Accessibility links

Breaking News

បទវិចារណកថា៖ សិទ្ធិ​ដែល​មិន​អាច​ដកហូតបាន​និង​មូលហេតុ​ដែល​នាំឲ្យ​សិទ្ធិ​ទាំង​នេះ​មាន​សារៈ​សំខាន់


រូបឯកសារ៖ រូបភាពរបស់លោក John Trumbull កាលពីឆ្នាំ ១៨១៩ បង្ហាញគណៈកម្មាការ ដែលមានចំនួន ៥ នាក់ ដែលជាក្រុម​អ្នក​បង្កើត​សហរដ្ឋអាមេរិក​។
រូបឯកសារ៖ រូបភាពរបស់លោក John Trumbull កាលពីឆ្នាំ ១៨១៩ បង្ហាញគណៈកម្មាការ ដែលមានចំនួន ៥ នាក់ ដែលជាក្រុម​អ្នក​បង្កើត​សហរដ្ឋអាមេរិក​។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​សេចក្តី​ប្រកាសឯករាជ្យ ក្រុម​អ្នក​បង្កើត​សហរដ្ឋអាមេរិក​បាន​ចែង​ថា​ សិទ្ធិ​ដែល​មិន​អាច​ដក​ហូត​បាន​គឺ «ជីវិត សេរីភាព និង​ការ​ស្វែងរក​សុភមង្គល»។ សិទ្ធិ​ទាំង​ ៣ នេះ​ ត្រូវបាន​ចាត់​ទុក​ថា «ជាសិទ្ធិ​ដែល​មនុស្ស​ទាំងអស់​កើត​មក​មាន​ស្រាប់ ​និង​ដែល​សព្វថ្ងៃ​នេះ​គេ​ហៅ​ថា សិទ្ធិ​មនុស្ស»។ នេះ​បើ​យោងតាម​លោក Peter Berkowitz នាយក​រៀបចំ​ផែនការ​គោលនយោបាយ​ប្រចាំ​ក្រសួងការបរទេស។

លោក Berkowitz ថ្លែងថា សិទ្ធិ​ទាំងនេះ​មិនត្រឹម​តែ​អាច​ការពារ​ពលរដ្ឋ​អាមេរិកាំង​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មូលដ្ឋាន​នៃ​ក្រម​សីលធម៌​មួយ​សម្រាប់​គោល​នយោបាយ​ការ​បរទេស​ផងដែរ។

«យើង​គោរព​តាមកាតព្វកិច្ច​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​សិទ្ធិ​ទាំងនេះ​ក្នុង​ឆ្នាំ ១៩៤៨ នៅ​ពេល​យើង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅឯ​អង្គការ​សហប្រជាជាតិ​ ដើម្បី​អនុម័ត​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​ជា​សាកល។ ប្រធានាធិបតី​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរលើកស្ទូយ​ការ​ការពារ​សិទ្ធិ​មនុស្ស។ ហើយ​ការ​តាំង​ចិត្ត​របស់​អាមេរិក​តាំង​ពី​បាន​កកើត​មក រួម​មាន​ការ​គោរព​កិត្តិយស​ដែល​កើត​មក​មាន​ស្រាប់​របស់​មនុស្ស​គ្រប់គ្នា»។

លោក​ Berkowitz ថ្លែងថា កាលពី​ឆ្នាំ​មុន រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​បង្កើត​គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិ​ ដែល​មិន​អាច​ដកហូត​បាន​ដែល​មាន​តួនាទី​ជាក់​លាក់​មួយ។

«លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Pompeo បាន​ស្នើ​ឲ្យ​សមាជិក​នៃ​គណៈ​កម្មការ​នេះ​ ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ពង្រឹង​ការ​ប្តេជ្ញា​ដោយ​ឥត​សង្ស័យ​របស់សហរដ្ឋ​អាមេរិក ​ក្នុង​ការការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​គោលនយោបាយ​ការបរទេស នៅ​ក្នុង​ឯកសារ​ដែលកំណត់ជាការ​បង្កើត​សហរដ្ឋ​អាមេរិក ​រួមមាន​សេចក្តីប្រកាស​ឯករាជ្យ និង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រពៃណី​ធម្មនុញ្ញ​របស់​អាមេរិក​និង​ថែមទាំង​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​ការ​ប្តេជ្ញា​ដោយ​ឥតសង្ស័យ​របស់​អាមេរិក​ ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​ជាសាកល ដែល​យើង​បាន​ចុះហត្ថលេខា​នៅ​ក្នុង​ឆ្នាំ ១៩៤៨»។

លោក Berkowitz ថ្លែងថា សិទ្ធិដែល​មិន​អាច​ដកហូត​បាន​ទាំង​នេះ​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​ទំនាក់​ទំនង​រវាងសហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​នានា។

«ឧទាហរណ៍ យើង​ឃើញ​សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​ការ​ថ្កោលទោស​របស់​លោក​រដ្ឋ​មន្ត្រីការបរទេស Pompeo ម្តង​ហើយ​ម្តង​ទៀត​ ទៅ​លើ​ការ​ចាប់​ឃុំ​ខ្លួន​ជន Uighurs កាន់​សាសនា​ឥស្លាម​ ដាក់​នៅ​ក្នុង​ជំរំឃុំឃាំង​របស់​ចិន។​ យើង​ឃើញ​សិទ្ធិ​នេះ​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​ទសវត្សរ៍ ១៩៨០ នៅ​ពេល​ដែល​លោក​អតីត​ប្រធានាធិបតី Ronald Reagan ​លើក​តម្កើងសិទ្ធិ​មនុស្ស​របស់​សកម្មជន​ ដែល​សហភាព​សូវៀត​ចាប់​ឃុំឃាំង​យ៉ាង​សាហាវ ​នៅ​ក្នុង​ជំរំ​ពលកម្ម​សម្រាប់​អ្នកទោស​នយោបាយ​ហៅថា gulag។ យើង​ក៏​បាន​ឮ​សិទ្ធិ​ទាំង​នេះ​ នៅ​ពេល​ដែល​រដ្ឋបាល​អាមេរិកាំង​រិះគន់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ ដែល​គាប​សង្កត់​ប្រជាជន​របស់​ខ្លួន​ផងដែរ»។

លោក​ Berkowitz កត់​សម្គាល់ថា ទោះជា​ «សិទ្ធិ​មនុស្ស​មិន​មែន​ជា​គោល​នយោបាយ​ការបរទេស​ទាំង​មូល​របស់​សហរដ្ឋអាមេរិក​ក៏ដោយ ​ក៏​សិទ្ធិ​ទាំង​នេះ​គឺ​ជា​ «ធាតុ​ដ៏​សំខាន់​មួយ​និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គោលនយោបាយ​ការបរទេស​ចម្រុះ​របស់​អាមេរិក»៕

XS
SM
MD
LG