តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្ងៃទី១ ខែតុលា ដែលជាខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាថ្ងៃតវ៉ានៅក្នុងទីក្រុងហុងកុងប្រឆាំងនឹងការខំប្រឹងប្រែងរបស់ចិននៅក្នុងការធ្វើឲ្យទីក្រុងហុងកុង បាត់បង់ស្វ័យភាពនិងសេរីភាពជាមូលដ្ឋាន។
នៅឆ្នាំនេះ រដ្ឋាភិបាលហុងកុង បានហាមឃាត់ការដើរក្បួនដែលបានស្នើសុំដោយអង្គការសិទ្ធិមនុស្ស Civil Human Rights Front ដែលជាអង្គការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបានដាក់ពង្រាយប៉ូលិសប្រហែល ៦.០០០ នាក់ ដើម្បីយាមល្បាតនៅតាមដងផ្លូវ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សរាប់រយនាក់ បានបង្ហាញខ្លួនដើម្បីតវ៉ា ហើយប៉ូលិសបានចាប់ខ្លួនមនុស្សយ៉ាងតិច ៨៦ នាក់។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Morgan Ortagus បានសម្តែងនូវ «ការខឹងសម្បារចំពោះការចាប់ខ្លួនតាមទំនើងចិត្តរបស់រដ្ឋាភិបាលក្រុងហុងកុង» នូវបាតុករដែលតវ៉ាដោយសន្តិវិធីទាំងនេះ។
ពលរដ្ឋក្រុងហុងកុងផ្សេងទៀត បានសម្តែងការប្រឆាំងដោយបើកចំហ តាមរយៈការអានកាសែត Apple Daily ដែលជាកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយពេលខ្លះអាននៅពីមុខប៉ូលិសតែម្ដង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានា។ លោក Jimmy Lai ដែលជាស្ថាបនិកកាសែតនេះ ត្រូវបានចាប់ខ្លួនកាលពីខែសីហា នៅក្រោមច្បាប់សន្តិសុខជាតិថ្មីដ៏តឹងតែង។
ច្បាប់សន្តិសុខជាតិថ្មី ត្រូវបានអនុម័តកាលពីខែមិថុនា និងមានបំណងដាក់ទោសលើអ្វីដែលរដ្ឋាភិបាលចិនចាត់ទុកថា ជាអំពើវិទ្ធង្សនា ការបំបែករដ្ឋ អំពើភេរវកម្ម ឬការឃុបឃិតជាមួយកងកម្លាំងបរទេស ដោយអ្នកប្រព្រឹត្តិខុសអាចជាប់ពន្ធនាគាររហូតអស់មួយជីវិត។
ក្រុមបាតុករ ក៏បានអំពាវនាវឲ្យមានការដោះលែងផងដែរនូវពលរដ្ឋហុងកុងចំនួន ១២ នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននៅលើសមុទ្រកាលពីខែសីហា នៅពេលដែលពួកគេបានព្យាយាមគេចខ្លួនទៅកាន់កោះតៃវ៉ាន់ ដែលជាដែនដីប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ពួកគេខ្លះ បានប្រឈមនឹងការចោទប្រកាន់ធ្ងន់ធ្ងរចំពោះសកម្មភាពរបស់ខ្លួននៅក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ។
អាជ្ញាធរចិន បានបដិសេធមិនព្រមដោះលែងពលរដ្ឋហុងកុងទាំង ១២ នាក់នោះ ហើយបានរង់ចាំអស់រយៈពេលជាងមួយខែ មុនធ្វើការចោទប្រកាន់ពួកគេ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យមានការទាក់ទងជាសាធារណៈ ឬជួបមេធាវីទៅតាមជម្រើសរបស់ខ្លួនទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានា។
អ្នកស្រី Ortagus បាននិយាយថា៖ «យើងសម្តែងនូវសេចក្ដីសោកស្តាយដែលអាជ្ញាធរមូលដ្ឋាននៅបន្តប្រើទីភ្នាក់ងារអនុវត្តច្បាប់ដើម្បីហេតុផលនយោបាយ ដែលផ្ទុយទៅនឹងការការពារនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ដែលរួមមានទាំងសិទ្ធិក្នុងការជួបជុំ និងសេរីភាពនៃការបញ្ចេញមតិផងដែរ។ ការចាប់ខ្លួនអ្នកទាំងនេះ ជាថ្មីម្ដងទៀត បានគូសបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលក្រុងប៉េកាំងបានរំលាយចោលនូវគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ដែលសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងគោរពតាម»។
ទីក្រុងហុងកុងដែលមានស្ថិរភាពនិងវិបុលភាព គឺអាស្រ័យលើការគោរពសិទ្ធិនៃការជួបជុំ សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពសំខាន់ៗផ្សេងទៀត។ ដោយធ្វើការបង្ក្រាបលើការបញ្ចេញមតិសាធារណៈដោយសន្តិវិធី ជាថ្មីម្ដងទៀត រដ្ឋាភិបាលក្រុងហុងកុង បានបង្ហាញឲ្យឃើញថា ខ្លួនបានចូលដៃជាមួយគណបក្សកុម្មុយនីស្តចិន ដើម្បីដកហូតស្វ័យភាព និងសេរីភាពរបស់ប្រជាពលរដ្ឋហុងកុង៕