តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជនជាតិ Uighur (អ៊ុយហ្គ័រ) កាន់សាសនាឥស្លាម រួមទាំងក្រុមជនជាតិនិងក្រុមសាសនាភាគតិចផ្សេងទៀត ជាងមួយលាននាក់ ត្រូវបានបង្ខំឲ្យរស់នៅក្នុងជំរំឃុំឃាំង។
បព្វជិតគ្រិស្តសាសនានិកាយកាតូលិកត្រូវបានចាប់ដាក់ពន្ធនាគារ។ ពុទ្ធសាសនិកជាជនជាតិទីបេតិ៍ត្រូវបានចាប់ខ្លួន។ គម្ពីរគ្រិស្តសាសនា និងគម្ពីរឥស្លាមសាសនា ត្រូវបានតាក់តែងឡើងវិញ។ វិហារគ្រិស្តសាសនានិកាយប្រូតេស្ដង់ត្រូវបានកម្ទេចចោល។
ការរំលោភសិទ្ធិមនុស្សទាំងនេះ និងការរំលោភបំពានផ្សេងទៀត បានកើតឡើង នៅពេលដែលសាធារណរដ្ឋប្រជាមានិតចិនប្រឹងប្រែង «កែប្រែឲ្យទៅជាលក្ខណៈចិន» នូវរាល់សាសនានិងជំនឿទាំងអស់ និងធ្វើយ៉ាងណាឲ្យសាសនានិងជំនឿទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងបែបផ្ដាច់ការ និងមនោគមវិជ្ជាទាំងស្រុងរបស់គណបក្សកុម្មុយនីស្តចិន។
នៅក្នុងសន្និសីទមួយកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំបុរីវ៉ាទីកង់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់ថា គ្មានកន្លែងណាមួយនៅលើពិភពលោកដែលសេរីភាពសាសនារងការរំលោភបំពានខ្លាំងក្លា ជាងនៅប្រទេសចិននោះទេ។
លោករដ្ឋមន្ត្រី Pompeo ថ្លែងដូច្នេះថា៖ «មូលហេតុគឺដោយសារតែ ដូចទៅនឹងរបបកុម្មុយនីស្តទាំងអស់ផងដែរ គណបក្សកុម្មុយនីស្តចិនចាត់ទុកខ្លួនឯងថាជាអាជ្ញាធរផ្នែកសីលធម៌ចម្បងបំផុត។ ដោយមានការភ័យខ្លាចចំពោះកង្វះភាពស្របច្បាប់បែបប្រជាធិបតេយ្យរបស់ខ្លួន គណបក្សកុម្មុយនីស្តចិនដែលកាន់តែឃោរឃៅឡើង បានខិតខំទាំងថ្ងៃទាំងយប់ ដើម្បីបំផ្លាញពន្លឺនៃសេរីភាព ជាពិសេសសេរីភាពសាសនា ក្នុងទ្រង់ទ្រាយធំដ៏គួរឲ្យរន្ធត់ភ្ញាក់ផ្អើលមួយ»។
លោករដ្ឋមន្ត្រី Pompeo បានថ្លែងដូច្នេះ ស្របពេលដែលបុរីវ៉ាទីកង់ និងរដ្ឋាភិបាលក្រុងប៉េកាំងកំពុងចរចាគ្នាអំពីការពន្យារបន្ថែមនូវកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំដ៏ប្រទាំងប្រទើសមួយ ស្ដីពីការតែងតាំងសម្ដេចសង្ឃគ្រិស្តសាសនានិកាយកាតូលិកនៅក្នុងប្រទេសចិន។
លោករដ្ឋមន្ត្រី Pompeo បានបង្អុលបង្ហាញអំពីអំណាចជាសាក្សីផ្នែកសីលធម៌នៃវិហារកាតូលិកដែលតំណាងជាសាកលដោយបុរីវ៉ាទីកង់ និងបានលើកឡើងអំពីតួនាទីរបស់វិហារកាតូលិកនៅក្នុងការជំរុញទឹកចិត្តដល់អ្នករស់នៅក្នុងតំបន់ភាគកណ្ដាល និងភាគខាងកើតនៃទ្វីបអឺរ៉ុប ដែលបានរំដោះខ្លួនពីរបបកុម្មុយនីស្តនៅចុងសតវត្សទី ២០ ក៏ដូចជាការប្រឈមរបស់វិហារគ្រិស្តសាសនាកាតូលិកចំពោះរបបផ្ដាច់ការនៅតំបន់អាមេរិកឡាទីន ដែលបានជួយឲ្យមានការផ្លាស់ប្ដូរទៅរករបបប្រជាធិបតេយ្យផងដែរ។
លោករដ្ឋមន្ត្រី Pompeo ថ្លែងដូច្នេះថា៖ «នៅក្នុងសហរដ្ឋអាមេរិក ចលនានៅក្នុងការបញ្ចប់ទាសភាពនៅសតវត្សទី ១៩ និងនៅក្នុងការពង្រីកសិទ្ធិពលរដ្ឋសម្រាប់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅនៅសតវត្សទី ២០ គឺភាគច្រើនដឹកនាំដោយអ្នកកាន់សាសនាគ្រិស្តនៃនិកាយជាច្រើន ដែលបានបង្ហាញឲ្យឃើញនូវកេរតំណែលរួមនៃសាសនាជ្វីហ្វនិងសាសនាគ្រិស្ត ក៏ដូចជាគោលការណ៍ស្នូលនានាដែលបានបង្កើតសហរដ្ឋអាមេរិកឡើងផងដែរ»។
លោករដ្ឋមន្ត្រី Pompeo បានជំរុញបណ្ដាមេដឹកនាំសាសនាទាំងអស់ឲ្យហ៊ាននិយាយប្រឆាំងនឹងការប៉ុនប៉ងរបស់គណបក្សកុម្មុយនីស្តចិននៅក្នុងការលុបបំបាត់សេរីភាពសាសនា និងនៅក្នុងការពត់តម្រង់សហគមន៍សាសនាទាំងអស់ឲ្យស្របទៅតាមគោលបំណងនៃកម្មវិធីផ្ដាច់ការរបស់ខ្លួន។
លោករដ្ឋមន្ត្រី Pompeo បានបន្ថែមថា នៅក្នុងប្រទេសចិន «អនាគតនៃសេរីភាពសាសនាគឺអាស្រ័យលើសកម្មភាពនៃសាក្សីផ្នែកសីលធម៌ទាំងនេះ»៕