Accessibility links

Breaking News

បទវិចារណ​កថា៖ អ្នក​សារព័ត៌មាន​រងគ្រោះ​ខ្លាំង​នៅ​គុយបា


លោក Robert de Jesus Quinnones គឺជាអ្នក​សារព័ត៌មាន​ឯករាជ្យម្នាក់ នៅ​គុយបា​​។
លោក Robert de Jesus Quinnones គឺជាអ្នក​សារព័ត៌មាន​ឯករាជ្យម្នាក់ នៅ​គុយបា​​។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក Robert de Jesus Quinnones ជាអ្នក​សារព័ត៌មាន​ឯករាជ្យ​គុយបានៅ​ទី​បំផុត​បាន​ជួប​ជុំជាមួយ​ក្រុមគ្រួសារ​របស់​លោក​ឡើង​វិញបន្ទាប់ពី​ទទួលរងការ​ឈឺ​ចាប់​ដ៏​ហួស​ប្រមាណ​ជា​អ្នក​ទោស​មនសិការ​នៅ​ក្នុង​ប្រទេស​គុយបា​មក។

ខណៈ​ដែលអបអរ​នឹង​ដំណឹង​នៃការ​ដោះលែង​លោក​នេះ សហរដ្ឋអាមេរិក​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ចាប់​ដាក់​ពន្ធនាគារ​ដ៏​អយុត្តិធម៌ដោយ​សារ​គ្រាន់​តែ​លោក​បានបំពេញការងារ​ធម្មតា​របស់​លោកប៉ុណ្ណោះ។ នេះ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo។​

កាលពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៩ របប​គុយបា​បាន​ចោទ​ប្រកាន់​លោក Quiñones ពី​បទ​ចោទមិន​ប្រាកដប្រជា​ចំពោះ​ការ​ប្រឆាំងនិង​ការ​មិន​ស្តាប់​បង្គាប់​ហើយ​បាន​កាត់ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​នៅ​ក្នុង​ជំរំ​ការងារ។ ការឃុំ​ឃាំង​និង​ការកាត់​ទោស​លោក​ត្រូវ​បាន​កត់​សម្គាល់​ដោយ​ការ​មិនគោរព​ច្បាប់​ស្តែងៗ​តែ​ម្តង។​

រដ្ឋអំណាច​គុយបា​ទើប​តែ​បានជូន​ដំណឹង​ដល់​លោក ​Quinones អំពី​បទ​ចោទ​ប្រកាន់​ប្រឆាំងនឹង​លោក​នៅ​ប៉ុន្មាន​នាទីមុន​ការ​ជំនុំជម្រះ​ប៉ុណ្ណោះ​ហើយ​មិន​បាន​អនុញ្ញាតឲ្យ​លោក​មាន​មេធាវី​នៅ​ក្នុង​បន្ទប់​តុលាការ​ទេ។ រដ្ឋអាជ្ញា​របស់​របប​នោះ បាន​រារាំង​លោក Quinones មិន​ឲ្យ​បង្ហាញ​ភស្តុតាង​ពី​ការ​រង​របួស​របស់​លោក​ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស​ដែល​បាន​ចាប់​ខ្លួន​លោក។ កាល​ពី​ខែ​មីនា លោក​បាន​ត្រូវ​គេ​បដិសេធ​មិន​ឲ្យគេ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ។​

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Pompeo បាន​និយាយ​ថា៖ «វាជា​ការ​គួរ​ឲ្យ​អាម៉ាស់​ដែល​របប​គុយបា បាន​ចាប់​អ្នកសារព័ត៌មាន​ម្នាក់​ដាក់​គុក​ដែល​ឧក្រិដកម្ម​របស់​លោកគឺ​គ្រាន់​តែធ្វើ​ការ​ដើម្បី​ឲ្យ​សង្គមមាន​តម្លាភាព​កាន់​តែ​ខ្លាំងឡើង​ប៉ុណ្ណោះ។ ការណ៍​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ។ របប​នេះ ប្រើលេស​គ្រប់យ៉ាង​ដើម្បី​បំបិទ​មាត់​ក្រុម​អ្នក​រិះគន់​ហើយ​រំលោភ​សិទ្ធិ​មនុស្ស​រួម​មាន​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ទទួល​បានការ​កាត់ទោស​ត្រឹមត្រូវ​ផង»។​

​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា គុយបា​នៅ​តែ​មាន​បរិយាកាស​រឹតត្បិត​ខ្លាំងបំផុត​លើ​សារព័ត៌មាន​នៅ​ក្នុង​ទ្វីប​អាមេរិក។ អង្គការ​ដដែល​នោះ​បាន​ឲ្យ​ចំណាត់​ថ្នាក់​គុយបា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​១០ ​ដែល​មាន​ការ​ចាប់​ពិរុទ្ធ​សេរីភាព​សារព័ត៌មាន​ខ្លាំង​បំផុត។ សារព័ត៌មានបោះពុម្ភ​និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​ត្រួតត្រា​ទាំងស្រុង​ដោយ​រដ្ឋាភិបាល​កុម្មុយនិស្ត​គុយបា​ហើយតាម​ច្បាប់ បណ្តាញ​ផ្សាយ​ទាំង​នេះ«ត្រូវ​ធ្វើ​ឲ្យស្រប​ទៅ​តាម​គោលដៅ​របស់​សង្គមបែបសង្គមនិយម»។​

សហរដ្ឋ​អាមេរិក អំពាវនាវ​ដល់​ដៃគូ​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នានា​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ឲ្យ​យក​ការ​គោរព​សិទ្ធិ​មនុស្ស​រួម​មាន​សេរីភាព​សារព័ត៌មាន ជា​លក្ខខណ្ឌ​សម្រាប់​ការ​ទាក់ទង​ជាមួយ​ប្រទេស​គុយបា៕

XS
SM
MD
LG