Accessibility links

Breaking News

បទវិចារណកថា៖ អាមេរិក​និង​ឥណ្ឌា ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា


លោក Mark Esper (ឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និងរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ក្នុង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ នៅ​ទីក្រុង New Delhi នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌា ​បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀងគ្រឹះ​ថ្មី​មួយ​ខាង​កិច្ច​ការពារប្រទេសនៅក្នុង​អំឡុងទស្សនកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. លោក Mike Pompeo និង​លោក Mark Esper ​រដ្ឋមន្ត្រីការពារ​ជាតិស.រ.អា។

កិច្ច​ព្រមព្រៀងដែល​ហៅ​ថា កិច្ច​ព្រមព្រៀងស្តី​ពី​«ការ​ផ្លាស់​ប្តូរ​គ្នា​និង​កិច្ច​សហប្រតិបត្តិការ​ ជា​មូលដ្ឋាន» ​ឬ​ BECA (Basic Exchange and Cooperation Agreement) នេះ នឹងអនុញ្ញាត​ឱ្យ​អាជ្ញាធរ​ស.រ.អា ​និង​ឥណ្ឌា​ពង្រឹងការ​សម្របសម្រួលរវាង​ពួក​បុគ្គលិក និង​ប្រព័ន្ធ​ការពារ​ប្រទេស​របស់​យើង។

លោក​រដ្ឋមន្ត្រី​ Pompeo បាន​មានប្រសាសន៍​ថា​ ស.រ.អា ​និង​ប្រទេស​ឥណ្ឌា​ កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការរបស់​ពួក​គេ​ក្នុងគ្រប់វិស័យនៅ​ចំពោះ​មុខការ​គំរាម​កំហែងដោយគណបក្ស​កុម្មុយនីស្ត​ចិន​ ​ហៅ​កាត់​ថា​ CCP។​

លោក Pompeo បាន​និយាយថា៖ «ពួកមេដឹកនាំ​របស់​យើងនិងពួក​ពលរដ្ឋ​របស់​យើងឃើញ​ច្បាស់ឡើងៗ​ថា ​គណបក្សកុម្មុយនីស្ត​ចិន មិនមែន​ជា​មិត្តភក្តិជាមួយ​លទ្ធិ​ប្រជាធិបតេយ្យ​ នីតិរដ្ឋ តម្លាភាព និង​សេរីភាព​នាវាចរណ៍ដែល​ជា​គ្រឹះ​នៃ​តំបន់ Indo-Pacific សេរី បើក​ចំហ​ និង​មាន​ភាព​សម្បូរ​រុង​រឿង​ទេ»។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា Esper បានប្រកាស​ថា នៅពេល​ពិភពលោក​ប្រឈម​នឹង​ការ​រាតត្បាត​ជា​សាកលនៃ​ជំងឺ​កូវីដ១៩​ និង​ឧបសគ្គ​ខាង​សន្តិសុខ ភាព​ជា​ដៃ​គូ​រវាងស.រ.អា​ និង​ប្រទេស​ឥណ្ឌា​ មាន​សារៈសំខាន់ជាង​ពេលណាៗ​ទាំង​អស់ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា ​មានសន្តិសុខ ស្ថិរភាពនិងវិបុលភាព​នៅ​ក្នុង​តំបន់​នោះ​និង​ក្នុង​ពិភពលោក។

លោក​រដ្ឋមន្ត្រី Esper បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​ពេល​១៥​ឆ្នាំក្រោយមានក្របខណ្ឌ​ការពារ​ប្រទេសទី​មួយរវាង​ស.រ.អា ​និង​ប្រទេសឥណ្ឌា​ ចំណង​ទាក់ទង​គ្នាខាង​ការពារ​ប្រទេសរវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ជា​សរសរ​ស្តម្ភ​សំខាន់​មួយ​នៃទំនាក់ទំនងទ្វេភាគី​ទាំង​មូល​របស់​យើង។ ផ្អែក​លើគុណតម្លៃ​ដូច​គ្នា និង​ផល​ប្រយោជន៍​រួម​ យើង​ឈរ​កៀក​ស្មា​គ្នា​ក្នុង​ការ​គាំទ្រតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) ដែល​សេរី ​និងបើក​ចំហ​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា​ ជា​ពិសេស​នៅ​ពេល​មានកំណើន​សកម្មភាពឈ្លានពាន​ និង​អស្ថិរភាពដោយ​ប្រទេស​ចិន»។

លោក​រដ្ឋមន្ត្រី​ Esper បាន​មាន​ប្រសាសន៍​ថា ស.រ.អា បានបញ្ជាក់​ជា​ថ្មីអំពី​ការ​ប្តេជ្ញា​របស់​ខ្លួនដល់​ភាព​ជា​ដៃគូទូលំទូលាយ​ខាង​កិច្ច​ការពារ​ប្រទេស​ជាមួយ​ប្រទេស​ឥណ្ឌានិង​ពិភាក្សាឱកាសដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការសន្តិសុខ​ក្នុង​តំបន់​ ការ​ទាក់ទង​រវាង​ស្ថាប័ន​យោធា​ទាំង​ពីរ និង​ទំនាក់ទំនងពាណិជ្ជកម្មខាង​ការពារ​ប្រទេស។​ ទាំង​នេះ​មានរួម​បញ្ចូលការ​បង្កើន​កិច្ច​សហប្រតិបត្តិការយោធាទ្វេភាគី​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា អាស៊ី​អាគ្នេយ៍​ និង​តំបន់​ Indo-Pacific។

កិច្ច​សហប្រតិបត្តិការ​យោធា​រវាងស.រ.អា និង​ប្រទេស​ឥណ្ឌា​ បាន​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ដោយ​សមយុទ្ធរួម​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​ រវាង​កងទ័ព​ជើង​ទឹក​ឥណ្ឌា​និងកង​នាវា​ចម្បាំងដឹកនាំ​ដោយ​នាវាផ្ទុកយន្តហោះចម្បាំង USS Nimitz។ បន្ថែម​ពី​លើ​នេះ​ ស.រ.អា ​មាន​ការ​ប្តូរសម្ព័ន្ធ​យោធាជា​មួយ​ប្រទេសឥណ្ឌា ហើយ​កំពុង​ធ្វើ​ការដើម្បី​បង្កើតការ​សន្ទនា​គ្នា​ថ្មី​ខាងប្រព័ន្ធ​អ៊ីនធឺណិត​និង​ខាង​អវកាស ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការក្នុង​វិស័យ​នានា​ ​ដែលនៅ​ទី​នោះប្រទេស​ទាំង​ពីរប្រឈម​នឹងការ​គំរាមកំហែងដែល​លេច​ឡើង។

ភាពជាដៃ​គូ​រវាង​ស.រ.អា​ និងប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​ជាង​គេ​ក្នុង​ពិភពលោក នៅ​តែ​រឹងប៉ឹង​ ខ្លាំងក្លានិង​លូតលាស់​ថែម​ទៀត៕

XS
SM
MD
LG