Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បណ្តាញ​​​​ដែល​គេច​ពី​​ទណ្ឌកម្ម​ធ្វើ​ការ​ឱ្យ​ពួក Hizballah


(រូប​ឯកសារ) គ្រាប់​ពេជ្រ​ត្រូវ​គេ​ពិនិត្យ​មើល​លើ​តុ​មួយ។
(រូប​ឯកសារ) គ្រាប់​ពេជ្រ​ត្រូវ​គេ​ពិនិត្យ​មើល​លើ​តុ​មួយ។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្មលើ​បណ្តាញ​គេច​ពី​ទណ្ឌកម្ម​មួយ​ដែល​ធ្វើការ​ឱ្យអ្នក​ផ្តល់​ប្រាក់​កាសម្នាក់​ឱ្យក្រុម Hizballah ឈ្មោះ Nazem Said Ahmad តាម​រយៈអំណាច​ដាក់ទណ្ឌកម្មប្រឆាំង​នឹង​ភេរវកម្មរបស់​ខ្លួន។ កាល​ពីចុង​ឆ្នាំ២០១៩ ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មលើ​ឈ្មោះ Ahmad ដោយសារ​បាន​ផ្តល់​ការ​គាំទ្រ​ខាង​សម្ភារៈ​ឱ្យ​ពួក​ Hizballah ដែល​ជា​អង្គការ​មួយ​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវជន។

កាល​ពី​ថ្ងៃទី១៨ ខែ​មេសា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកនិង​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកបាន​ដាក់​ទណ្ឌកម្មលើ​បុគ្គលនិង​អង្គភាព​ចំនួន​៥២​ដែល​បាន​សម្រួលការ​បង់​ប្រាក់ ​និង​ការ​ដឹកជញ្ជូន​ ​ប្រាក់កាស ​ពេជ្រ ត្បូងមានតម្លៃ សិល្បៈ​វត្ថុ​និង​ទំនិញ​ប្រណិតៗ​ឱ្យ​ឈ្មោះ Nazem Said Ahmad អ្នកប្រមូលវត្ថុ​សិល្បៈនិង​អ្នកជួញ​ដូរពេជ្រ។

លោក​ Nazem Said Ahmad ដឹកនាំបណ្តាញ​សាកលមួយ​ដែល​មានពួក​សមាជិក​គ្រួសារ ក្រុម​សហការី​និង​ក្រុមហ៊ុន​ដែល​ទាញ​យក​ប្រយោជន៍​ពីភាព​កម្សោយ​ក្នុង​និយ័តកម្ម​ពេជ្រ ត្បូង​មានតម្លៃនិង​ផ្សារវត្ថុ​សិល្បៈ​ដើម្បី​ឱ្យ​ទទួល​បានទំនិញ​ប្រណិតៗ។ បណ្តាញ​នេះ​ប្រើវិធី​ផ្លូវ​ច្បាប់និង​វិធី​ខុស​ច្បាប់ដើម្បីទាក់ទាញពួក​អ្នក​ចូលរួមឱ្យ​កែប្រែវិញ្ញាបនប័ត្រ​សម្រាប់អនុញ្ញាត​ឱ្យ​ Ahmad បំភ្លៃតម្លៃ​ពេជ្រ​និង​ពន្ធដារ និង​ទិញ​ឬ​ផ្ញើទុកវត្ថុ​ប្រណិតៗ​និង​វត្ថុ​សិល្បៈ​ពី​កន្លែង​ដេញថ្លៃនិងវិចិត្រសាលនៅ​ទូទាំង​ពិភពលោក។ បណ្តាញ​នេះបាន​បញ្ចុះតម្លៃ​វិក្ក័យប័ត្រសម្រាប់វត្ថុ​ប្រណិតដឹកចូល​ក្នុង​ប្រទេស​លីបង់តាម​កំពង់ផែដោយ​មិន​បង់​ពន្ធគយ។

ពួកបុគ្គល​សំខាន់ៗ​ត្រូវ​ដាក់​ទណ្ឌកម្មមាន​រួម​ឈ្មោះ Firas Ahmad កូនប្រុស​របស់​លោក​ Nazem Said Ahmad ​ដែលបំពេញ​កិច្ចការ​ធុរកិច្ច​របស់ឪពុក​គាត់​នៅ​អាហ្វ្រិក​ខាង​ត្បូង; កូនស្រី​របស់ ​លោក​Nazem Said Ahmad ឈ្មោះ Hind Ahmad ដែល​ធ្វើ​ឱ្យមានកិច្ចព្រមព្រៀង​នានាក្នុង​នាមឳពុក​អ្នកស្រីនិងបានជួយ​បង្កើត​ឈ្មោះ​ប្តូរមួយ​ដើម្បី​ជួយ​គាត់​ឱ្យ​គេច​ពី​ការដាក់​ទណ្ឌកម្ម​និងទិញវត្ថុ​សិល្បៈពី​ក្រុម​ហ៊ុន​អាមេរិក; បងប្អូន​ថ្លៃ​គាត់​ឈ្មោះ Rami Baker ដែល​បម្រើការជា​អ្នក​តំណាង Nazem Said Ahmad ក្នុងក្រុមហ៊ុនជា​ច្រើន​ក្នុង​ប្រទេស​លីបង់និង​ប្រទេស​អង់ហ្គោឡា; និងប្រពន្ធគាត់ឈ្មោះ Rima Baker ដែលចាត់ការ​អំពី​ការ​ដឹកជញ្ជូន​និងការ​ផ្តល់​ភ័ស្តុភារ​នៃ​វត្ថុ​សិល្បៈពី​សហរដ្ឋ​អាមេរិកនិង​វិចិត្រសាល​បរទេសមាន​តម្លៃរាប់​លាន​ដុល្លារចូល​ទៅ​ក្នុង​ប្រទេស​លីបង់​និង​ជួយ​គាត់​ឱ្យ​គេច​ពី​ការ​ដាក់ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក។

លោក​ Brian E. Nelson អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ខាង​ភេរវកម្មនិង​ការ​ស៊ើបការណ៍​សម្ងាត់​ហិរញ្ញវត្ថុបាន​និយាយ​ថា៖«ពួក​បុគ្គលទាក់ទិន​នឹង​បណ្តាញ​នេះបាន​ប្រើក្រុមហ៊ុន​គ្មាន​ធុរកិច្ចសកម្មឬគ្មានធនធាន​គ្រប់គ្រាន់​ដើម្បីលាក់បាំង​មុខ​នាទី​របស់​លោក​ Nazem Said Ahmad ​ក្នុងកិច្ចការ​ជំនួញ។ ក្រុមអ្នកមាន​អាជីវកម្ម​ក្នុង​ផ្សារ​វត្ថុ​ប្រណិតៗគួរ​ប្រុងប្រយ័ត្ន​នឹងកលល្បិចនិង​គម្រោងការ​ទុច្ចរិតទាំងនេះដែលអនុញ្ញាតឱ្យពួក​អ្នក​ផ្តល់​ប្រាក់ឱ្យពួក​ភេរវជន ក្រុម​អ្នក​លាងលុយ​កខ្វក់និង​ក្រុម​អ្នក​គេចពីការ​ដាក់​ទណ្ឌកម្មលាង​សម្អាត​ប្រាក់​បាន​មក​ពី​សកម្មភាព​ខុស​ច្បាប់​តាម​រយៈ​ការ​ទិញ​និង​ការ​ផ្ញើ​វត្ថុ​ប្រណិតៗ»៕​

XS
SM
MD
LG