Accessibility links

Breaking News

បទវិចារណកថា៖ ស.រ.អ. ផ្អាក​​កិច្ចព្រមព្រៀង​សុំ​សិទ្ធិ​ជ្រកកោន​ពី​អាមេរិក​កណ្តាល


រូបឯកសារ៖ ជនចំណាកស្រុក Honduras ដែល​ដើរ​ជាក្រុម បាន​ឈប់​នៅ​ចំពោះ​មុខប៉ូលិស​ Guatemala ក្បែរ​ទីក្រុង Agua Caliente នៃ​ប្រទេស Guatemala កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ជនចំណាកស្រុក Honduras ដែល​ដើរ​ជាក្រុម បាន​ឈប់​នៅ​ចំពោះ​មុខប៉ូលិស​ Guatemala ក្បែរ​ទីក្រុង Agua Caliente នៃ​ប្រទេស Guatemala កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ អាមេរិក

ស.រ.អ. បានព្យួរ និង​ចាប់ផ្តើម​ដំណើរការ​បញ្ចប់​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​សុំ​សិទ្ធិ​ជ្រកកោន​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស El Salvador Guatemala និង​ប្រទេស Honduras ដែលជា​ជំហាន​ដំបូងៗ​លើផ្លូវ​ទៅកាន់​ភាពដៃគូ និង​កិច្ចសហ​ប្រតិបត្តិការ​ធំជាងមុន​ក្នុង​តំបន់​រៀបចំ​ដោយ​លោក​ប្រធានាធិបតី Joe Biden។

កិច្ចព្រមព្រៀងចុះហត្ថលេខា​ដោយ​ប្រទេស​ Guatemala ​កាលពី​ឆ្នាំ២០១៩ ​អនុញ្ញាតឱ្យ​ស.រ.អ. ​បញ្ជូនពួក​អ្នកស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​ពី​ប្រទេស​ El Salvador ​និងប្រទេស​ Honduras ​ដែល​បានឆ្លងកាត់ព្រំដែន​ខាង​ត្បូង​ស.រ.អ. ​ឱ្យ​ទៅសុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​ Guatemala ​ជាដំបូងសិន។ កិច្ច​ព្រមព្រៀង​ស្រដៀង​គ្នា​នេះត្រូវ​ចុះ​ហត្ថលេខា​ដោយប្រទេស​ El Salvador​ និង​ Honduras ​តែ​មិនត្រូ​វ​បាន​អនុវត្ត​ទេ។

បទបញ្ជានីតិប្រតិបត្តិកាលពី​ថ្ងៃទី២​ ខែកុម្ភៈ​ មាន​គោលដៅ​បង្កើតក្របខណ្ឌ​តំបន់​ទូលំទូលាយមួយ​ដើម្បី​ដោះស្រាយ​បុព្វហេតុនៃ​ចំណាក​ស្រុក គ្រប់គ្រង​ទេសន្តរ​ប្រវេសន៍​នៅ​ទូទាំងតំបន់​ខាង​ជើងនិង​កណ្តាល​ទ្វីប​អាមេរិក ​និង​ផ្តល់​ដំណើរការពិនិត្យ​មើលពួក​អ្នក​សុំសិទ្ធិជ្រកកោនដោយ​សុវត្ថិភាព និង​មានរបៀប​រៀប​រយ​នៅ​ព្រំដែន​ស.រ.អ.។

លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​ Anthony Blinken ​បាន​មានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា៖ «ជា​ការ​ច្បាស់លាស់ ​សកម្មភាពទាំង​នេះ​ មិន​មែន​មាន​ន័យថា ព្រំដែន​ស.រ.អ.​បើក​ចំហ​ទេ។ នៅ​ពេល​ដែល​យើងសន្យា​ថា ​ពង្រីក​វិធីផ្លូវ​ច្បាប់​សម្រាប់​ការ​ការពារ​និង​ផ្តល់​ឱកាស​នៅ​ទីនេះ​ និង​ក្នុង​តំបន់ ​ក៏​ស.រ.អ.​ នៅតែ​ជា​ប្រទេស​ដែល​មាន​ព្រំដែន​និង​ច្បាប់​ ដែលត្រូវតែ​ពង្រឹង»។ លោក​បាន​និយាយបន្ថែម​ថា៖ «យើងសន្យាពិនិត្យ​មើល​សំណើ​របស់ពួកជន​ទាំង​អស់​ដែល​មក​ដល់​ព្រំដែនយើង ​តែជនទាំងឡាយណា​ដែល​ប៉ុនប៉ងធ្វើ​ចំណាក​ស្រុក​ដោយ​មិនត្រឹមត្រូវ​ គឺនាំឲ្យគ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯងនិងក្រុមគ្រួសារ ដោយសារតែការ​ធ្វើ​ដំណើរ​មានគ្រោះថ្នាក់​ខ្លាំង​ណាស់»។

រដ្ឋបាល​លោក​ Biden ​មាន​ជំនឿ​ថា ​មានវិធីច្រើន​ជាងមុនដើម្បី​ធ្វើការ​ជាមួយរដ្ឋាភិបាល​ជា​ដៃ​គូ​ដើម្បី​គ្រប់គ្រង​ជនចំណាក​ស្រុក​ក្នុង​តំបន់។ ស.រ.អ. ​នឹង​ធ្វើការបន្តលើ​ទំនាក់ទំនង​ខ្លាំងក្លា​របស់​ខ្លួន និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់​រដ្ឋាភិបាលទាំង​នេះ​ ក្នុង​ការដោះស្រាយការបង្ខំ​ឱ្យ​ផ្លាស់ប្តូរ​កន្លែង​រស់នៅដោយ​មិន​ឱ្យ​មាន​បន្ទុក​មិន​ចាំ​បាច់​លើ​ពួកគេ​ ជា​ពិសេស​នៅ​ពេល​ពួកគេ​ប្រឹងប្រែង​រើប​ចេញ​ពី​ការរាតត្បាត​នៃជំងឺ​កូវីដ១៩។

លោក​រដ្ឋមន្ត្រី​ Blinken ​បាន​មានប្រសាសន៍​ថា៖ ​«របៀប​ដោះស្រាយ​របស់​យើង នឹង​បន្ត​ផ្តល់ការគាំទ្រដល់ផែនការ​សកម្មភាព​ជាតិ​របស់​យើង​តាមរយៈ​ក្របខណ្ឌ​ទូលំទូលាយ​សម្រាប់​ការការពារ ​និង​រក​ដំណោះស្រាយ​ថ្នាក់តំបន់​តាម​រយៈ​ដៃគូ​មនុស្សធម៌អន្តរជាតិ»។

ស.រ.អ. ​ប្តេជ្ញាដោះស្រាយ​ឫសគល់​នៃបុព្វហេតុ​នៃ​ការបង្ខំឱ្យ​ផ្លាស់​ប្តូរ​កន្លែង​រស់នៅនិង​ចំណាក​ស្រុក​មិន​ធម្មតា​ដោយ​មាន​រួម​បញ្ចូលការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​ភាពគ្មាន​ទោសពៃរ៍ ​ធ្វើ​តាម​កាតព្វកិច្ចខ្លួនក្នុង​ការការពារពួក​ជន​ភៀសខ្លួន​ និង​ធ្វើការ​ជា​មួយដៃគូដើម្បី​ឧបត្ថម្ភ​ផ្ចុងផ្តើម​ឱកាស​ និង​ភាពសំបូរ​រុងរឿងសម្រាប់​ប្រជារាស្ត្រ​ និង​សហគមន៍​នៅ​ទូទាំង​តំបន់៕

XS
SM
MD
LG