Accessibility links

 
បទ​វិចារណកថា៖ ការ​វិនិយោគ​លើ​សន្តិសុខ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក
Breaking News

បទ​វិចារណកថា៖ ការ​វិនិយោគ​លើ​សន្តិសុខ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក


រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ស្វាគមន៍ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ស្វាគមន៍ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​កំពុង​វិនិយោគ​លើ​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ កាលពី​ដើម​ខែ​កុម្ភៈ អូស្ត្រាលីបាន​ចំណាយ​ថវិកា​ជា​លើក​ដំបូង​ចំនួន ៥០០ លាន​ដុល្លារ​សម្រាប់​ការ​វិនិយោគ​ដែល​មាន​ទឹកប្រាក់ ៣ ពាន់​លាន​ដុល្លារ​ដែល​បាន​សន្យា​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រីភាគី​ក្នុង​ចំណោម​ប្រទេស​ដែល​គេ​ស្គាល់​ថា AUKUS

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក PeteHegseth កាលពី​ពេល​ថ្មីៗ​នេះ​បាន​ទទួល​ជួប​ពិភាក្សា​ជា​លើក​ដំបូង​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្រ្តាលី​លោក Richard Marles

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិHegsethបាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង AUKUS និង​កិច្ច​សហប្រតិបត្តិការ​កើនឡើង​លើ​សមត្ថភាព​ក្រោម​បាតសមុទ្រ​នៅ​ក្នុង​តំបន់។

លោក Hegseth ថ្លែង​ដូច្នេះ​ថា៖«នេះ​មិន​មែន​ជា​បេសកកម្ម​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​អាមេរិក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ទេ។ វា​ត្រូវតែ[រួម​បញ្ចូល]សម្ពន្ធមិត្ត​និង​ដៃគូ​ដ៏​ខ្លាំងក្លា។ ការ​ចែក​រំលែក​បច្ចេកវិទ្យា​និង​នាវា​មុជទឹក​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​បេសកកម្ម​នេះ»

កិច្ច​ព្រមព្រៀង AUKUS ដែល​បាន​បង្កើត​ឡើង​ដំបូង​នៅ​ខែ​កញ្ញា ឆ្នាំ ២០២១ មាន​គោលដៅ​ត្របាញ់​បញ្ចូល​គ្នា​ពីរ។ គោល​បំណង​ទី​មួយ​គឺ​ការ​ប្រគល់​នាវា​មុជទឹក​បំពាក់​អាវុធ​ធម្មតា​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅ​ឱ្យ​អូស្ត្រាលី រួមជាមួយ​នឹង​ការ​វិនិយោគ​ដ៏​សំខាន់​លើ​មូលដ្ឋាន​ឧស្សាហកម្ម​របស់​ប្រទេស​ទាំង ៣។

គោល​បំណង​ទី​ពីរ​គឺ​ការ​បង្កើន​សមត្ថភាព​រួម​និង​អន្តរ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ទាំង ៣។ ករណី​នេះ​គឺ​រួម​មាន​ទាំង​ការ​ចែករំលែក​ព័ត៌មាន​ផ្នែក​បច្ចេកវិទ្យា​ដូចជា​សមត្ថភាព​ខាង​ដែន​អ៊ីនធឺណិតបច្ចេកវិទ្យា AI បច្ចេកវិទ្យា​កង់ទិក និង​សមត្ថភាព​ក្រោម​សមុទ្រ​បន្ថែម​ទៀត​ជាដើម។

នៅ​ក្នុង​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិសុខ អូស្ត្រាលី​បាន​ប្ដេជ្ញា​កាលពី​ដំបូង​ក្នុង​ការ​ទិញ​នាវា​មុជ​ទឹក​ប្រភេទ Virginia ដើរ​ដោយ​ថាមពល​នុយក្លែអ៊េរ​ចំនួន ៣ គ្រឿង​ពី​សហរដ្ឋ​អាមេរិក។ប្រទេស​ជា​ដៃគូ​នានា​ក៏​នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍ​នាវា​មុជទឹក​វាយ​ប្រហារ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ប្រភេទ​ថ្មី SSN-AUKUS ផងដែរ។ នាវា​មុជទឹក​ទាំងអស់​នៅ​ក្រោម​កិច្ច​ព្រមព្រៀងAUKUSនឹង​ធ្វើ​ទៅតាម​បទដ្ឋាន​នៃ​ការ​មិន​រីក​សាយភាយ​អាវុធ​សាកលលោក។

លោក​រដ្ឋមន្ត្រី Hegseth បាន​មាន​ប្រសាសន៍​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​គាំទ្រ​កិច្ច​ព្រមព្រៀង AUKUS និង​ការ​វិនិយោគ​លើ​វិស័យ​ការពារ​ជាតិ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

លោក​ថ្លែង​ដូច្នេះ​ថា៖«ផ្នែក​មួយ​នៃ​អ្វី​ដែល​លោក​ប្រធានាធិបតី Trump បាន​តាំងចិត្ត​ធ្វើ​គឺ​ការ​កាត់​ផ្ដាច់​ការិយាធិបតេយ្យ​ជ្រុល​ហួសហេតុ វិនិយោគ​លើ​មូលដ្ឋាន​ឧស្សាហកម្ម​ការពារ​ជាតិ និង​តាំងចិត្ត​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​ឈរ​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​យើង។...[បើ​ធ្វើ​ដូច្នេះ]យើង​នឹង​មាន​សម្ពន្ធមិត្ត​ដ៏​ល្អ​បំផុត»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​លោកMarlesបាន​និយាយ​ថា«កិច្ច​ព្រមព្រៀង AUKUS គឺជា​និមិត្តរូប​ដ៏​មាន​អំណាច​បំផុត​មួយ​របស់​ប្រទេស​យើង​ទាំង​ពីរ​ដែល​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ វា​តំណាង​ឲ្យ​ការ​កើនឡើង​ខ្លាំង​បំផុត​នៃ​វត្តមាន​របស់​អាមេរិក​នៅ​អូស្ត្រាលី»

សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​ធ្វើ​ការ​វិនិយោគ​លើ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​យើង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​ជុំវិញ​ពិភពលោក៕

XS
SM
MD
LG