សំណើដ៏ភ្ញាក់ផ្អើលមួយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលថាសហរដ្ឋអាមេរិកគួរតែកាន់កាប់តំបន់ហ្កាហ្សាហើយកសាងតំបន់នោះឡើងវិញបានបង្កឲ្យមានសំណួរជាច្រើន។
ក៏ប៉ុន្តែអ្វីដែលមិនគួរឲ្យមានចម្ងល់គឺភាពរន្ធត់នៃស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាមរយៈពេល ១៦ ខែដែលបង្កឡើងដោយការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
ហើយអ្វីដែលមិនគួរឲ្យមានចម្ងល់ផងដែរនោះគឺភាពពិតជាក់ស្ដែង ដូចដែលអ្នកនាំពាក្យសេតវិមានអ្នកស្រី Karoline Leavitt បាននិយាយដូច្នេះថា «ភាពឆ្កួតវង្វេងកំពុងធ្វើរឿងដដែលម្តងហើយម្តងទៀតដោយរំពឹងថានឹងទទួលបានលទ្ធផលផ្សេង»។
អ្នកស្រី Leavitt បានថ្លែងថា៖ «លោកប្រធានាធិបតី Trumpជាអ្នកគិតផុតពីអ្វីដែលគេគិតឃើញ និងជាមេដឹកនាំប្រកបដោយចក្ខុវិស័យដែលដោះស្រាយបញ្ហានានាដែលមនុស្សជាច្រើន ជាពិសេសនៅក្នុងទីក្រុងនេះ អះអាងថាមិនអាចដោះស្រាយបាន»។
អ្នកស្រី Leavitt បាននិយាយទៀតថា សំណើរបស់លោកប្រធានាធិបតី Trump អំពីតំបន់ហ្កាហ្សាត្រូវបានធ្វើឡើង «ដោយសណ្តានចិត្តមនុស្សធម៌»។
នៅឯសន្និសីទកាសែតមួយជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Walz បេសកជនពិសេសទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff ដែលបានវិលត្រឡប់កាលពីពេលថ្មីៗមកពីដំណើរបំពេញទស្សនកិច្ចនៅតំបន់ហ្កាហ្សា បានពណ៌នាការបំផ្លិចបំផ្លាញដែលលោកបានឃើញនៅទីនោះយ៉ាងដូច្នេះថា៖ «មានយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣០.០០០ គ្រាប់។ អាគារនានាអាចដួលរលំគ្រប់ពេលទាំងអស់។ មិនមានទឹក អគ្គីសនី និងហ្គាសអ្វីទាំងអស់នៅទីនោះ។ ទឹក អគ្គីសនី និងហ្គាសមិនដំណើរការទាំងអស់។ ព្រះជាម្ចាស់ដឹងពីប្រភេទជំងឺអ្វីដែលប្រហែលជាកើតឡើងនៅទីនោះ។ ដូច្នេះ នៅពេលដែលលោកប្រធានាធិបតី [Trump] ពិភាក្សាអំពីការបោសសម្អាត លោកចង់និយាយអំពីការធ្វើឲ្យតំបន់នោះអាចរស់នៅបាន»។
លោកបេសកជនពិសេស Witkoff បានសង្កត់ធ្ងន់ថាផែនការរបស់លោកប្រធានាធិបតី Trump គឺជាផែនការរយៈពេលវែង។
លោក Witkoff និយាយដូច្នេះថា៖ «លោកប្រធានាធិបតី [Trump] មានគោលបំណងធ្វើអ្វីៗទាំងអស់ឱ្យបានចប់សព្វគ្រប់ដោយត្រឹមត្រូវ។ ដូច្នេះ សម្រាប់ខ្ញុំ វាជាការមិនត្រឹមត្រូវដែលត្រូវពន្យល់ទៅប្រជាពលរដ្ឋប៉ាឡេស្ទីនថាពួកគេប្រហែលជាអាចវិលត្រឡប់ទៅវិញក្នុងរយៈពេល ៥ ឆ្នាំ។ វាគឺមិនទំនងនោះទេ។ ...ហើយអ្វីដែលយើងកំពុងព្យាយាមធ្វើគឺការធ្វើឲ្យមានតម្លាភាពចំពោះប្រជាពលរដ្ឋទាំងនោះ»។
លោកបេសកជនពិសេស Witkoff បាននិយាយទៀតថា បញ្ហាសំខាន់មួយដែលត្រូវដោះស្រាយគឺទីកន្លែងដែលប្រជាពលរដ្ឋប៉ាឡេស្ទីននឹងទៅនៅពេលដែលតំបន់ហ្កាហ្សាត្រូវបានកសាងឡើងវិញ។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Walzបាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រឡូកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ហើយសម្លឹងទៅពួកគេដើម្បីសុំការជួយជ្រោមជ្រែង។
លោកថ្លែងដូច្នេះថា៖ «យើងត្រូវតែដោះស្រាយបញ្ហានេះរួមគ្នា។ មនុស្សគ្រប់រូបឈឺចាប់គ្រាំគ្រាដោយសារសង្គ្រាមដែលក្រុមហាម៉ាស់បានចាប់ផ្តើមនេះ។ … ក៏ប៉ុន្តែ ឥឡូវនេះយើងត្រូវតែរកឱ្យឃើញនូវ [ដំណោះស្រាយ] មួយចំនួនចំពោះបញ្ហានេះ។ ខ្ញុំគិតថាលោកប្រធានាធិបតី [Trump] បានចាត់វិធានការប្រកបដោយសុភវិនិច្ឆ័យបំផុត»។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Leavitt បាននិយាយថា៖ «យើងមានមនុស្សដដែលដែលកំពុងជំរុញឱ្យមានដំណោះស្រាយដដែលនេះអស់រាប់ទសវត្សរ៍មកហើយ។ ហើយវាបានបញ្ជាក់យ៉ាងច្បាស់ចំពោះលោកប្រធានាធិបតី [Trump] ថាសហរដ្ឋអាមេរិកចាំបាច់ត្រូវតែពាក់ព័ន្ធនៅក្នុងកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញនេះដើម្បីធានានូវស្ថិរភាពនៅក្នុងតំបន់នេះសម្រាប់ប្រជាពលរដ្ឋទាំងអស់»៕
បទវិចារណកថា៖ ការកសាងតំបន់ហ្កាហ្សាឡើងវិញ
