Accessibility links

Breaking News

បទវិចារណកថា៖ ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​អឌ្ឍគោល​ខាង​លិច


តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​

លោក​ឯកអគ្គរដ្ឋទូត Michael Kozak ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អឌ្ឍគោល​ខាង​លិច បាន​ថ្លែង​ថា៖

«ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅអាមេរិក​ឡាទីនមាន​សារៈសំខាន់​ជា​ពិសេស​នៅ​ពេល​នេះ ខណៈ​ដែល​តំបន់​ទាំង​មូល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ និង​សម្លឹង​ទៅ​រក​មាគ៌ា​មួយ​ឆ្ពោះ​ទៅ​ការ​រើប​ឡើង​វិញ​ពីវិបត្តិ​នេះ»។

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ចម្បង​សម្រាប់​បណ្តា​ប្រទេស​ពីរ​ភាគ​បី​នៃ​តំបន់​អឌ្ឍគោល​ខាង​លិច [អាមេរិក​ខាង​ជើង​និង​អាមេរិក​ខាង​ត្បូង]។

ខណៈ​ដែល​សេដ្ឋកិច្ចនានា​នៅ​ក្នុង​តំបន់​នេះ​ចាប់​ផ្តើម​បើក​ឡើង​វិញ សហរដ្ឋ​អាមេរិក​នឹង​ចូល​រួម​ចំណែក​របស់​ខ្លួន​ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ១៩ តាម​រយៈ​កម្មវិធី​«កំណើន​នៅ​ទ្វីប​អាមេរិក» (Growth in the Americas) ឬ América Crece។

បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​ប្រឈម​នឹង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ខ្លាំង ដែល​រឹតត្បិត​ការ​លូតលាស់​សេដ្ឋកិច្ច។ កម្មវិធី América Crece​ ផ្តល់​នូវ​ធនធាន​និង​ជំនាញ​របស់រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ទាក់ទាញ​ការ​វិនិយោគឯកជន​ចូល​ក្នុង​វិស័យ​ថាមពល ការ​ដឹក​ជញ្ជូន និង​ហេដ្ឋារចនា​សម្ព័ន្ធ​ទូរគមនាគមន៍​នៅទូទាំង​តំបន់។​

មក​ទល់​នឹង​ពេល​នេះ សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង América Crece ជាមួយ​ប្រទេស​ដៃគូ​ចំនួន​១០ ​គឺ ប៉ាណាម៉ា ឈីលី ហ្សាម៉ាអ៊ីក (Jamaica) អាហ្សង់ទីន កូឡុំប៊ី ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស អែលសាល់វ៉ាឌ័រ អេក្វាទ័រ ប្រេស៊ីល ហុងឌូរ៉ាស និង​បូលីវី។ កិច្ចព្រមព្រៀង​ទាំង​នេះ​រួម​មាន​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ជា​ដៃគូ​ក្នុង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​តម្លាភាព​ដែល​ស្រប​នឹង​គោលការណ៍​អនុវត្ត​អន្តរជាតិ។

សាជីវកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា DFC ជា​ធនាគារ​អភិវឌ្ឍ​របស់​អាមេរិក និង​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​សម្រាប់ជំរុញ​ការ​វិនិយោគ​ដើម្បី​គាំទ្រ​កម្មវិធី América Crece។ សហរដ្ឋ​អាមេរិក​រំពឹង​ថា ​DFC នឹង​ជំរុញ​ការ​វិនិយោគ​យ៉ាង​តិច​តម្លៃ​១២ ​ពាន់​លាន​ដុល្លារនៅ​ក្នុងតំបន់​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ខាង​មុខ។​

តួអង្គ​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​បណ្តា​ប្រទេស​នៅ​អឌ្ឍគោល​ខាង​លិច​ គឺ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា រួម​ទាំង​ធនាគារអភិវឌ្ឍន៍​អន្តរអាមេរិក (Inter-American Development Bank)។

លទ្ធិប្រជាធិបតេយ្យ​មាន​ភាពចាំបាច់​សម្រាប់​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​រឹងមាំ​និងអនាគត​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ទ្វីប​អាមេរិក។ វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ បាន​លាត​ត្រដាង​ពី​សារៈសំខាន់​នៃ​សង្វាក់​ផ្គត់ផ្គង់​នឹងនរ ជាមួយ​នឹង​ដៃគូ​ដ៏​គួរ​ទុក​ចិត្ត​បាន។

លោក​ឯកអគ្គរដ្ឋទូត Kozak​ បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​នានា រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង ​«ត្រូវ​កាត់​បន្ថយ​ភាព​ពឹងផ្អែក​ទៅ​លើ​ទំនិញ​ផលិត​ដោយ​ប្រទេស​ចិន»។ ហេតុ​នេះ​ហើយ «សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ពង្រឹង​និង​ពង្រីក​សមាសភាព​នៃ​សង្វាក់​ផ្គត់ផ្គង់​ដើម្បី​ស្ថាបនា​ឡើង​វិញ​នូវ​សង្វាក់​ផ្គត់ផ្គង់​រវាង​អាមេរិក​ខាង​ជើង​និង​អាមេរិក​ខាង​ត្បូង។ គោលដៅ​គឺ​ផ្ទេរ​ទាំង​ប្រភព​ធនធាន​ដើម​និង​សង្វាក់​ផលិតកម្ម​ឲ្យ​មកប្រទេស​យើង​វិញ»។​

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ដើរ​តួ​ជា​ដៃគូ​ចម្បង​ក្នុង​ការ​ជួយ​តំបន់​អឌ្ឍគោល​ខាង​លិច ឲ្យ​រួច​ផុត​ពី​ការ​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ លោក​ឯកអគ្គរដ្ឋទូត Kozak ថ្លែង​ថា ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​តែ​ជា​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​និង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​អឌ្ឍគោល​សេរីភាព​មួយ៕

XS
SM
MD
LG