Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ថ្កោលទោស​អំពើ​បះបោរ​នៅ​ប្រទេស​ម៉ាលី


តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

លោក​ប្រធានាធិបតី Ibrahim Boubacar Keita នៃ​ប្រទេស​ម៉ាលី ត្រូវបាន​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ នៅក្នុង​ពេល​មាន​ការបះបោរ​ដោយ​យោធា។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​ថ្កោលទោស​យ៉ាងខ្លាំង...ចំពោះ​ការបះបោរ​នៅក្នុង​ប្រទេស​ម៉ាលី ដូច​ដែល​សហរដ្ឋ​អាមេរិក​នឹង​ថ្កោលទោស​ចំពោះ​ការ​ដណ្ដើម​អំណាច​ណាមួយ​ ដោយ​បង្ខំ​ដូច្នោះ​ដែរ»។

ខណៈពេល​ដែល​មាន​សេចក្តីរាយការណ៍​ថា លោក​ប្រធានាធិបតី Keita ត្រូវបាន​ដោះលែង​ឲ្យ​វិល ត្រឡប់​ទៅកាន់​គេហដ្ឋាន​របស់​លោក​វិញ​នោះ មាន​ការព្រួយបារម្ភ​ថា អស្ថិរភាព​នៅក្នុង​ប្រទេស​ម៉ាលី​អាច​ជួយ​ដល់​ពួក​ជ្រុលនិយម ​ដែល​ចង់​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ឥស្លាម​របស់​ពួកគេ​ក្នុង​ប្រទេស​ម៉ាលី និង​នៅ​ប្រទេស​ជិតខាង និង​អាច​បណ្ដាល​ឲ្យ​ជនស៊ីវិល​រាប់លាន​នាក់​ផ្លាស់​ទីលំនៅ។

ជាក់ស្តែង បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រទេស​ម៉ាលី​ កាល​ពី​ឆ្នាំ ២០១២ ពួក​ឧទ្ទាម​ឥស្លាម ដែល​អ្នក​ខ្លះ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវជន​អាល់កៃដា បាន​ដណ្តើម​កាន់កាប់​តំបន់​ធំៗ​ នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី រួមទាំង​ទីក្រុង​បុរាណ Timbuktu ផងដែរ។

នៅ​ក្នុង​តំបន់​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ជ្រុលនិយម​ឥស្លាម ពលរដ្ឋ​ម៉ាលី​ត្រូវបាន​បង្ខំ​ឲ្យ​គោរព​តាមច្បាប់​សាសនា​ដ៏​តឹងរឹង ដែល​ក្នុង​នោះ​មាន​ដូចជា ការ​រៀបការ​ដោយ​បង្ខំ​សម្រាប់​ស្ត្រី​ជាដើម ហើយ​អំពើ​ទាំងនោះ​ត្រូវ​បាន​បញ្ឈប់​ នៅ​ពេល​ដែល​កងកម្លាំង​បារាំង​បាន​ជួយ​កងទ័ព​ម៉ាលី បណ្តេញ​ក្រុម​ជីហាដ​ចេញ។ ក៏ប៉ុន្តែ ក្រុមប្រដាប់​អាវុធ​នៅតែ​បន្ត​គំរាម​កំហែង​ដល់​ជនស៊ីវិល​នៅតាម​តំបន់​ជនបទ ហើយ​អំពើ​ហិង្សា​បាន​រាលដាល​ដល់​ប្រទេស​បួគីណាហ្វាសូ និង​ប្រទេស​នីហ្សេ​ដែល​នៅ​ជិតខាង។

បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​នានា ពលរដ្ឋ​អាហ្វ្រិក​ខាងលិច​ជាង ១ ម៉ឺន​នាក់​ បាន​ស្លាប់ និង​ជាង ១ លាន​នាក់ បាន​ភៀសខ្លួន​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ ចាប់តាំង​ពី​ឆ្នាំ ២០១២ មក។

ប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់ Sahel លោក Peter Pham បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​សារ​មួយ​នៅ​លើ Twitter ថា នៅ​ពេល​នេះ សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ណាមួយ​ដល់​យោធា​ប្រទេស​ម៉ាលី​នោះ​ទេ។ លោក Pham ក៏​បាន​បញ្ជាក់​នៅ​លើ Twitter ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ណាមួយ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ មិន​ថា​ដោយ​អ្នក​តវ៉ា​នៅ​តាម​ដងផ្លូវ ឬ ដោយ​កងកម្លាំង​ការពារ​និង​កង​សន្តិសុខ​នោះ​ទេ»។

សហរដ្ឋ​អាមេរិក​ចូលរួម​ជាមួយ​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច និង​សហភាព​អាហ្វ្រិក ក៏​ដូចជា​ដៃគូ​អន្តរជាតិ​ដទៃទៀត ​ក្នុង​ការ​មិន​ទទួលស្គាល់​អំពើ​បះបោរ​នៅ​ក្នុង​ប្រទេស​ម៉ាលី។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​សង្កត់​ធ្ងន់​ថា៖ «សេរីភាព​និង​សុវត្ថិភាព​របស់​មន្រ្តី​រដ្ឋាភិបាល​ដែល​ត្រូវបាន​ឃុំខ្លួន និង​ក្រុមគ្រួសារ​របស់​ពួកគេ​ត្រូវតែ​ធានា​ឲ្យ​បាន»។

សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​ភាគី​នយោបាយ និង​យោធា​ទាំងអស់​ ធ្វើ​ការខិតខំ​ឆ្ពោះ​ទៅ​រក​ការស្តារ​រដ្ឋាភិបាល​ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឡើង​វិញ។ លោក Pompeo ថ្លែង​ដូច្នេះ​ថា៖ «យើង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ប្រទេស​ម៉ាលី​ចូលរួម​នៅក្នុង​ការសន្ទនា​ដោយ​សន្តិវិធី គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​ការជួបជុំ​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​ម៉ាលី និង​ច្រានចោល​អំពើ​ហិង្សា»៕

XS
SM
MD
LG