Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​និង​ប្រទេស​បារាំង​ជា​សម្ព័ន្ធមិត្ត​រឹងមាំ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron លើក​កែវស្រា​ជល់គ្នា​នៅ​ពេល​ដែល​លោក​ Biden ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​លោក Macron សម្រាប់​អាហារ​ពេល​ល្ងាច​​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron លើក​កែវស្រា​ជល់គ្នា​នៅ​ពេល​ដែល​លោក​ Biden ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​លោក Macron សម្រាប់​អាហារ​ពេល​ល្ងាច​​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក


នៅក្នុង​ឱកាសទស្សនកិច្ចរបស់​ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាល​ពី​ពេល​ថ្មីៗនេះ​នៅសេតវិមាន សហរដ្ឋ​អាមេរិក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​បារាំង​«ប្រកាន់​គោលជំហរខ្លាំង​ជានិច្ច​ប្រឆាំងនឹង​សង្គ្រាមឃោរឃៅ​របស់​រុស្ស៊ី​ប្រឆាំង​នឹងប្រទេស​អ៊ុយក្រែន»។

លោកប្រធានាធិបតី Joe​ Biden បាន​មានប្រសាសន៍​ថា៖ «ហើយ យើង​នឹង​បន្ត​គាំទ្រ​យ៉ាង​ខ្លាំងដល់​ប្រជាជន​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ពួកគេការពារ​ផ្ទះ​សម្បែង​ គ្រួសារ​ពួក​គេ អធិបតេយ្យភាព​ និង​បូរណភាពដែនដីរបស់​ពួក​គេ ប្រឆាំង​នឹងការឈ្លានពានរបស់រុស្ស៊ី ដ៏សែន​ឃោរឃៅ»។

លោក​ប្រធានាធិបតី Biden បាន​ពន្យល់​ថា​អាមេរិកនិង​បារាំង​បាន​តាំង​ចិត្តឱ្យ​ប្រទេស​រុស្ស៊ី​ទទួល​ខុស​ត្រូវដល់សកម្មភាពរបស់ខ្លួន​និង​បន្ធូរ​ផល​ប៉ះពាល់​សាកល​នៃ​សង្គ្រាម​របស់ Putin លើ​ពិភពលោក។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា៖ ​«សហរដ្ឋអាមេរិក​ជួយ​អឺរ៉ុប​ឱ្យ​មានជម្រើស​ផ្សេងៗពី​ឧស្ម័ន​ធម្មជាតិរុស្ស៊ី​ក្នុង​រយៈពេល​មធ្យម​ នៅ​ពេលពន្លឿន​អន្តរកាល​ទៅ​កាន់​ថាមពលស្អាត​របស់​យើង ហើយយើង​នឹងបន្ត​ធ្វើការក្នុងភាព​ដៃគូជិតស្និទ្ធ​ជា​មួយ​អឺរ៉ុបនៅ​ពេល​យើង​ធ្វើ​ចលនា​ទៅ​មុខ...យើង​ក៏​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការរវាងប្រទេស​បារាំងនិងសហរដ្ឋ​អាមេរិកអំពី​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិលតាម​រយៈ​ភាព​ដៃគូ​ថាមពល​ស្អាត​ទ្វេភាគីរបស់យើង»។

លោក​ប្រធានាធិបតីបានថ្លែង​ថានៅទូទាំង​ពិភពលោក ប្រទេស​បារាំងនិង​អាមេរិក​កំពុងធ្វើការ​ដើម្បី​ពង្រឹង​ស្ថិរភាពនិង​សន្តិសុខ​ មាន​រួម​នៅ​ក្នុង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ផង​ដែរ។ យើងចង់​មាន​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​សេរីភាព​និង​បើក​ចំហ ​ចម្រើន​រុងរឿងនិង​មាន​សន្តិសុខ​ ដោយ​មានសេរីភាព​នាវាចរណ៍​និង​ការហោះហើរ​ពីលើថែមទៀត​ផង។

លោក Biden ​បាន​ថ្លែង​ថា៖ «យើង​ធ្វើការ​ជាមួយ​គ្នាដើម្បីគាំទ្រ​តំបន់​មជ្ឈិមបូព៌ា​មួយ​ដែល​មាន​ការ​ចូលរួម មាន​សន្តិភាពនិង​រុង​រឿងជាង​មុន»​ដោយមាន​រួម​បញ្ចូល​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ។

លោកប្រធានាធិបតី Biden ​បាន​មានប្រសាសន៍​ថា៖ «យើង​ក៏​ឈរ​ជា​មួយ​ប្រជាជន​អ៊ីរ៉ង់​ដែរ។ ហើយបារាំងនិង​អាមេរិកធ្វើការ​ជាមួយ​គ្នា​ដើម្បីឱ្យពួក​ជនទទួលខុស​ត្រូវ​ដល់​ការ​រំលោភ​លើ​សិទ្ធិមនុស្ស ទទួល​ខុស​ត្រូវ​ដល់​សកម្មភាព​ពួក​គេ ដើម្បីប្រឆាំង​នឹងការទ្រទ្រង់​របស់​អ៊ីរ៉ង់ដល់​សង្គ្រាម​របស់​រុស្ស៊ី និង​ធ្វើ​ឱ្យប្រាកដថា​ប្រទេស​អ៊ីរ៉ង់...នឹងគ្មាន​អាវុធនុយក្លេអ៊ែរ​ឡើយ»។

នៅ​ទ្វីប​អាហ្វ្រិក ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​បារាំង​បាន​យល់​ស្រប​គ្នា​ជួយ​ពង្រឹងអភិបាលកិច្ច​ សន្តិសុខ​និងឱកាស​សេដ្ឋកិច្ចនៅ​ទូទាំង​ទ្វីបនេះ។

ភាព​ដៃគូរវាង​ស.រ.អ.និងប្រទេស​បារាំង​ក៏​មានក្នុង​កិច្ចសហការ​លើ​ការ​រុករក​និង​ការប្រើប្រាស់តំបន់​ហួស​ពី​អវកាស ធ្វើ​វិនិយោគ​ក្នុង​ថាមពល​ស្អាត​និង​កសាង​ឧស្សាហកម្ម​សម្រាប់​ពេល​អនាគត មាន​រួម​អាគុយនិង​ អ៊ីដ្រូសែន​បៃតងមិន​ធ្វើ​ឱ្យ​ខូច​បរិស្ថាន។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋ​អាមេរិក​ ​លោក​ Antony Blinken បាន​កត់​សម្គាល់​ថា៖ «គេ​ពិបាក​នឹង​រកឃើញ​ឧបសគ្គ​មួយដែលយើងមិន​អាចដោះស្រាយ​បាន ប្រសិន​បើសហរដ្ឋ​អាមេរិក​និង​ប្រទេស​បារាំង​ធ្វើការ​ជា​មួយ​គ្នា។ នៅ​ក្នុង​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ​ ប្រជាជន​និង​ប្រទេស​ជាតិ​របស់យើង​បាន​ចងភ្ជាប់គ្នា​ដោយ​គុណតម្លៃ​ស្នូល​របស់​យើង​នៃ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​ ការ​គោរពសិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ»៕

XS
SM
MD
LG