តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ពួកមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានធ្វើការសន្ទនាកម្រិតខ្ពស់ក្នុងទីក្រុង Mexico City កាលពីថ្ងៃទី៨ ខែតុលា ដើម្បីចាត់ចែងគម្រោងសន្តិសុខថ្មីមួយដែលសង្កត់ធ្ងន់លើអាទិភាព គុណតម្លៃ និងការទទួលខុសត្រូវរួមគ្នា។
គម្រោងថ្មីនេះ ធ្វើឱ្យទំនើបលើការផ្តើមគំនិតក្នុងទីក្រុង Merida កាលពីឆ្នាំ២០០៨ ដែលមានឈ្មោះថា «គម្រោងរយៈពេល ២ សតវត្សរ៍រវាងស.រ.អ. និងម៉ិកស៊ិកស្តីពីសន្តិសុខ សុខភាពសាធារណៈ និងសហគមន៍មានសុវត្ថិភាព»។
បើតាមរដ្ឋមន្ត្រីការបរទេសស.រ.អ. លោក Antony Blinken ថា គម្រោងដែលមានរយៈពេល ២០០ ឆ្នាំនេះ មានគោលដៅបី។ គោលដៅទីមួយ គឺការពារសុខភាពសាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជារាស្ត្រស.រ.អ. និងម៉ិកស៊ិក។ លោករដ្ឋមន្ត្រី Blinken បានពន្យល់ថា ទោះជាក្រុមអ្នកពង្រឹងច្បាប់បំពេញមុខនាទីសំខាន់មួយក្នុងការកាត់បន្ថយឃាតកម្ម និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរឯទៀតៗក៏ដោយ ក៏កាលពីអតីតកាលមានការពឹងពាក់ខ្លាំងលើកងកម្លាំងសន្តិសុខ។ លោក Blinken បានមានប្រសាសន៍ថា «កិច្ចខិតខំប្រឹងប្រែងរបស់យើងក៏ត្រូវតែរួមបញ្ចូលការបញ្ចៀសកុំឲ្យមានការប្រើគ្រឿងញៀនស្រវឹង ឲ្យមានការព្យាបាល និងការគាំទ្រការរើបពីការញៀនដើម្បីជួយក្រុមជនដែលតស៊ូនឹងការញៀន កាត់បន្ថយផលវិបាកធ្ងន់ធ្ងរដែលគ្រឿងញៀនស្រវឹងមានលើសហគមន៍យើង ព្រមទាំងដើម្បីកាត់បន្ថយសេចក្តីត្រូវការផងដែរ។ ហើយរដ្ឋាភិបាលយើងបានយល់ស្របគ្នាថា ការការពារប្រជារាស្ត្រយើងមានន័យថា ការពារសិទ្ធិមនុស្ស»។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី Blinken បាននិយាយយោងដល់សេចក្តីត្រូវការឱ្យមានវិនិយោគក្នុងឱកាសសេដ្ឋកិច្ច ជាពិសេសសម្រាប់សហគមន៍ និងតំបន់មានការខ្វះខាត ដែលជាការផ្តោតការយកចិត្តទុកដាក់សំខាន់មួយនៃការសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់ដែលស.រ.អ. បានចាប់ផ្តើមធ្វើជាថ្មីជាមួយប្រទេសម៉ិកស៊ីកកាលពីខែកញ្ញា។
គោលដៅទីពីរនៃគម្រោងមានរយៈពេល២០០ឆ្នាំ គឺការបញ្ចៀសកុំឱ្យមានការជួញដូរឆ្លងកាត់ព្រំដែន។ លោករដ្ឋមន្ត្រី Blinken បាននិយាយថា «យើងដឹងថា ការកាត់បន្ថយការជួញដូរអាវុធជាអាទិភាពមួយរបស់ប្រទេសម៉ិកស៊ិក ពីព្រោះអាវុធខុសច្បាប់ជាច្រើនក្នុងប្រទេសម៉ិកស៊ិក បានមកពីស.រ.អ.។ យើងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងការតាមដានអាវុធ ការស៊ើបអង្កេត និងបន្តកាត់ទោសដើម្បីបង្អាក់ការផ្គត់ផ្គង់អាវុធ»។
ជាទីបញ្ចប់ គោលដៅទីបីផ្តោតការយកចិត្តទុកដាក់លើការបង្កើតបណ្តាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ លោករដ្ឋមន្ត្រី Blinken កត់សម្គាល់ថា ប្រទេសទាំងពីរ «នឹងធ្វើឱ្យប្រព័ន្ធយុត្តិធម៌របស់យើងមានប្រសិទ្ធភាពជាងមុនក្នុងការស៊ើបអង្កេត និងកាត់ទោសក្រុមឧក្រិដ្ឋជនមានការរៀបចំ ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការចំពោះការធ្វើបត្យាប័នផងដែរ»។
លោករដ្ឋមន្ត្រី Blinken បានគូសបញ្ជាក់ថា «សមដូចដែលគម្រោងថ្មីនេះ មានសារៈសំខាន់ខ្លាំង យើងចង់ឱ្យភាពដៃគូរវាងស.រ.អ. និងម៉ិកស៊ិក ទទួលបានផលប្រយោជន៍លើសពីបញ្ហាចំណាកស្រុក និងសន្តិសុខ។ គម្រោងនេះ ត្រូវតែឆ្លុះបញ្ចាំងអំពីបញ្ហាទាំងអស់ដែលយើងមានការយកចិត្តទុកដាក់ និងមានគុណតម្លៃដូចគ្នា ដោយមានរួមបញ្ចូលបរិស្ថាន កសិកម្ម បច្ចេកវិទ្យា ថាមពល ពាណិជ្ជកម្ម និងគំនិតច្នៃប្រឌិតថ្មីៗដែលយើងសម្រេចបាន នៅក្នុងការសន្ទនាផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «ពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខនេះ អាចមានការផ្លាស់ប្តូរដោយដឹងកាន់តែច្បាស់អំពីសក្តានុពលពេញលេញកើតចេញពីទំនាក់ទំនងរវាងស.រ.អ. និងម៉ិកស៊ិក និងផ្តល់អត្ថប្រយោជន៍ជាក់ច្បាស់ដល់ប្រជារាស្ត្រយើងទាំងពីរប្រទេស»៕