តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសស៊ូដង់ខាងត្បូង ដែលទទួលបានឯករាជ្យពីប្រទេសស៊ូដង់នៅក្នុងឆ្នាំ ២០១១ បានប្រឈមនឹងបញ្ហាមនុស្សធម៌ជាច្រើន។
សង្គ្រាមរយៈពេល ២០ ឆ្នាំ រវាងផ្នែកខាងជើងនិងផ្នែកខាងត្បូងនៃប្រទេសស៊ូដង់មុនពេលប្រទេសស៊ូដង់ខាងត្បូង ផ្ដាច់ឯករាជ្យពីប្រទេសស៊ូដង់ ភាពក្រីក្រ និងភាពតានតឹងជាបន្តរបស់ប្រទេសស៊ូដង់ខាងត្បូងជាមួយនឹងប្រទេសស៊ូដង់ ដែលក្នុងនោះរួមមានទាំងការផ្អាកការនាំចេញប្រេងនៅក្នុងឆ្នាំ ២០១២ ផងដែរ បានបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសស៊ូដង់ខាងត្បូង បង្កនូវអស្ថិរភាព និងធ្វើឲ្យប្រទេសនិងរដ្ឋាភិបាលចុះខ្សោយ។
ជាលទ្ធផល រដ្ឋាភិបាលស៊ូដង់ខាងត្បូងមិនអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាផ្ទៃក្នុង និងគ្រោះមហន្តរាយធម្មជាតិនានានោះឡើយ។
ជាងនេះទៀត គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងជាង ៧ ឆ្នាំ បានបង្អាក់ដល់ការធ្វើស្រែចម្ការនិងសកម្មភាពកសិកម្ម ទីផ្សារ និងជំនួញ ដោយធ្វើឲ្យបញ្ហាអសន្តិសុខស្បៀងអាហារ និងតម្រូវការផ្នែកមនុស្សធម៌កាន់តែយ៉ាប់យ៉ឺនឡើង។
សព្វថ្ងៃនេះ ប្រទេសស៊ូដង់ខាងត្បូងពឹងផ្អែកភាគច្រើនលើសហគមន៍មនុស្សធម៌សម្រាប់ស្បៀងអាហារ ហេដ្ឋារចនាសម្ព័ន្ធ និងការរក្សាសន្តិភាព ដែលក្នុងនោះរួមមានទាំងការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាយេនឌ័រផងដែរ។
ក្នុងចំណោមប្រជាពលរដ្ឋស៊ូដង់ខាងត្បូងទាំង១២ លាននាក់ ប្រជាពលរដ្ឋប្រហែល៨ លាន ៣ សែននាក់ ឬក៏ ៧០% នឹងត្រូវការជំនួយមនុស្សធម៌ ឬជំនួយម្ហូបអាហារបន្ទាន់នៅក្នុងឆ្នាំ ២០២១ នេះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ទោះជាយ៉ាងនេះក្ដី ស្របពេលជាមួយគ្នានេះដែរ «ជាបន្តរហូតមក ប្រទេសស៊ូដង់ខាងត្បូងគឺជាប្រទេសដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់បុគ្គលិកជំនួយមនុស្សធម៌នៅក្នុងការធ្វើប្រតិបត្តិការនៅទីនោះ។ បើយោងតាមអង្គការសហប្រជាជាតិ ចាប់តាំងពីដើមឆ្នាំ ២០២០ មក មានហេតុការណ៍ហិង្សាជាង ៤០០ ករណីកើតឡើងលើបុគ្គលិកជំនួយមនុស្សធម៌»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Samantha Power ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ។
អ្នកស្រី Power បាននិយាយថា៖ «សហរដ្ឋអាមេរិកថ្កោលទោសអំពើហិង្សានេះ និងអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសស៊ូដង់ខាងត្បូងឲ្យការពារជនស៊ីវិលនិងបុគ្គលិកជំនួយមនុស្សធម៌ និងចាប់ខ្លួនឧក្រិដ្ឋជននៅក្រុង Renk ក្រុង Torit និងក្រុង Jamjang ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់»។
អ្នកស្រីបានថ្លែងថា៖ «អំពើហិង្សាលើអង្គការជំនួយមនុស្សធម៌មិនត្រឹមតែធ្វើឲ្យជីវិតរបស់បុគ្គលិកជំនួយមនុស្សធម៌ប្រឈមនឹងហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្អាក់ដល់លំហូរជំនួយសង្គ្រោះជីវិតសម្រាប់អ្នកដែលត្រូវការជាចាំបាច់ផងដែរ។ ការវាយប្រហារកាលពីពេលថ្មីៗនេះបានបង្ខំឲ្យអង្គការមួយចំនួនផ្អាកការផ្ដល់ជំនួយមនុស្សធម៌នៅក្នុងរដ្ឋ Unity និងរដ្ឋ Upper Nile ដែលជារដ្ឋជិតនឹងធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះទុរ្ភិក្ស។ ករណីនេះមានន័យថា មនុស្សប្រមាណ ៤៥.០០០ នាក់ អាចបាត់បង់លទ្ធភាពទទួលបានជំនួយ ដែលពួកគេត្រូវការខ្លាំង»។
អ្នកស្រី Power បានមានប្រសាសន៍ទៀតថា៖ «ដៃគូមនុស្សធម៌នានារបស់យើងធ្វើការដោយគ្មានខ្លាចនឿយហត់ និងប្រឈមនឹងហានិភ័យផ្ទាល់ខ្លួនខ្ពស់បំផុតនៅក្នុងការចែកចាយជំនួយ។ ការរក្សាសុវត្ថិភាពរបស់ពួកគេនិងការរក្សាលទ្ធភាពគ្មានការបង្អាក់ក្នុងការចែកចាយជំនួយដល់មនុស្សដែលត្រូវការគឺសំខាន់បំផុតដើម្បីឲ្យប្រជាពលរដ្ឋមានជីវិតបន្តរស់នៅតទៅមុខទៀតបាន។ ការវាយប្រហារ ការបំភិតបំភ័យ ឬក៏ការគំរាមកំហែងលើបុគ្គលិកជំនួយមនុស្សធម៌ មិនថាពួកគេជាជនជាតិអ្វីក៏ដោយ គឺមិនអាចទទួលយកបាននោះទេ»។
អ្នកស្រីបានបន្ថែមថា៖ «រដ្ឋាភិបាលស៊ូដង់ខាងត្បូងត្រូវតែចាត់វិធានការបន្ទាន់និងមានប្រសិទ្ធភាពនៅក្នុងការការពារបុគ្គលិកជំនួយមនុស្សធម៌ និងផ្ដល់លទ្ធភាពជាបន្តដែលគ្មានការបង្អាក់ដល់ការផ្ដល់ជំនួយដល់អ្នកដែលកំពុងជួបប្រទះបញ្ហាអសន្តិសុខស្បៀងអាហារនិងបញ្ហាតម្រូវការមនុស្សធម៌បន្ទាន់ផ្សេងៗទៀត»៕