តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិកខាងជើងហៅកាត់ថាអូតង់ បានការពារសន្តិសុខនិងសេរីភាពទ្វីបអឺរ៉ុប និងទ្វីបអាមេរិកខាងជើងអស់រយៈពេលជិត៧៥ឆ្នាំមកហើយ។ នៅក្នុងសុន្ទរកថាមួយកាលពីពេលថ្មីៗនេះ នៅឯទីស្នាក់ការធំរបស់អង្គការអូតង់ក្នុងប្រទេសប៊ែលហ្សិក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បានមានប្រសាសន៍ថា បញ្ហាប្រឈមចម្បងតទៅមុខទៀត គឺការសម្របសម្រួល និងការចាត់ចែងអង្គការអូតង់ជាថ្មីឡើងវិញ ដើម្បីឱ្យអង្គការនេះអាចដោះស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្នបាន។
លោករដ្ឋមន្ត្រី Blinken បានបង្ហាញការគំរាមកំហែងធំៗបីប្រភេទដែលសម្ព័ន្ធភាពនេះប្រឈម ក្នុងពេលសព្វថ្ងៃនេះ។ ទីមួយ គឺគ្រោះថ្នាក់បង្កឡើងដោយយោធាមកពីប្រទេសដទៃទៀត ដែលរួមមានដូចជាប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសកូរ៉េខាងជើងជាដើម។
ទីពីរ គឺការគំរាមកំហែងមិនមែនយោធាពីប្រទេសដដែលទាំងនេះ ដែលមានដូចជាការគំរាមកំហែងខាងបច្ចេកវិជ្ជា ខាងសេដ្ឋកិច្ច និងខាងយុទ្ធវិធីព័ត៌មាន ដែលគំរាមកំហែងដល់សន្តិសុខនៃបណ្ដារដ្ឋជាសមាជិកនៃអង្គការអូតង់។ ទីបី គឺការគំរាមកំហែងនៃវិបត្តិសាកលលោក ដូចជាជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុជាដើម។ ភេរវកម្មសាកល ក៏នៅតែជាគ្រោះថ្នាក់ដែរ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា ដើម្បីប្រឈមនិងដោះស្រាយការគំរាមកំហែងទាំងនេះប្រកបដោយប្រសិទ្ធភាព «យើងត្រូវតែប្តេជ្ញាជាថ្មីដល់សម្ព័ន្ធភាពរបស់យើង»។
លោកបានមានប្រសាសន៍ថា៖ «សម្ព័ន្ធភាពរបស់យើងត្រូវបានបង្កើតឡើងដើម្បីការពារគុណតម្លៃដែលយើងមានរួមគ្នា។ ដូច្នេះការប្តេជ្ញាជាថ្មីរបស់យើងតម្រូវឱ្យមានការបញ្ជាក់ជាថ្មីអំពីគុណតម្លៃទាំងនោះ និងគ្រឹះនៃទំនាក់ទំនងអន្តរជាតិដែលយើងបានសន្យាថា ការពារ ដែលនោះគឺជារបៀបរៀបរយផ្អែកលើបទបញ្ញត្តិដែលមានលក្ខណៈសេរី និងបើកចំហ»។
ដើម្បីឱ្យនៅតែមានប្រសិទ្ធភាពតទៅទៀតអង្គការអូតង់ត្រូវតែធ្វើទំនើបកម្មតទៅទៀត។ លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «ការណ៍នេះចាប់ផ្តើមជាមួយការកែលម្អសមត្ថភាពយោធារបស់យើង និងប្រុងប្រៀបធ្វើឱ្យប្រាកដប្រជាថាអង្គការអូតង់អាចទប់ទល់នឹងយោធាដ៏ខ្លាំងក្លាបាន»។
លោកបាននិយាយទៀតថា៖ «យើងក៏ត្រូវពង្រីកសមត្ថភាពរបស់យើងក្នុងការដោះស្រាយការគំរាមកំហែងខាងសេដ្ឋកិច្ច ខាងបច្ចេកវិទ្យា និងខាងវិស័យព័ត៌មានផងដែរ»។
លោករដ្ឋមន្ត្រី Blinken បានសុំដល់ពួកសមាជិកនៃអង្គការអូតង់ឱ្យបង្កើតក្រុមចម្រុះនៃបណ្ដាសម្ព័ន្ធមិត្ត និងពួកដៃគូឱ្យបានទូលំទូលាយជាងមុន។ លោកបានពន្យល់ថា នេះជាគំនិតនៅពីក្រោយក្រុមប្រទេស Quad ដែលជាក្រុមមួយមានរួមបញ្ចូលប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍ថា៖ «យើងមានទស្សនវិស័យដូចគ្នាចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលសេរី បើកចំហ មានការរួមបញ្ចូលទាំងអស់ និងត្រឹមត្រូវ មិនត្រូវកម្រិតដោយការបង្ខិតបង្ខំ ហើយត្រូវចងភ្ជាប់គ្នាដោយគុណតម្លៃប្រជាធិបតេយ្យ។ យើងមានការយល់ឃើញដូចគ្នា។ ហើយកិច្ចសហប្រតិបត្តិការរបស់យើងនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងស្របគ្នាដើម្បីធ្វើឱ្យមានសន្តិសុខក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងនិង ដើម្បីពង្រីកការផលិតវ៉ាក់សាំងដែលមានសុវត្ថិភាព មានតម្លៃសមរម្យ និងមានប្រសិទ្ធភាពនិងអាចទទួលបានដោយស្មើភាព»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា មធ្យោបាយទៅមុខសម្រាប់អង្គការអូតង់ គឺ«ចាក់ឫសក្នុងគុណតម្លៃដូចគ្នារបស់យើង និងប្តេជ្ញាតែមិនមែនទៅលើការកសាងសម្ព័ន្ធភាពនិងភាពដៃគូរបស់យើងជាថ្មីប៉ុណ្ណោះទេ តែក៏ស្ថាបនាវាឱ្យល្អប្រសើរជាងមុនផងដែរ។ ប្រសិនបើយើងធ្វើដូចនេះ នោះនឹងមិនមានឧបសគ្គណាដែលយើងមិនអាចពុះពារបានឡើយ»៕