Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ខំ​ប្រឹងប្រែង​បញ្ឈប់​ការជួញដូរ​មនុស្ស​រួមទាំង​នៅ​ក្នុង​ប្រទេស​ចិន​ផង


រូបឯកសារ៖ សំណេរ​ ​សរសេរ​ថា បញ្ឈប់​​ការជួញដូរ​​មនុស្ស។
រូបឯកសារ៖ សំណេរ​ ​សរសេរ​ថា បញ្ឈប់​​ការជួញដូរ​​មនុស្ស។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា លោក​ប្តេជ្ញានឹង​នាំ«យក​ជនទាំង​ឡាយ​ណា ដែលចូល​រួម​ក្នុង​អំពើ​ឃោរឃៅ​នៃ​ការជួញ​ដូរ​មនុស្សទៅ​ឱ្យ​តុលាការ​កាត់​ទោស​ ហើយ​នឹងស្វែង​រក​សេរីភាព​សម្រាប់​ក្រុម​ជន​រង​គ្រោះ​ទាំង​អស់​នៃឧក្រិដ្ឋកម្មដ៏អាក្រក់នេះ»។

កាលពី​ពេល​ថ្មី​ៗ​នេះ​ លោក​ប្រធានាធិបតី Trump ​បានចេញផ្សាយ​ផែនការ​សកម្មភាពជាតិមួយ​របស់​រដ្ឋបាល​លោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ជួញ​ដូរមនុស្ស។ នេះ ជា​ផែនការមួយ​មាន​គោលដៅបញ្ចប់​ការ​កេង​អត្ថប្រយោជន៍​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ ឬ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ផែនការ​នេះ ​បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ផ្តោតទៅលើសរសរ​ស្តម្ភ​បី ​គឺ​ការ​បញ្ចៀស ការការពារ​ និងការចោទ​ប្រកាន់​ក្នុង​តុលាការ។ តាម​រយៈរបៀប​ដោះស្រាយ​មួយ​របស់​រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក នឹង​ប្រើ​ឧបករណ៍​ដែល​ខ្លួន​មាន​ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងការ​ជួញ​ដូរ​មនុស្ស។

ទី​ភ្នាក់​ងារអន្តោប្រវេសន៍ និងគយរបស់​សហរដ្ឋ​អាមេរិក​ជាមួយនឹងទីភ្នាក់ងារ​ឯ​ទៀតៗ ​បាន​ចាប់ខ្លួនពួក​ជួញ​ដូរមនុស្ស​ជាង​៥ពាន់​នាក់​ កាល​ពី​បី​ឆ្នាំ​កន្លង​ទៅ​នេះ។ នៅក្នុង​សេចក្តី​ផ្តើមនៃ​ផែនការសកម្មភាព​ជាតិ​នេះ លោក​ប្រធានាធិបតី Trump បាននិយាយ​ថា «យើង​បានរំលាយ​អង្គការឧក្រិដ្ឋ​កម្ម​នៅ​ពេល​យើងបង្អាក់ហេដ្ឋារចនា​សម្ព័ន្ធហិរញ្ញវត្ថុនៃ​បណ្តាញ​ទាំង​នេះ។ ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​សហរដ្ឋ​អាមេរិក ធ្វើ​កិច្ច​សហប្រតិបត្តិកា​រ​ជា​មួយមន្ត្រី​ពង្រឹង​ច្បាប់​ប្រទេស​ម៉ិកស៊ិក ដើម្បី​បំផ្លាញបណ្តញា​ជួញ​ដូរ​មនុស្ស​ ដែល​ធ្វើ​ប្រតិបត្តិការឆ្លង​កាត់​ព្រំដែន​ភាគ​ខាង​ត្បូង»។

សហរដ្ឋ​អាមេរិក ក៏​អំពាវ​នាវ​ដល់​ប្រទេស​ជាតិ​ទាំងអស់ វិស័យ​ធុរកិច្ច​ និង​ពួក​អ្នក​ប្រើ ប្រាស់​គ្រឿង​ឧបភោគ​បរិភោគ ឱ្យធ្វើការ​ជា​មួយចង្វាក់ផ្គត់ផ្គង់ដែល​គ្មានពលកម្ម​ដោយ​បង្ខំ។ រដ្ឋមន្ត្រី​កាបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បានមានប្រសាសន៍​ថា ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក «នឹងបន្ត​ថ្កោលទោសយ៉ាង​ខ្លាំងដល់ការអនុវត្តពលកម្ម​ដោយ​ការបង្ខំ​ ដ៏​គួឲ្យ​រន្ធត់​ដោយ​គណបក្ស​កម្មុយនិស្ត​ចិន ដែល​ជា​ផ្នែក​មួយនៃយុទ្ធនាការសង្កត់​សង្កិនប្រឆាំង​នឹង​ក្រុម​ជនជាតិភាគតិច​វីហ្គើ​ និង​ពួក​សមាជិក​នៃ​ក្រុម​ជន​ភាគតិច​ផ្សេង​ទៀត និងសាសនា​នានានៅ​ក្នុង​តំបន់​ស៊ីន​ជាង​ និង​នៅ​ទូទាំង​ប្រទេស​ចិន»។

សហរដ្ឋ​អាមេរិក ​បានដាក់ឱ្យ​មាន​ការរឹតត្បិតខាង​ទិដ្ឋាការ​លើ​ពួក​មន្ត្រី​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន និងគណបក្ស​កម្មុយនិស្ត​ចិន ដែល​បាន​ត្រូវ​ជឿថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់ការរំលោភ​លើសិទ្ធិមនុស្ស​ដ៏សែន​អាក្រក់ កសាង​ក្រុម​ចម្រុះអន្តរជាតិនៅអង្គការ​សហប្រជាជាតិ​ និងចេញផ្សាយ​ការ​ណែនាំ​អំពី​សង្វាក់ផ្គត់ផ្គង់​សម្រាប់ធុរកិច្ច​ក្នុង​តំបន់​ស៊ីនជាង។

លោក​រដ្ឋមន្ត្រី​ Pompeo បានមានប្រសាសន៍ទៀត​ថា «ដរាប​ណាគណបក្ស​កម្មុយនិស្ត​ចិន នៅ​តែ​រំលោភបែប​នេះ​តទៅ​ទៀត​ យើង​នឹងបន្ត​ធ្វើការ​ជា​មួយ​វិស័យ​ឧស្សាហកម្ម​ ពួកអ្នក​គាំទ្រ​ក្រុម​ពលករ និង​រដ្ឋាភិបាល​ឯ​ទៀតៗ ឱ្យ​យក​ចិត្ត​ទុកដាក់​លើបញ្ហា​នេះ និង​ដាក់​សម្ពាធ​លើរដ្ឋាភិបាល​ចិន ឱ្យបញ្ឈប់​គោលនយោបាយពលកម្មដោយបង្ខំ​នេះ»។

សហរដ្ឋ​អាមេរិក​ តាំង​ចិត្តដាច់​ខាត​នៅ​ក្នុង​ការប្តេជ្ញារបស់​ខ្លួនដើម្បី​បញ្ចប់​ទម្រង់​ទាំង​អស់​នៃ​ការជួញ​ដូរ​មនុស្ស នៅ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស។ លោក​រដ្ឋមន្ត្រី​ Pompeo បានមានប្រសាសន៍​ថា «ឧក្រិដ្ឋ​កម្មដ៏​សែន​អាក្រក់​នេះ មិន​អាច​បន្ត​គំរាម​កំហែង​សុវត្ថិភាព​សហគមន៍​ និងបុគ្គល​ទេ។ យើង​នឹងជំរុញ​ទៅមុខ ឆ្ពោះ​ទៅ​កាន់​ការ​យក​ជ័យជម្នះលើ​ឧក្រិដ្ឋកម្ម​នេះ»៕

XS
SM
MD
LG