តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សាធារណរដ្ឋប្រជាមានិតចិន (PRC) បានចាប់ផ្ដើមអនុវត្តច្បាប់សន្តិសុខជាតិនៅក្នុងទីក្រុងហុងកុងអស់រយៈពេលមួយឆ្នាំមកហើយ។
ច្បាប់នេះនិងវិសោធនកម្មច្បាប់ផ្សេងទៀតកាលពីពេលថ្មីៗនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏ធំមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការបង្រួញលំហសេរីភាពនៅក្នុងទីក្រុងហុងកុង។ លំហសេរីភាពនេះត្រូវបានធានានៅក្រោមសេចក្ដីប្រកាសរួមរវាងប្រទេសចិននិងចក្រភពអង់គ្លេសនិងនៅ ក្រោមច្បាប់មូលដ្ឋាន។
ច្បាប់សន្តិសុខជាតិនេះបានធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុងកាន់តែយ៉ាប់យ៉ឺនជាងមុនបន្ថែមទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៃខួបឆ្នាំទីមួយនៃច្បាប់សន្តិសុខជាតិនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានកត់សម្គាល់ថា តាំងពីការតវ៉ានៅក្នុងទីក្រុងហុងកុងបានចាប់ផ្ដើមនៅក្នុងឆ្នាំ ២០១៩ មក អាជ្ញាធរមូលដ្ឋានបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ដោយសារពួកគេហ៊ាននិយាយប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលពួកគេមិនយល់ស្របតាម។ ជាងនេះទៀត អាជ្ញាធរហុងកុងបានបង្កើនយុទ្ធនាការដែលមិនចុះញ៉មនិងមានលក្ខណៈនយោបាយប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយសេរី។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឲ្យធ្លាក់ចុះនូវកេរ្ដិ៍ឈ្មោះរបស់ទីក្រុងហុងកុងក្នុងនាមជាទីក្រុងដែលមានការទទួលខុសត្រូវ អភិបាលកិច្ចមានតម្លាភាព និងការគោរពសេរីភាពរបស់បុគ្គល។ ជាងនេះទៀត រដ្ឋាភិបាលចិនបានក្បត់ពាក្យសន្យារបស់ខ្លួននៅក្នុងការរក្សាទុកស្វ័យភាពកម្រិតខ្ពស់របស់ទីក្រុងហុងកុងសម្រាប់រយៈពេល ៥០ ឆ្នាំ»។
នៅក្នុងការប្រឈមនឹងការជិះជាន់និងការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើស្ថាប័ននិងដំណើរការប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង សហរដ្ឋអាមេរិកបានចាត់វិធានការ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ៧ នាក់ ដែលជាអនុប្រធានការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលចិនប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង ដែលការិយាល័យនេះគឺជាឧបករណ៍ចម្បងរបស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងការជះឥទ្ធិពលរបស់ខ្លួននៅក្នុងទីក្រុងហុងកុង។
វិធានការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះបានបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះ ដោយសារតែពួកគេបានបំផ្លាញស្វ័យភាពរបស់ទីក្រុងហុងកុង។
បន្ថែមពីលើនេះទៀត ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានចេញសេចក្ដីណែនាំមួយ ដោយរំឭកក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិកអំពីហានិភ័យដែលកំពុងលេចឡើងចំពោះប្រតិបត្តិការនិងសកម្មភាពរបស់ពួកគេ ដោយសារតែច្បាប់សន្តិសុខជាតិនេះនិងវិសោធនកម្មច្បាប់ផ្សេងៗទៀតនៅក្នុងទីក្រុងហុងកុង ដែលធ្វើឲ្យអន្តរាយដល់នីតិរដ្ឋ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ព្រឹត្តិការណ៍ក្នុងពេលមួយឆ្នាំកន្លងមកនៅក្នុងទីក្រុងហុងកុងបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវហានិភ័យផ្នែកប្រតិបត្តិការ ហិរញ្ញវត្ថុ ច្បាប់ និងកេរ្ដិ៍ឈ្មោះ សម្រាប់ក្រុមហ៊ុនពហុជាតិនានា»។
ហានិភ័យទាំងនោះមានដូចជាលទ្ធភាពដែលអាចមានការតាមដានតាមប្រព័ន្ធអេឡិចត្រូនិកនិងកង្វះភាពសម្ងាត់ផ្នែកទិន្នន័យ លទ្ធភាពតិចជាងមុននៅក្នុងការទទួលបានព័ត៌មាន លទ្ធភាពដែលអាចមានការសងសឹកនឹងក្រុមហ៊ុនណាដែលប្រតិបត្តិតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលទ្ធភាពដែលអាចមានការចាប់ខ្លួនបុគ្គលណាដែលធ្វើអាជីវកម្មនៅក្នុងទីក្រុងហុងកុងនៅក្រោមច្បាប់សន្តិសុខជាតិនេះ។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់នៅលើ Twitter ថា ទណ្ឌកម្មថ្មីទាំងនេះរបស់សហរដ្ឋអាមេរិក ដែលដាក់លើមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងសេចក្ដីណែនាំផ្នែកអាជីវកម្មរបស់សហរដ្ឋអាមេរិក បានបង្ហាញថា សហរដ្ឋអាមេរិក «នឹងបន្តនិយាយការពារទីក្រុងហុងកុង និងជំរុញឲ្យមានការទទួលខុសត្រូវចំពោះការក្បត់ពាក្យសន្យានិងទង្វើគាបសង្កត់ជិះជាន់របស់រដ្ឋាភិបាលក្រុងប៉េកាំង»៕