តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សាធារណរដ្ឋប្រជាមានិតចិននៅបន្តយុទ្ធនាការរបស់ខ្លួនដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ហើយអ្នកតស៊ូមតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅបន្តរងគ្រោះដោយសារការគាំទ្ររបស់ពួកគេលើសេរីភាពជាមូលដ្ឋាន។
កាលពីថ្ងៃទី១ ខែមេសា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនាំមុខរបស់ទីក្រុងហុងកុងចំនួន ៧ នាក់ ត្រូវបានផ្តន្ទាទោសពីបទជួបជុំដោយគ្មានការអនុញ្ញាត ទាក់ទិននឹងការចូលរួមរបស់ពួកគេនៅក្នុងការតវ៉ាដោយសន្តិវិធីមួយកាលពីខែសីហា ឆ្នាំ ២០១៩។
ក្នុងចំណោមនោះ មានលោក Martin Lee ដែលជាមេធាវីអាយុ ៨២ ឆ្នាំ និងលោក Jimmy Lai ដែលជាអ្នកមានឥទ្ធិពលផ្នែកប្រព័ន្ធផ្សព្វផ្សាយផងដែរ។ អ្នកតវ៉ាដោយសន្តិវិធីផ្សេងទៀតមានដូចជា អតីតសមាជិកសភាគណបក្សប្រឆាំងអ្នកស្រី Margaret Ng និងសកម្មជនជើងចាស់ ៤ រូបទៀត គឺលោក Lee Cheuk-yan លោក Leung-Kwok លោក Albert Ho និងអ្នកស្រី Cyd Ho។
កាលពីថ្ងៃទី ៨ ខែមេសា នៅក្នុងសំណុំរឿងមួយផ្សេងទៀត លោក Jimmy Lai និងលោក Lee Cheuk-yan ក៏ដូចជាលោក Yeung Sam ដែលជាសកម្មជនផងដែរ បានសារភាពទទួលកំហុសថាបានចូលរួមនៅក្នុងការដើរក្បួនតវ៉ាខុសច្បាប់។
លោក Lee Cheuk-yan បាននិយាយថា៖ «ខ្ញុំសារភាពទទួលកំហុស ប៉ុន្តែខ្ញុំមិនបានធ្វើខុសនោះទេទាក់ទិននឹងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការដើរក្បួនតវ៉ា ហើយខ្ញុំជឿថា ប្រវត្តិសាស្ត្រនឹងលើកលែងទោសឲ្យខ្ញុំ»។
ការតវ៉ាទ្រង់ទ្រាយធំនៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ ២០១៩ បានផ្ទុះឡើង ដើម្បីជាការប្រឆាំងទៅនឹងសំណើច្បាប់បត្យាប័ន ដែលជាសំណើច្បាប់អនុញ្ញាតឲ្យមានការកាត់ទោសពលរដ្ឋហុងកុងនៅក្នុងតុលាការរបស់ប្រទេសចិនដីគោកបាន។
នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិនបានអនុវត្តច្បាប់សន្តិសុខជាតិដ៏តឹងតែង និងបានធ្វើការផ្លាស់ប្ដូរខ្លាំងក្លាលើប្រព័ន្ធបោះឆ្នោតរបស់ទីក្រុងហុងកុង ដោយបានកាត់បន្ថយយ៉ាងច្រើននូវចំនួនអាសនៈដែលជ្រើសរើសដោយផ្ទាល់តាមរយៈការបោះឆ្នោតនៅក្នុងរដ្ឋសភារបស់ទីក្រុងហុងកុង។ បន្ថែមពីលើនេះទៀត អ្នកតវ៉ារាប់ពាន់នាក់និងមេដឹកនាំដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យចម្បងៗជាច្រើន ត្រូវបានចាប់ខ្លួននៅក្រោមច្បាប់សន្តិសុខជាតិថ្មីនេះ និងច្បាប់ផ្សេងៗទៀត។
នៅក្នុងការថ្លែងអំពីការផ្តន្ទាទោសកាលពីថ្ងៃទី ១ ខែមេសាលើសកម្មជនលទ្ធិប្រជាធិបតេយ្យហុងកុងទាំង ៧ នាក់ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានហៅបទចោទប្រកាន់លើអ្នកទាំងនោះថា «មានលក្ខណៈនយោបាយ»។
លោក Price បានបញ្ជាក់ថា បទចោទប្រកាន់ទាំងនេះ ជាថ្មីម្ដងទៀតបានបង្ហាញនូវ «កម្រិតដែលអាជ្ញាធរចិននិងអាជ្ញាធរហុងកុងស្វះស្វែងកម្ទេចរាល់ទម្រង់ប្រឆាំងដោយសន្តិវិធីទាំងអស់នៅក្នុងទីក្រុងហុងកុង»។
លោក Price និយាយដូច្នេះថា៖ «សហរដ្ឋអាមេរិកនៅបន្តថ្កោលទោសការបង្ក្រាបជាបន្តរបស់សាធារណរដ្ឋប្រជាមានិតចិនលើសេរីភាពជាមូលដ្ឋាននិងស្ថាប័នប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។ ...សហរដ្ឋអាមេរិកនៅបន្តឈរជាមួយនឹងពលរដ្ឋហុងកុងរាប់លាននាក់ ដែលបានធ្វើការតវ៉ាដោយសន្តិវិធីក្នុងគោលបំណងការពារស្វ័យភាពនិងសេរីភាព ដែលសាធារណរដ្ឋប្រជាមានិតចិនបានសន្យាផ្ដល់ឲ្យពួកគេ»។
ដោយលើកឡើងអំពីទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់លើមន្ត្រីរដ្ឋាភិបាលចិនកាលពីខែមីនា ទាក់ទិននឹងការបំផ្លាញសេរីភាពប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង លោក Price បានបន្ថែមថា៖ «យើងនឹងនៅបន្តធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ សម្រាប់អាជ្ញាធរនៅក្នុងទីក្រុងប៉េកាំង និងអាជ្ញាធរនៅក្នុងទីក្រុងហុងកុង ដែលស្វះស្វែងបំផ្លាញសេរីភាពជាមូលដ្ឋាននិងស្វ័យភាពរបស់ទីក្រុងហុងកុង»៕