តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ចំនួននៃការចាប់ខ្លួនពួកអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យតាមរយៈច្បាប់សន្តិសុខថ្មីនិងបទប្បញ្ញត្តិឯទៀតៗ នៅក្នុងក្រុងហុងកុងនៅតែកើនឡើងច្រើនតទៅទៀត។ ជាមួយរាល់ការចាប់ខ្លួនថ្មី គណបក្សកុម្មុយនីស្តចិន កាន់តែបំផ្លិចបំផ្លាញស្វ័យភាពនៃដែនដីហុងកុង និងការគោរពសិទ្ធិមនុស្ស។
កាលពីពេលថ្មីៗបំផុតនេះ អាជ្ញាធរបានចាប់ខ្លួនក្រុមអ្នកនយោបាយប្រជាធិបតេយ្យ៨នាក់នៅហុងកុង ដោយមានរួមបញ្ជូលសមាជិកកំពុងកាន់តំណែង៥នាក់នៃក្រុមប្រឹក្សានីតិប្បញ្ញត្តិ។ បើតាមមន្ត្រីប៉ូលិសថា ក្រុមជនទាំងនេះ បានត្រូវចាប់ឃុំឃាំងជាផ្នែកមួយនៃការស៊ើបអង្កេតអំពីការប្រជុំមួយកាលពីថ្ងៃទី៨ ខែឧសភា ស្តីពីតើនរណាគួរត្រួតត្រាគណៈកម្មាធិការសំខាន់មួយនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការចាប់ខ្លួនក្រុមសមាជិកសភាទាំងនេះ នៅ៦ខែ ក្រោយឧប្បត្តិហេតុនោះ ជាការរំលោភច្បាស់លាស់ពីអ្នកពង្រឹងច្បាប់ ដើម្បីគោលដៅនយោបាយ។ ការយាយីនិងការធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលហុងកុងលើពួកអ្នកតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការប៉ុនប៉ងក្នុងការបង្ក្រាបក្រុមអ្នកប្រឆាំង ជាឧទាហរណ៍ជាក់ស្តែងនៃការឃុបឃិតរបស់រដ្ឋាភិបាលដែនដីនេះជាមួយគណបក្សកុម្មុយនីស្តចិនដែលកាន់អំណាចផ្តាច់ការ»។
កាលពីថ្ងៃទី២៣ ខែតុលា សមាជិកបីនាក់នៃអតីតក្រុមនិស្សិតមួយដែលទាមទារឯករាជ្យសម្រាប់ដែនដីហុងកុង បានត្រូវចាប់ខ្លួនតាមរយៈច្បាប់សន្តិសុខជាតិ ដោយសារមានការសង្ស័យថា ពួកគេបានផ្សាយអត្ថបទតាមបណ្តាញសង្គមញុះញង់ឱ្យមានការបំបែករដ្ឋ។ ជនទាំងបីនាក់នេះ មានរួមលោក Tony Chung អតីតមេដឹកនាំនិស្សិតនិងអតីតសមាជិកគឺលោក William Chan និងនាង Yanni Ho។
សហរដ្ឋអាមេរិក ថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួននិងការឃុំឃាំងក្រុមជនទាំងនេះ ហើយអំពាវនាវដល់អាជ្ញាធរដែនដីហុងកុងឱ្យដោះលែងជាបន្ទាន់នូវជនទាំងឡាយដែលនៅជាប់ឃុំឃាំងនៅឡើយ។
សាធារណរដ្ឋប្រជាមានិត ចិនបានរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួននៅក្រោមសេចក្តីប្រកាសរួមរវាងប្រទេសចិន និងចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៨៤។
គណបក្សកម្មុយនីស្តចិន និងពួកតំណាងខ្លួននៅហុងកុង កម្ទេចស្វ័យភាពដែលបានត្រូវសន្យាដល់ដែនដីហុងកុង និងកាត់បន្ថយការគោរពសិទ្ធិមនុស្សនៅហុងកុងដោយមានរួមបញ្ចូលសិទ្ធិក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិ។
សហរដ្ឋអាមេរិកបន្តឈរជាមួយពលរដ្ឋហុងកុង៕