Accessibility links

 
បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​ចិន​បញ្ឈប់​សកម្មភាព​បង្កើន​ភាព​តានតឹង​​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង
Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​ចិន​បញ្ឈប់​សកម្មភាព​បង្កើន​ភាព​តានតឹង​​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


(រូប​ឯកសារ) នាវា​ឆ្នាំ​សមុទ្រ​ហ្វីលីពីន​មួយ​រង​ការ​បាញ់​ទឹក​ដាក់​ពី​នាវា​ឆ្នាំ​សមុទ្រ​ចិន ខណៈ​នាវា​ហ្វីលីពីន​ព្យាយាម​ទៅ​ដល់​កោះ Scarborough Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បួង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៤។
(រូប​ឯកសារ) នាវា​ឆ្នាំ​សមុទ្រ​ហ្វីលីពីន​មួយ​រង​ការ​បាញ់​ទឹក​ដាក់​ពី​នាវា​ឆ្នាំ​សមុទ្រ​ចិន ខណៈ​នាវា​ហ្វីលីពីន​ព្យាយាម​ទៅ​ដល់​កោះ Scarborough Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បួង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៤។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ទីបញ្ជាការ​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​លោក​ឧត្តមនាវី​ឯក Samuel Paparoបាន​ធ្វើ​សន្និសីទ​វីដេអូ​ជាមួយ​សមភាគី​ចិន​របស់​លោក​គឺ​លោក​ឧត្តមសេនីយ៍ Wu Yanan មេបញ្ជាការ​នៃ​ទីបញ្ជាការ​ភាគ​ខាង​ត្បូង​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន។

បុរស​ទាំង២នេះ​ជា​មេដឹកនាំ​យោធា​កំពូល​អាមេរិកាំង​និង​ចិន​សម្រាប់​តំបន់ដែល​បាន​ក្លាយ​ជា​ឆាក​នៃ​ចំណាត់ការ​គឃ្លើន​ជា​ច្រើន​លើក​ដោយ​ចិន​ប្រឆាំង​នឹង​សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក រួម​ទាំង​ប្រទេស​ហ្វីលីពីន​ផង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា ​ការ​សន្ទនា​តាម​វីដេអូ​នេះ ​ជា«ផ្លែផ្កា»​មកពី​ជំនួប​រវាង​លោក​ប្រធានាធិបតី Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០២៣ នៅ​ពេល​ដែល​មេដឹកនាំ​ទាំង២​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​បន្ត​ការ​ទាក់ទង​រវាង​យោធា​និង​យោធា​ក្នុង​កម្រិត​ខ្ពស់។

លោក​ឧត្តមនាវី​ឯក Paparoបានបញ្ជាក់​ប្រាប់​ឧត្តមសេនីយ Wuពី​សារៈសំខាន់​នៃ​ការទាក់ទង​ជា​ប្រចាំ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​គណនា​ខុស​ឬ​ការ​យល់​ខុស។ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​ថា​ លោក​ឧត្តមនាវី​ឯក Paparo «បាន​បញ្ជាក់​ឡើង​វិញ​ពី​កាតព្វកិច្ច​របស់​កងទ័ព​ប្រជាជន​ចិន PLAដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​អន្តរជាតិ​និង​ច្បាប់​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​កិច្ចប្រតិបត្តិការ​មាន​សុវត្ថិភាព។ ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ​លោក Paparoក៏​បាន​ជំរុញ​ឱ្យកងទ័ព​រំដោះ​ប្រជាជន​ចិន PLA «ពិចារណា​ឡើង​វិញ​នូវ​ការ​ប្រើ​កលល្បិច​ប្រកប​ដោយ​គ្រោះថ្នាក់ បង្ខិត​បង្ខំ​និងកាន់​តែតានតឹង​ខ្លាំង​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​ហួស​ពី​នោះ»។

ក្នុង​អំឡុង​ខែ​សីហា កលល្បិច​បែប​នេះ​ដោយ​ចិន ជាពិសេស​ប្រឆាំង​នឹង​នាវា​ហ្វីលីពីន​ត្រូវ​បាន​ប្រើ​ក្នុង​វិសាលភាព​ដ៏​ខ្លាំង​គួរ​ឱ្យ​ភ្ញាក់ផ្អើល។ នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Matthew Miller បាន​ថ្កោលទោស​«សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់​និង​កាន់​តែ​តានតឹង​ឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រឆាំង​នឹង​កិច្ចប្រតិបត្តិការ​នាវាចរណ៍​ស្រប​ច្បាប់​របស់​ហ្វីលីពីន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ទាមទារ​ដោយ​ខុស​ច្បាប់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឬ PRCនូវ​«បូរណភាព​ដែនដី‍»​លើ​តំបន់​មហា​សមុទ្រ​នានា​ជា​ទីកន្លែង​ដែល​មិន​មាន​ដែន​ដី​នោះ​ ហើយ​និង​សកម្មភាព​គឃ្លើន​កើន​ឡើង​របស់​ចិន​ដើម្បី​ប្រតិបត្តិ​កិច្ចប្រតិបត្តិការ​ទាំង​នោះ គំរាមកំហែង​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​ការហោះហើរ​លើ​ប្រទេស​ទាំង​អស់»។

នៅ​ឯ​សន្និសីទ​កាសែត​មួយ​នា​ពេល​ថ្មីៗ​នេះ លោក​ឧត្តមនាវី​ឯក Andrew Sugimotoមេបញ្ជាការ​រង​ឆ្មាំ​ការពារ​ដែន​សមុទ្រ​សហរដ្ឋ​អាមេរិក​នៃ​តំបន់​ប៉ាស៊ីហ្វិក​បាន​ព្រមាន​ថា​ ចិន​កំពុង​ធ្វើ​ឱ្យ​អន្តរាយ​ស្ថានភាព​របស់​ខ្លួន​ដោយសារអាកប្បកិរិយា​ដ៏​បំផ្លិច​បំផ្លាញ​របស់​ខ្លួន​ ដែល​រួម​មាន​ការ​បើកបុក​នាវា​ហ្វីលីពីន​និង​ធ្វើ​ឱ្យ​របួស​ដល់​ពួក​អ្នក​ដើរ​កប៉ាល់​ហ្វីលីពីន។

លោក​បាន​ថ្លែង​ថា៖«ចិន​ចង់​ឱ្យ​គេ​មើល​ឃើញ​ខ្លួន​ថា ​ជាសមាជិក​មួយ​របស់​ពិភពលោក​ដែល​មានច្បាប់​និង​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ចិន​ធ្វើ​ឱ្យ​មាន​បញ្ហា​ដូចជា​ការ​បុក​ឬ​ប្រើ​កាណុង​បាញ់​ទឹក​ដាក់​នាវា​ដែល​គ្មាន​អាវុធ វា​មិន​បាន​បង្ហាញ​ដូច្នេះ​ទេ។ នៅ​ពេល​ដែល​ចិន​គោរព​ច្បាប់ ហើយ​ចិន​ធ្វើ​ជា​គំរូ នៅ​ពេល​នោះ ​ប្រទេស​ផ្សេង​ទៀត​របស់​ពិភពលោក នឹង​កត់​សម្គាល់​ថា​ ចិន​ជា​មេដឹកនាំ​របស់​ពិភពលោក​ហើយ​មិនមែន​ជា​អ្នក​ធ្វើ​បាប​គេ​ទេ»។

នៅ​ក្នុង​ការ​សន្ទនា​របស់​លោក​ជាមួយ​ឧត្តមសេនីយ៍ Wu លោក​ឧត្តមនាវីឯក Paparo បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា ​ការពិភាក្សា​ជាមួយ​សមភាគី​ចិន​របស់​លោក​នឹង​បន្ត។ ក្នុង​ពេល​ដ៏​សំខាន់​នេះ សហរដ្ឋ​អាមេរិក បន្ត​ជំរុញ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឬPRC គឺ​ដូច​ដែល​អ្នក​នាំ​ពាក្យ​លោក Miller បាន​និយាយ​ថា៖ «ឱ្យ​ឈប់​ធ្វើ​សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់​និង​អស្ថិរភាព»៕

XS
SM
MD
LG