Accessibility links

Breaking News

បទវិចារណកថា៖ ការកាត់​បន្ថយ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់


កងទ័ព​​​អាមេរិក​ ដែល​ត្រូវ​បាន​​ដកចេញពី​​ប្រទេស​អាហ្វហ្គានីស្ថាន​។
កងទ័ព​​​អាមេរិក​ ដែល​ត្រូវ​បាន​​ដកចេញពី​​ប្រទេស​អាហ្វហ្គានីស្ថាន​។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Christopher Miller​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកាថា​ សហរដ្ឋ​អាមេរិក មានបំណងកាត់​បន្ថយចំនួន​កងទ័ពរបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប្រទេស​អ៊ីរ៉ាក់។ នៅ​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​មករា​ ឆ្នាំ​២០២១​ ខាង​មុខ​នេះ​ ​ ​ចំនួន​កង​ទ័ព​អាមេរិក​ នឹង​ត្រូវ​កាត់​បន្ថយ​នៅ​ត្រឹមចំនួន២.៥០០​នាក់​ប៉ុណ្ណោះ ​នៅ​ក្នុង​ប្រទេស​និមួយៗ។

រដ្ឋមន្ត្រី​ស្តីទីក្រសួង​ការពារជាតិ​អាមេរិក​លោក Christopher Miller បាន​ថ្លែងថា៖ «ការកាត់​បន្ថយ​ចំនួនកងទ័ព​នេះ​ គឺស្រប​ជាមួយ​នឹង​គម្រោង​ផែនការ និង​គោល​បំណង​ជា​យុទ្ធសាស្រ្ត​របស់​យើង ដែល​ត្រូវ​បាន​គាំទ្រ​ដោយប្រជាពលរដ្ឋអាមេរិក​ និង​មិន​មែន​ជាការ​ផ្លាស់​ប្តូរទិសដៅ​និង​គោល​នយោបាយ​របស់សហរដ្ឋ​អាមេរិក​នោះ​ឡើយ»។ លោក Miller​ បន្ថែម​ទៀត​ថា៖​ «យើង​បាន​ជំពាក់​គុណ​ក្នុង​ខណៈ​ពេល​នេះ​ ចំពោះអ្នក​សេ្នហា​ជាតិ​ជា​ច្រើន​ ដែល​បាន​ពលីជីវិត ក៏​ដូច​ជាយុទ្ធមិត្ត​របស់ពួក​គេ​ ដែល​បាន​បន្ត​នូវ​មរតក​របស់​ពួក​គេ​តទៅ​មុខទៀត»។ ​

លោក Christopher Miller ថែ្លង​ថា៖ «យើង​ទាំង​អស់​គ្នា​ ចូល​រួមកាន់​មរណទុក្ខ​ចំពោះ​កង​ទ័ព​អាមេរិក​ជាង​៦.៩០០​នាក់​ ដែល​បាន​បាត់​បង់​ជីវិត​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប្រទេស​អ៊ីរ៉ាក់នោះ។ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​នឹង​មិន​ភ្លេចនូវ​យុទ្ធជន​ចំនួនជាង​៥២.០០០​នាក់ ដែល​បាន​ទទួល​រង​របួសដោយ​សារ​ភ្លើង​ស​ង្គ្រាម​នោះ​ ក៏​ដូច​ជា​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ទទួល​រង​នូវ​ស្លាក​ស្លាម​សង្រ្គាម​ ទោះ​បីផ្ទាល់​ឬ​មិនផ្ទាល់​ក្តី។

ក្នុង​ការ​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ស្តី​ទី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ លោក​ Ashraf Ghani បាន​សម្តែង​នូវ​ការ​ដឹង​គុណ​របស់​លោក ចំពោះ​កងទ័ព​អាមេរិក​គ្រប់​រូប ដែល​បាន​ប្រយុទ្ធ​ដើម្បី​សន្តិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ។​ សហរដ្ឋ​អាមេរិក​ បន្ត​គាំទ្រ​ដំណើរការ​ចរចា​សន្តិភាព​ រវាង​ប្រទេស​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​ ជាមួយ​ក្រុម​តាលីបង់​ ដែលការ​ចរចា​នេះអាចផ្តល់​នូវ​ឱកាស​ដ៏​ល្អ​បំផុត​មួយ​ ក្នុង​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ តាម​រយៈ​ការ​ចរចា​មួយ​ ដើម្បី​បញ្ចប់​នូវ​ភ្លើង​សង្គ្រាម​ ដែល​បាន​ឆាប​ឆេះ​នៅ​ក្នុង​ប្រទេស​នេះ។​

រដ្ឋមន្ត្រី​ស្តី​ទី​ក្រសួង​ការពារ​ជាតិ​អាមេរិករូប​នេះ ក៏​បាន​កត់​សម្គាល់ផង​ដែរ​ នូវ​ការ​ត្រៀម​ខ្លួន​បន្ត​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ការពារ​ពលរដ្ឋ​អាមេរិក​ និង​គាំទ្រដៃគូ​អាមេរិក​នានា។

លោក Christopher Miller ថែ្លង​ថា៖ «កងកម្លាំង​សហរដ្ឋ​អាមេរិក​ នៅ​តែ​បេ្តជ្ញា​ចិត្ត​ ក្នុង​ការ​ការពារ​នូវ​សុវត្ថិភាព​និង​សន្តិសុខរបស់​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ និងការ​គាំទ្រ​នូវ​សម្ព័ន្ធមិត្ត​ដែល​មាន​ចិត្ត​គំនិត​ដូចគ្នា​ជាមួយ​អាមេរិក ក៏​ដូច​ជា​ដៃគូ​អាមេរិក​នានា​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។ ក្នុង​ករណី​ដែលមាន​កម្លាំង​ភេរវកម្ម​ អស្ថិភាព​ បំបែក​បំបាក់ និង​ការ​ស្អប់​គុំ​គួន​ បង្កើត​នូវ​យុទ្ធនាការដោយ​មាន​ចេតនា​គិត​ទុក​ជាមុន​ ដើម្បី​រារាំង​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​យើង​នោះ​ យើង​នឹង​ត្រៀម​ខ្លួន​ជានិច្ចក្នុង​ការ​អនុវត្ត​នូវ​សមត្ថភាព​របស់​យើង​ ដើម្បី​បញ្ឈប់​នូវ​សកម្មភាព​របស់​ពួក​គេ»។

រដ្ឋមន្ត្រីស្តី​ទី​ក្រសួង​ការពារជាតិ​អាមេរិក លោក Christopher Miller ក៏​បាន​ប្រកាស​ផង​ដែរ​ថា ដោយ​ការ​នាំ​កងទ័ព​អាមេរិក​ត្រឡប់​មកមាតុភូមិ​វិញ​នោះ​ «យើង​នឹង​បញ្ចប់​នូវ​សង្គ្រាម​ដែលកើត​មានអស់​មួយជំនាន់​មក​ហើយ​នេះ។ យើង​នឹង​ការពារ​កូន​ចៅ​របស់​យើងពី​ការ​ទទួល​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ ដែល​កើត​ចេញ​ពី​សង្គ្រាម​ដែល​គ្មាន​ទីបញ្ចប់។ ទន្ទឹម​នឹង​នេះ​ដែរ យើង​នឹង​ផ្តល់​កិត្តិយស​ ដល់​ការ​ធ្វើ​ពលីកម្ម​ ដើម្បី​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ប្រទេស​អ៊ីរ៉ាក់ និង​នៅ​ជុំវិញ​ពិភពលោក​ ហើយប្រារព្ធ​ការ​អបអរសាទរ​ដល់​អ្នក​ទាំង​ឡាយ​ណា ដែលបាន​ជួយ​យើង​ ក្នុង​ការ​ស្វែង​រក​សេរីភាព​ ជម្នះ​នឹងអំពើ​គាប​សង្កត់​ជិះ​ជាន់​ផ្សេងៗ៕

XS
SM
MD
LG