Stilwell ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុកកិច្ចការ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ថ្លែង​ថា៖ «ទន្លេ​មិនមែន​គ្រាន់​តែ​ជា​លក្ខណៈ​ភូមិសាស្ត្រ​មួយ​នោះ​ទេ។ វា​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ជីវិត​មនុស្ស»។

លោក David Stilwell បន្ត​ថា៖ «ហើយ​ជាពិសេស​ប្រជាជន​នៅ​តំបន់​ទន្លេ​មេគង្គដឹង​អំពី​ការ​ពិត​នេះ ពី​ព្រោះ​ពួកគេ​កំពុង​រស់​នៅ​ជាមួយ​នឹង​ផល​លំបាក​ដ៏​អាក្រក់​បណ្តាល​មក​ពី​ការគ្រប់គ្រង​ទឹក​នៃ​តំបន់​ជាប់​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ។ មនុស្ស​រាប់​សិប​លាន​នាក់ ដែល​ចាត់​ទុក​ទន្លេ​មេគង្គ​ជា​ជីវិត កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​កំពុង​កើន​ឡើង»។

ស្ថាប័ន​សិក្សា​ស្រាវជ្រាវ East-West Center ក្រោម​ការ​សហការ​ជាមួយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ និង​គម្រោង​ភាពជាដៃគូ​តំបន់​ទន្លេមេគង្គ​និង​សហរដ្ឋអាមេរិក ​បាន​រៀប​ចំ​សន្និសីទ​តាម​អ៊ីនធឺណិត​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ដោយ​ប្រមូល​អ្នក​បង្កើត​គោល​នយោបាយ អ្នកសិក្សា​ស្រាវជ្រាវ សមាជិក​សង្គម​ស៊ីវិល និង​បណ្តា​ភាគី​ពាក់ព័ន្ធ​បញ្ហាទន្លេ​ឆ្លង​កាត់​ព្រំដែន​ពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បី​ឲ្យ​មក​ចែក​រំលែក​ការ​អនុវត្ត​ល្អៗ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ការ​គ្រប់គ្រង​ដោយ​សហ​ប្រតិបត្តិការ​នៃ​ទន្លេ​ឆ្លងកាត់​ព្រំដែន​នានា។

លោក​ឧបការី​រដ្ឋមន្ត្រី​ការបរទេស Stilwell បាន​គូស​បញ្ជាក់​អំពី​គម្រោង​ភាព​ជា​ដៃគូ​តំបន់​ទន្លេមេគង្គ​និង​សហរដ្ឋអាមេរិក​ថ្មី​ និង​តួនាទី​នៃ​គម្រោង​នេះ​ ក្នុង​ការ​ពង្រីក​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ទាំង​៥ នៃ​អនុតំបន់​ទន្លេ​មេគង្គ។

លោក​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​ទន្លេ​មេគង្គ​ដូច​ដែល​បាន​បង្ហាញ​ដោយ​ទឹក​ប្រាក់​ផ្តល់​ទៅ​ក្នុង​តំបន់​នោះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ចំនួន​៣,៩ ពាន់​លាន​ដុល្លារ​អាមេរិក ក៏​ដូចជា​ការគាំទ្រ​ដ៏​ខ្ជាប់ខ្ជួន​របស់​សហរដ្ឋអាមេរិក ចំពោះ​គណៈកម្មការ​ទន្លេ​មេគង្គ និងអភិបាល​កិច្ច​ទន្លេ​ឆ្លងកាត់​ព្រំដែន​ប្រកប​ដោយ​តម្លាភាព។

លោក Stilwell ក៏​បាន​លើក​ឡើង​អំពី​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ការ​គ្រប់គ្រង​ដោយ​ឯកតោ​ភាគី​របស់​ប្រទេស​ចិន​លើ​លំហូរ​ទឹក​ទន្លេ​មេគង្គ​ និងអំពី​តម្រូវការ​សម្រាប់​ការ​ចែក​រំលែក​ទិន្នន័យ​ទឹក​គ្រប់ជ្រុងជ្រោយ​ពេញ​មួយ​ឆ្នាំៗតាមរយៈ​គណៈកម្មការ​ទន្លេមេគង្គផងដែរ។

នៅ​ក្នុង​សុន្ទរកថា​បិទ​កម្មវិធី ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក Michael DeSombre មាន​ប្រសាសន៍​ថា៖ «ភាពជោគជ័យ​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​នឹង​មិន​ត្រឹមតែ​អាស្រ័យ​លើ​ស្ថាប័ន​និង​ភាព​ជា​ដៃ​គូ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​លំហូរ​ទិន្នន័យ​ប្រកប​ដោយ​តម្លាភាព​ផងដែរ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​សហរដ្ឋអាមេរិក​ បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ទិន្នន័យ​ទឹក​ទន្លេ​មេគង្គ​ ឬ Mekong Water Data Initiative ដោយ​មាន​ការ​ចូលរួម​ពី​ដៃគូ​រដ្ឋាភិបាល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​៦០ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការចែករំលែក​ទិន្នន័យ ​និង​ការសម្រេច​ចិត្ត​ផ្អែក​លើ​វិទ្យាសាស្ត្រ។ វេទិកា​វ៉េបសាយ The MekongWater.org ដែល​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo កាល​ពី​ឆ្នាំ​មុន មាន​ឧបករណ៍​ជាង​៤០ រាប់​ចាប់​ពី​ការ​ព្យាករណ៍​អាកាសធាតុ រហូត​ដល់​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​របស់​ប្រជាពលរដ្ឋ។

លោក​ឯកអគ្គរដ្ឋទូត DeSombre និយាយ​ថា សហរដ្ឋ​អាមេរិក​«គ្រោង​នឹង​បង្ហាញ​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដ៏​សំខាន់​មួយ សម្រាប់​វេទិកា​នេះ​ នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ»។

សហរដ្ឋ​អាមេរិក​រួម​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​និង​សម្ព័ន្ធមិត្ត​មក​ពី​ទូទាំង​ពិភពលោក ប្តេជ្ញា​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ដើម្បី​កសាង​អនាគត​ប្រកប​ដោយ​ភាពរុងរឿង និរន្តរភាព​ និង​សុខុមាលភាព ផ្អែក​លើ​ធនធាន​រួម​ទាំង​នេះ៕

XS
SM
MD
LG