Accessibility links

Breaking News

បទ​វិចារណកថា៖ កម្មវិធី​អភិវឌ្ឍ​របស់​ទីភ្នាក់ងារ USAID ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អាក្រក់​របស់​រដ្ឋាភិបាល​រុស្ស៊ី


តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​រុស្ស៊ី​បាន​ធ្វើ​ការ​ដើម្បី​ធ្វើឲ្យ​អន្តរាយ​ដល់​សាមគ្គីភាពរបស់​បណ្ដា​ប្រទេស​នៅ​សងខាង​មហា​សមុទ្រ​អាត្លង់ទិច និង​ធ្វើ​ឲ្យ​ស្ថាប័ន​ប្រជាធិបតេយ្យ​ចុះខ្សោយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​ពឹងផ្អែក​លើ​ខ្លួន​កាន់តែ​ខ្លាំង​ជាង​មុន។

ដោយ​ហេតុ​នេះ​ហើយ​កាលពី​រដូវ​ក្តៅ​ឆ្នាំមុន ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​ការងារ​អភិវឌ្ឍ​ទប់ទល់​ឥទ្ធិពល​អាក្រក់​របស់​រដ្ឋាភិបាល​រុស្ស៊ី ឬ CMKI ។

ទីភ្នាក់ងារ USAID កំពុង​ទប់ទល់​នឹង​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ពឹងពាក់​លើ​ខ្លួន​ឯង​នៃ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប និង​អឺរ៉ុប​អាស៊ី ដោយ​ការ​ស្ថាបនា​ភាព​ធន់​ផ្នែក​សេដ្ឋកិច្ច​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​បណ្តា​ប្រទេស​ជា​ដៃគូ។

លោក Brock Bierman ឧបការី​រដ្ឋបាល​ទទួល​បន្ទុក​កិច្ចការ​តំបន់​អឺរ៉ុប​និង​អឺរ៉ុប​អាស៊ី នៃ​ទីភ្នាក់ងារ USAID បាន​និយាយ​ថា តាម​ការពិត គម្រោង CMKI «មិនមែន​អំពី​ប្រទេស​រុស្ស៊ី និង​ប្រជាពលរដ្ឋ​រុស្ស៊ី​នោះ​ទេ»។

លោក Brock Bierman និយាយ​ថា៖ «គម្រោង​ការងារ​នេះ​រចនា​ឡើង​ដើម្បី​ជួយ​ប្រទេស​នានា​ឲ្យ​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង ពឹងពាក់​លើ​ខ្លួនឯង​កាន់តែ​ច្រើន​ជាង​មុន មាន​ភាព​ឯករាជ្យ​ម្ចាស់ការ​ជាង​មុន និង​អនុញ្ញាតិ​ឲ្យ​ពួកគេ​អាច​ធ្វើ​ការសម្រេចចិត្ត​បាន»។

លោក Brock Bierman បញ្ជាក់​ថា គម្រោង CMKI នេះ ផ្តោត​លើ​ផ្នែក​ជាក់លាក់​ចំនួន ៤ ដូច​ខាងក្រោម៖

«ទី១ លទ្ធិ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ដែល​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ជួយ​កសាង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទាំងអស់ អនុញ្ញាតិ​ឲ្យ​ប្រជាពលរដ្ឋ​អាច​សម្រេច​ជ្រើសរើស​មាគ៌ា​ខាង​មុខ​សម្រាប់​រដ្ឋាភិបាល​របស់​ពួកគេ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​បោះឆ្នោត​ជ្រើសរើស​មនុស្ស​ដែល​ពួកគេ​ចង់​ឲ្យ​តំណាង​ពួកគេ​នៅ​ក្នុង​រដ្ឋាភិបាល»។

«ទី២ យើង​កំពុង​ធ្វើការ​ទាក់ទិន​នឹង​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ វា​មាន​សារៈសំខាន់​ណាស់​ដែល​ពលរដ្ឋ​អាច​ពឹងផ្អែក​លើ​កន្លែង​ណា​ដែល​ពួកគេ​អាច​ទទួល​បាន​ព័ត៌មាន។យើង​នឹង​ជួយ​ចំពោះ​បញ្ហា​នេះ»។

«ទី៣ យើង​ក៏​កំពុង​ជួយ​នៅ​ក្នុង​វិស័យ​ថាមពល​ផង​ដែរ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ជួយ​ប្រទេស​ទាំង​នោះ​ឲ្យ​មាន​ឯករាជ្យ​ភាព​កាន់តែ​ខ្លាំងឡើង​លើ​វិស័យ​ថាមពល»។

ចំណុច​ទី ៤ គឺ​ទាក់ទិន​នឹង​បញ្ហា​សេដ្ឋកិច្ច និង​ការ​អនុញ្ញាតិ​ឲ្យ​ប្រទេស​ទាំងនោះ​សម្រេច​ថា​តើ​ពួកគេ​ចង់​ផ្តោត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ភាពជា​ដៃគូ​របស់​ពួកគេ​នៅ​កន្លែង​ណា។

លោក Bierman បញ្ជាក់​ថា៖ «ផ្ទុយ​ពី​រដ្ឋាភិបាល​រុស្ស៊ី សហរដ្ឋ​អាមេរិក​មាន​តម្លាភាព​ណាស់»។

មិន​ត្រឹមតែ​រដ្ឋាភិបាល​រុស្ស៊ី​និង​ក្រុម​តំណាង​រដ្ឋាភិបាល​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ដែល​ចង់​ឲ្យ​ប្រទេស​ដទៃ​មាន​ការ​ពឹងពាក់​លើ​ខ្លួន​នោះ គេ​ក៏​ឃើញ​ផង​ដែរ​ថា តួអង្គ​អាក្រក់​ផ្សេង​ទៀត​បាន​ប្រើ​កលល្បិច​ផ្សេង​ដើម្បី​ជះ​ឥទ្ធិពល​បន្ថែម​ទៀត​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ងាយ​រងគ្រោះ។

លោក Bierman បាន​លើកឡើង​ថា តួអង្គ​អាក្រក់​ទាំង​នោះ​មាន​ដូចជា សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ក្រុមហ៊ុន​របស់​ខ្លួន​ដែល​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​ពុករលួយ​ជា​ដើម។

លោក Bierman ថ្លែង​ដូច្នេះ​ថា៖ «ជា​ថ្មី​ម្ដង​ទៀត យើង​កំពុង​ស្វះស្វែង​ធ្វើ​ឲ្យ​ច្បាស់​ថា យើង​ជួយ​ប្រទេស​នានា​ឲ្យ​ក្លាយជា​ប្រទេស​អាច​ពឹងផ្អែក​លើ​ខ្លួនឯង​បាន។ ពួកគេ​យល់​អំពី​កិច្ច​ព្រមព្រៀង​ដែល​ពួកគេ​កំពុង​ធ្វើ​ជាមួយ​ប្រទេស​ចិន ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​យល់​ថា បច្ចេកវិទ្យា​ដែល​ពួកគេ​កំពុង​ប្រើប្រាស់​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សន្តិសុខ និង​អាច​ប៉ះពាល់​ដល់​ព័ត៌មាន​ឯកជន​របស់​ខ្លួន និង​ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា ទោះបីវា​ជា​បច្ចេកវិទ្យា​ឬ​ក៏​ឧបករណ៍​ក៏ដោយ គឺ​ពួកគេ​ត្រូវតែ​យល់​ឲ្យ​បាន​ច្បាស់​នៅពេល​ដែល​ពួកគេ​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ និង​យល់​អំពី​លទ្ធផល​ដែល​បាន​មក​ពី​ការ​ចុះ​ហត្ថលេខា​នោះ មិនថា​ពួកគេ​ចុះ​ហត្ថលេខា​ដើម្បី​ទទួល​បាន​បច្ចេកវិទ្យា​នោះ ឬ​ក៏​ពួកគេ​ខកខាន​មិន​បាន​សង​ប្រាក់​កម្ចី​របស់​ខ្លួន​ក៏ដោយ»។

លោក Bierman បាន​ណែនាំ​ថា អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​កម្មវិធី CKMI សូម​ចូល​ទៅកាន់​វិបសាយ​ដែល​មាន​អាស័យដ្ឋាន https://www.usaid.gov ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កិច្ចការ​របស់​ទីភ្នាក់ងារ USAID៕

XS
SM
MD
LG