Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក គាំទ្រ​យុត្តិធម៌​ព្រហ្មទណ្ឌ​ពិភពលោក


រូបឯកសារ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា ICC នៅ​ក្នុង​ទីក្រុង​ឡាអេ នៃប្រទេសហូឡង់។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ ប្តេជ្ញា​តាម​ស្វែងរក​យុត្តិធម៌​អន្តរជាតិ​យ៉ាង​ស្វិតស្វាញ។ លក្ខណៈ​ពិសេស​មួយ​ដែល​ខុស​ពី​ក្រសួង​ការបរទេស​នៃ​ប្រទេស​នានា គឺ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ មាន​ការិយាល័យ​មួយ​ដែល​ផ្តោត​ជា​ពិសេស​លើ​ការ​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ ដូច​លោក Morse Tan ឯក​អគ្គរដ្ឋទូត​គោរចរ​ប្រចាំ​ក្រសួង និង​ជា​នាយក​ដឹកនាំ​ការិយាល័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​ពិភពលោក បាន​បញ្ជាក់​ក្នុង​បទ​សម្ភាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ដូច្នេះ​ដែរ។

លោក Tan បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​និយាយ​ពី​អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​អ្វី​ក៏ដោយ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ទប់ស្កាត់ កាត់​បន្ថយ ឬ​ដោះស្រាយ​អំពើ​អយុត្តិធម៌​ទាំង​នេះ អំពើ​អយុត្តិធម៌​ទ្រង់​ទ្រាយ​ធំ​ទាំង​នេះ អំពើ​អយុត្តិធម៌​ដ៏គួរ​ឲ្យ​ខ្លាច​ទាំង​នេះ។ នេះ​គឺ​ជា​អ្វី​ដែល​យើង​យក​ចិត្ត​ទុកដាក់»។

លោក​ឯក​អគ្គរដ្ឋ​ទូត Tan បាន​បញ្ជាក់​ថា ការិយាល័យ​របស់​លោក​ផ្តល់​យោបល់​ដល់​រដ្ឋមន្ត្រី​ការបរទេស ​និង​ជួយ​ដល់​ការ​ប្រើប្រាស់​ធនធាន​ដ៏​ច្រើន​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទាំងមូល​លើ​បញ្ហា​ដែល​ពាក់​ព័ន្ធនឹង​យុត្តិធម៌​ព្រហ្មទណ្ឌ​ពិភពលោក។

លោក Tan ថ្លែង​ដូច្នេះ​ថា៖ «ទោះបីជា​ផ្នែក​សេដ្ឋកិច្ច ការទូត ច្បាប់ ឬ​ក៏​យោធា​ក៏ដោយ គឺ​មាន​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ មាន​នៅ​ក្នុង​ដៃ។ អ្នក​ក៏​អាច​និយាយ​បាន​ផង​ដែរ​ថា ​យើង​គឺ​ជា​បណ្តុំ​គោល​នយោបាយ»។

លោក​ឯកអគ្គរដ្ឋទូត Tan បាន​ថ្លែង​ថា ការិយាល័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​ពិភពលោក​មាន​បេសកកម្ម​ជា​មូលដ្ឋាន​ដូច​គ្នា​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ គឺ​នាំ​យក​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​មក​កាត់ទោស។

ប៉ុន្តែ ដោយសារ​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​បញ្ហា​អធិបតេយ្យ​ភាព​ជាដើម សហរដ្ឋ​អាមេរិក​មិន​ដែល​ចូល​ជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដែល​បាន​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ​ទេ។ ហើយ​ជា​អកុសល តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ងាក​ចេញ​ពី​គោល​បំណង​របស់​ខ្លួន​ក្នុង​នាម​ជា​តុលាការ​សម្រាប់​ជា​ជម្រើស​ចុងក្រោយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​ និង​កាត់ទោស​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដ៏​អាក្រក់​បំផុត​នានា។ ជំនួស​មក​វិញ តុលាការ​នេះ​ បាន​ក្លាយជា «ឧបករណ៍​នយោបាយ​និង​ពុករលួយ» ។ នេះ​ បើ​តាម​ការ​ប្រកាស​របស់​លោក​ឯក​អគ្គរដ្ឋ​ទូត Tan។

លោក Tan បាន​បន្ថែម​ថា គឺ​សហរដ្ឋ​អាមេរិក​ទេ ​ដែល​នៅ​បន្ត​ដឹកនាំ​ពិភពលោក​នៅ​ក្នុង​ការ​តាម​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ គឺ​មិនមែន​ជា​តួអង្គ​តែ​មួយ​ទេ​ក្នុង​លោក​នេះ ​ដែល​បំពេញ​ការងារ​ជា​តុលាការ​អន្តរជាតិ ឬក៏​ជា​តុលាការ​ចម្រុះ​ឬ​កូនកាត់ ដែល​ចូលរួម​ដោយ​ភាគី​ក្នុង​ប្រទេស​និង​អន្តរជាតិ ឬ​ក៏​តុលាការ​ក្នុង​ប្រទេស​នោះ។ ហើយ​ចំណុច​នេះ ​គឺ​ពិត​សម្រាប់​តុលាការ​ពិសេស​សម្រាប់​ប្រទេស​លីបង់ អង្គជំនុំ​ជម្រះ​ពិសេស​សម្រាប់​កូសូវ៉ូ យន្តការ​ដោះស្រាយ​ទំនាស់​ឯករាជ្យ​និង​មិន​លម្អៀង​អន្តរជាតិ (IIIM) ដែល​កំពុង​ព្យាយាម​ប្រមូល​ព័ត៌មាន​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី ឬ​យន្តការ​ស៊ើប​អង្កេត​ឯករាជ្យ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា (IIMM) ដែល​បាន​ព្យាយាម​ប្រមូល​ភស្តុតាង​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ យើង​គាំទ្រ​ការងារ​ទាំង​នេះ ហើយ​យើង​ក៏​ជួយ​លើ​ផ្នែក​ប្រមូល​ភស្តុតាង​ផងដែរ»។

លោកឯកអគ្គរដ្ឋទូត Tan បាន​បញ្ជាក់ថា សហរដ្ឋ​អាមេរិក «ប្តេជ្ញា​និង​តាំងចិត្ត​យ៉ាង​មោះមុត» នៅ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​លើ​ពិភពលោក។

លោក​បន្ថែម​ថា៖ «នៅ​ពេល​យើង​គិត​ដល់​អ្នក​ដែល​រងគ្រោះ​ដោយសារ​អំពើ​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​ទាំង​នេះ គឺ​ជំរុញ​ឲ្យ​យើង​មាន​ទឹកចិត្ត​កាន់តែ​ខ្លាំង។ ហើយ​ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​នឹង​ពង្រីក​និង​បង្កើន​ធនធាន​របស់​យើង​ដើម្បី​បំពេញ​បេសកកម្ម​នេះ»៕

XS
SM
MD
LG