តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ដោយឆ្អែតឆ្អន់ជាមួយនឹងការគាបសង្កត់ជិះជាន់និងការខ្វះខាតផ្នែកសេដ្ឋកិច្ច ប្រជាពលរដ្ឋរាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវនៅក្នុងប្រទេសគុយបាកាលពីខែកក្កដា។ ពួកគេបានស្រែកបន្ទោរពាក្យស្លោកមួយចំនួនដូចជា «សេរីភាព» «ឯកភាព» និង «មាតុភូមិនិងជីវិត» ជាដើម និងបានអំពាវនាវឲ្យប្រធានាធិបតីគុយបាលោក Miguel Diaz-Canel ចុះចេញពីតំណែង។
ការតវ៉ាដោយសន្តិវិធីទាំងនេះ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១១ ខែកក្កដា បានរីករាលដាលនៅទូទាំងប្រទេសគុយបាចាប់ពីរដ្ឋធានីឡាហាវ៉ានរហូតដល់ទីក្រុង Santiago និងជាបាតុកម្មដ៏ធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហាញសាមគ្គីភាពជាមួយនឹងប្រជាពលរដ្ឋគុយបា «ដោយទាមទារសេរីភាពរបស់ពួកគេពីរបបផ្ដាច់ការ» និងបានអំពាវនាវឲ្យរដ្ឋាភិបាលគុយបា «ឈប់ប្រើអំពើហិង្សា ឬក៏ការប៉ុនប៉ងណាមួយនៅក្នុងការបំបិទសំឡេងរបស់ប្រជាពលរដ្ឋគុយបា»។
ការអំពាវនាវនេះត្រូវបានគេធ្វើព្រងើយកន្ដើយ ដោយសារតែអ្នកតវ៉ានៅតែរងនូវអំពើហិង្សា ដូចជាការវាយដំនិងការប្រើឧស្ម័នបង្ហូរទឹកភ្នែកជាដើម។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា អ្នកតវ៉ាជាង ៥.០០០ នាក់ ត្រូវបានចាប់ឃុំខ្លួន ឬក៏ស្ថិតក្រោមការស៊ើបអង្កេត ដោយក្នុងចំណោមនោះមានសកម្មជននិងអ្នកកាសែតផងដែរ។ ជាងនេះទៀត ប្រព័ន្ធអ៊ីនធឺណិតត្រូវបានកាត់ផ្ដាច់ម្ដងម្កាល។
ជាជាងស្ដាប់តាមការទាមទាររបស់ប្រជាពលរដ្ឋគុយបាដែលចង់បាននូវសិទ្ធិជាសាកលរបស់ខ្លួន ប្រធានាធិបតីគុយបាលោក Diaz-Canel បានបន្ទោសសហរដ្ឋអាមេរិកថាជាអ្នកធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសគុយបាលិចលង់និងជាអ្នកបង្កឲ្យមានភាពចលាចលសង្គមនៅក្នុងប្រទេសគុយបា។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានច្រានចោលយ៉ាងដាច់អហង្ការនូវការប៉ុនប៉ងរបស់លោក Diaz-Canel នៅក្នុងការគេចពីការទទួលខុសត្រូវ។
លោក Blinken បានថ្លែងដូច្នេះថា៖ «វាជាកំហុសធ្ងន់ធ្ងរមួយដែលរដ្ឋាភិបាលគុយបាបកស្រាយអ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុងរាប់សិបនៅទូទាំងប្រទេសគុយបាថាជាលទ្ធផលនៃអ្វីដែលសហរដ្ឋអាមេរិកបានធ្វើ»។
លោក Blinken បានបន្តថា៖ «វាជាកំហុសធ្ងន់ធ្ងរមួយ ដោយសារតែការបកស្រាយរបស់រដ្ឋាភិបាលគុយបានេះបានបង្ហាញថា ពួកគេមិនខ្វល់ពីសំឡេងនិងឆន្ទៈរបស់ប្រជាពលរដ្ឋគុយបានោះទេ។ ប្រជាពលរដ្ឋ [គុយបា] ឆ្អែតឆ្អន់ហួសថ្លែងចំពោះការជិះជាន់គាបសង្កត់ដែលអូសបន្លាយអស់រយៈពេលជាយូរ ឆ្អែតឆ្អន់នឹងការគ្រប់គ្រងសេដ្ឋកិច្ចគុយបាមិនបានល្អ ឆ្អែតឆ្អន់នឹងកង្វះម្ហូបអាហារ និងកង្វះវិធានការឆ្លើយតបចំពោះការរាតត្បាតជំងឺកូវីដ១៩»។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា៖ «រដ្ឋបាលរបស់លោក Biden និងអ្នកស្រី Harris គាំទ្រប្រជាពលរដ្ឋគុយបានិងប្រជាពលរដ្ឋនៅទូទាំងពិភពលោក ដែលទាមទារសិទ្ធិរបស់ពួកគេ និងដែលរំពឹងឲ្យរដ្ឋាភិបាលរបស់ពួកគេស្ដាប់តាមការចង់បាននិងបម្រើពួកគេ ជាជាងបំបិទសំឡេងពួកគេ»។
លោក Blinken បានបញ្ជាក់ដូច្នេះថា៖ «អ្នកតវ៉ាដោយសន្តិវិធីមិនមែនជាឧក្រិដ្ឋជននោះទេ។ សហរដ្ឋអាមេរិកចូលរួមជាមួយនឹងដៃគូនានានៅទូទាំងអឌ្ឍគោលនេះនិងនៅទូទាំងពិភពលោកដើម្បីជំរុញឲ្យរបបដឹកនាំគុយបាគោរពសិទ្ធិរបស់ប្រជាពលរដ្ឋគុយបានៅក្នុងការកំណត់អនាគតរបស់ខ្លួន ដែលនេះជាអ្វីដែលពួកគេមិនទទួលបានអស់រយៈពេលជាយូរមកហើយ»៕