តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក នៅតែជាសមាជិករបស់អង្គការសុខភាពពិភពលោក (WHO)។ ក្នុងពេលភ្លាមៗ បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើលិខិតមួយច្បាប់លុបចោលសេចក្ដីសម្រេចរបស់លោកអតីតប្រធានាធិបតី Donald Trump នៅក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO។
អ្នកស្រីអនុប្រធានាធិបតី Kamala Harris បានពិភាក្សាតាមទូរស័ព្ទជាមួយនឹងអគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus អំពីការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការចូលរួមឡើងវិញជាមួយនឹងអង្គការ WHO បំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុរបស់ខ្លួន និងធ្វើការក្នុងនាមជាដៃគូវិជ្ជមានដើម្បីពង្រឹងនិងកែទម្រង់អង្គការ WHO។
អ្នកស្រីអនុប្រធានាធិបតី Harris បានសង្កត់ធ្ងន់ថា អ្នកស្រីនិងលោកប្រធានាធិបតី Biden ជឿថា អង្គការ WHO មានសារៈសំខាន់ចាំបាច់នៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងកសាងសុខភាពសាកលោក និងការប្រុងប្រៀបរៀបចំទល់ទល់នឹងជំងឺរាតត្បាតបានប្រសើរជាងមុន។
លោកវេជ្ជបណ្ឌិត Anthony Fauci ត្រូវបានតែងតាំងជាប្រធានថ្មីនៃគណៈប្រតិភូសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី ១៤៨ នៃអង្គការ WHO។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិអង្គការ WHO លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា៖ «ខ្ញុំចូលរួមជាមួយអ្នកតំណាងផ្សេងទៀតនៅក្នុងការថ្លែងអំណរគុណដល់អង្គការ WHO សម្រាប់តួនាទីរបស់អង្គការនេះ នៅក្នុងការដឹកនាំការឆ្លើយតបជាសាកលផ្នែកសុខភាពសាធារណៈចំពោះជំងឺរាតត្បាតនេះ»។
លោក Fauci បានបន្ថែមថា៖ «រដ្ឋបាលរបស់លោកប្រធានាធិបតី Biden ក៏មានបំណងផងដែរនៅក្នុងការចូលរួមពេញលេញក្នុងការធ្វើឲ្យសុខភាពសាកលលោកមានភាពប្រសើរឡើង ការគាំទ្រសន្តិសុខសុខភាពសាកលលោក និងរបៀបវារៈសន្តិសុខសុខភាពសាកលលោក និងការកសាងអនាគតឲ្យមានភាពប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា»។
លោកវេជ្ជបណ្ឌិត Fauci បានប្រកាសអំពីគម្រោងរបស់រដ្ឋបាលលោក Biden នៅក្នុងការចូលរួមក្នុងកម្មវិធីចែកចាយវ៉ាក់សាំងកូវីដ១៩ របស់អង្គការ WHO ដែលហៅថា COVAX និងគាំទ្រកិច្ចសហប្រតិបត្តិការសាកលលោកនៅក្នុងការពន្លឿនការផលិតនិងចែកចាយវ៉ាក់សាំងកូវីដ១៩ ឲ្យបានស្មើភាពរបស់ក្រុមប្រទេស G20 ដែលហៅថា ACT-Accelerator ដើម្បីបង្កើនកិច្ចប្រឹងប្រែងពហុភាគីសម្រាប់វ៉ាក់សាំងកូវីដ១៩ ការចែកចាយនិងការអភិវឌ្ឍវិធីព្យាបាលនិងវិធីធ្វើរោគវិនិច្ឆ័យនៅជុំវិញពិភពលោក។
កម្មវិធី COVAX មានគោលបំណងពន្លឿនការអភិវឌ្ឍនិងការផលិតវ៉ាក់សាំងកូវីដ១៩ និងធានាឲ្យប្រទេសនានានៅលើពិភពលោកមានលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ១៩ ដោយស្មើភាពគ្នា។
អគ្គនាយកអង្គការ WHO លោក Ghebreyesus បាននិយាយថា៖ «នេះ គឺជាថ្ងៃដ៏ល្អសម្រាប់អង្គការ WHO និងជាថ្ងៃដ៏ល្អសម្រាប់សុខភាពសាកលលោក»។
លោក Ghebreyesus បានបន្ថែមនៅលើ Twitter ថា៖ «អង្គការ WHO គឺជាគ្រួសារនៃប្រទេសជាតិនានា ហើយយើងទាំងអស់គ្នាមានសេចក្ដីរីករាយដែលសហរដ្ឋអាមេរិក នៅតែជាសមាជិករបស់គ្រួសារនេះ»៕