តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកចង់ធ្វើឲ្យប្រាកដថា សិស្សនិងនិស្សិតដែលសិក្សានៅតាមសាលារៀននិងសាកលវិទ្យាល័យនានា នៅក្នុងសហរដ្ឋអាមេរិក ដឹងថានៅពេលណាដែលការសិក្សាភាសានិងវប្បធម៌ចិនអាចរងការបង្វិលដោយគណបក្សកុម្មុយនីស្តចិន និងក្រុមតំណាងរបស់គណបក្សនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្រេចចាត់ទុកវិទ្យាស្ថានខុងជឺ នៅសហរដ្ឋអាមេរិកថា ជាបេសកកម្មបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា ការកំណត់ដូច្នេះគឺជាការទទួលស្គាល់ថា វិទ្យាស្ថានខុងជឺនៅសហរដ្ឋអាមេរិកគឺជា «អង្គភាពមួយដែលជំរុញនូវការឃោសនាជាសាកលរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងយុទ្ធនាការជះឥទ្ធិពលដ៏គ្រោះថ្នាក់លើសាលារៀន និងសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិក»។
វិទ្យាស្ថានខុងជឺទទួលបានការឧបត្ថម្ភដោយផ្ទាល់ពីរដ្ឋាភិបាលចិន និងជាផ្នែកមួយនៃឧបករណ៍ជះឥទ្ធិពល និងការឃោសនារបស់គណបក្សកុម្មុយនីស្តចិន នៅលើពិភពលោក។
ការកំណត់ដូច្នេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងមិនបណ្ដាលឲ្យមានការបិទវិទ្យាស្ថានខុងជឺ ឬក៏តម្រូវឲ្យសាកលវិទ្យាល័យនានា បិទវិទ្យាស្ថានខុងជឺរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ការចាត់ទុកវិទ្យាស្ថានខុងជឺថាជាបេសកកម្មបរទេសដូចនេះ នឹងធានាឲ្យមានតម្លាភាព ដោយតម្រូវឲ្យវិទ្យាស្ថានខុងជឺនេះ ផ្ដល់ព័ត៌មានជាទៀងទាត់ដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក អំពីបុគ្គលិកជាពលរដ្ឋចិន ការជ្រើសរើសបុគ្គលិក ប្រភពថវិកា និងប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក។
ការផ្ដល់ព័ត៌មានដូចនេះ នឹងអនុញ្ញាតឲ្យសាលារៀននិងសាកលវិទ្យាល័យនានា នៅក្នុងសហរដ្ឋអាមេរិក អាចធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ ទាក់ទិនទៅនឹងឥទ្ធិពលដែលកំពុងត្រូវបានជះមកលើពួកគេ និងទាក់ទិនលើថា តើកម្មវិធីដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងទាំងនេះ គួរតែបន្តយកមកបង្រៀនដល់សិស្សនិស្សិតរបស់ពួកគេដែរ ឬក៏យ៉ាងណានោះ។
បើយោងតាមសមាគមបញ្ញវន្តជាតិ (National Association of Scholars (NAS) បច្ចុប្បន្ននេះ មានវិទ្យាស្ថានខុងជឺ ចំនួន ៧៥ ដែលកំពុងដំណើរការនៅក្នុងសហរដ្ឋអាមេរិក។ ជាងនេះទៀត ក៏មានថ្នាក់រៀនរបស់វិទ្យាស្ថានខុងជឺប្រហែល ៥០០ ផងដែរ នៅតាមសាលារៀននានា។ ភាគច្រើននៃថ្នាក់រៀនទាំងនេះ មានទំនាក់ទំនងជាមួយនឹងវិទ្យាស្ថានខុងជឺណាមួយ នៅតាមសាកលវិទ្យាល័យ។
ឥទ្ធិពលរបស់រដ្ឋាភិបាលចិន និងផលប៉ះពាល់នៃមនោគមវិជ្ជារបស់គណបក្សកុម្មុយនីស្តចិនលើការរៀបចំកម្មវិធីសិក្សារបស់វិទ្យាស្ថានខុងជឺ គឺជាមូលហេតុព្រួយបារម្ភជាយូរមកហើយ នៅតាមសាលារៀន និងសាកលវិទ្យាល័យនានានៅក្នុងសហរដ្ឋអាមេរិក។
ជាឧទាហរណ៍ របាយការណ៍ឆ្នាំ ២០១៧ មួយរបស់សមាគមបញ្ញវន្តជាតិអំពីវិទ្យាស្ថានខុងជឺ បានរកឃើញថា សាស្ត្រាចារ្យនៃវិទ្យាស្ថានខុងជឺមួយចំនួនប្រឈមនឹងសម្ពាធឲ្យដាក់កំហិតលើខ្លួនឯង កិច្ចសន្យារវាងវិទ្យាស្ថានខុងជឺនិងសាកលវិទ្យាល័យ ជារឿយៗមិនបើកចំហជាសាធារណៈ សាកលវិទ្យាល័យខ្លះត្រូវបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ មិនឲ្យរិះគន់សាធារណរដ្ឋប្រជាមានិតចិន ហើយមុខវិជ្ជាសិក្សារបស់វិទ្យាស្ថានខុងជឺជារឿយៗ បង្ហាញអំពីចំណេះដឹងអំពីប្រវត្តិសាស្ត្រចិនដែលមានការសម្រាំងរួចជាស្រេច ដោយជៀសវាងប្រធានបទណា ដែលទាក់ទងទៅនឹងការរំលោភសិទ្ធិមនុស្ស។
អស់រយៈពេលជាង ៤ ទស្សវត្សរ៍មកហើយ រដ្ឋាភិបាលក្រុងប៉េកាំងមានលទ្ធភាពដោយសេរី និងបើកចំហក្នុងការចូលមកក្នុងសង្គមរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានបដិសេធមិនផ្ដល់លទ្ធភាពដូចគ្នានេះដល់ពលរដ្ឋអាមេរិកាំង និងជនបរទេសដទៃទៀតក្នុងប្រទេសចិន ឲ្យអាចចូលទៅក្នុងសង្គមចិនបាន។
ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះគឺ «មិនស្មើភាពគ្នាយ៉ាងខ្លាំង»។ នេះបើតាមការបញ្ជាក់របស់លោក David Stilwell ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក។
លោក Stilwell បានថ្លែងដូច្នេះថា៖ «គោលបំណងរបស់យើង គឺចង់ឲ្យប្រទេសចិនយល់អំពីសារៈសំខាន់នៃតម្លាភាព ការបើកចំហ និងការចែករំលែក ប៉ុន្តែដរាបណារឿងនេះមិនទាន់កើតឡើងសហរដ្ឋអាមេរិកនឹងចាត់វិធានការដើម្បីការពារខ្លួន(សិន)»៕