Accessibility links

Breaking News

បទវិចារណកថា៖ ការគាំទ្រ​ចំពោះ​សន្តិភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


ការចរចា​សន្តិភាព​សម្រាប់​​ប្រទេស​​អាហ្វហ្គានីស្ថាន​នៅទីក្រុង​ Doha ប្រទេស Qatar។
ការចរចា​សន្តិភាព​សម្រាប់​​ប្រទេស​​អាហ្វហ្គានីស្ថាន​នៅទីក្រុង​ Doha ប្រទេស Qatar។

តទៅនេះ គឺជា​បទវិចារណកថាដែលឆ្លុះបញ្ចាំង​អំពីទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្លែង​នៅ​ក្នុង​សន្និសីទស្តីពី​ប្រទេសអាហ្វហ្គានីស្ថាន ឆ្នាំ២០២០​តាមវីដេអូ លោក​ David Hale អនុរដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ បាន​សន្យាអំពី​ជំនួយ​ខាងស៊ីវិល​របស់​សហរដ្ឋ​អាមេរិក​ចំនួន​៣០០​លានដុល្លារ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ។ លោក​បានថ្លែង​ថា៖

«គោល​ដៅ​រួម​គ្នា​របស់យើង​ គឺប្រទេសអាហ្វហ្គានីស្ថានមួយ​មាន​សន្តិភាព​ក្នុង​ប្រទេស និង​ជាមួយ​ប្រទេស​ជិត​ខាង​ គោរព​សិទ្ធិ​មនុស្ស​នៃ​ពលរដ្ឋ​ទាំង​អស់​របស់​ខ្លួន​ និង​មាន​សមត្ថភាព​ធ្វើ​ឱ្យ​ប្រាកដថា ​ពួកភេរវជនលែង​អាចប្រើដែនដី​អាហ្វហ្គានីស្ថាន ដើម្បី​គំរាម​កំហែង​ដល់​សន្តិសុខ​នៃ​ប្រទេស​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​យើង»។

សហរដ្ឋ​អាមេរិក ​ប្តេជ្ញាថែរក្សា​និង​ជំរុញ​សមិទ្ធិ​ផលដែល​សម្រេច​បាន​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។​ សមិទ្ធិ​ផល​ទាំង​នេះ ​មាន​រួម​បញ្ចូល​ការគោរព​សិទ្ធិ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំង​អស់ដោយ​មានរួម​បញ្ចូល​ស្ត្រី​ យុវជន ​និង​ក្រុម​ជនអំបូរ​ភាគ​តិច ការប្រកាន់ខ្ជាប់​តាមនីតិរដ្ឋ ការធ្វើ​តាមកាតព្វកិច្ច​អន្តរជាតិ និងរដ្ឋាភិបាល​មួយ​ដែល​មាន​ការ​ចូលរួម​ពី​ភាគីទាំងអស់​ មានតម្លាភាព​ ​និង​មានការទទួល​ខុស​ត្រូវ។

លោក​រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក Mike Pompeo បានគូស​បញ្ជាក់​ថារដ្ឋាភិបាល អាហ្វហ្គានីស្ថាន ​ត្រូវបំពេញ​មុខនាទី​របស់​ខ្លួនដែរ ក្នុង​ការធ្វើ​ឱ្យ​មាន​ស្ថិរភាព និង​សន្តិសុខ។

លោកបានថ្លែង​ថា៖​«ខ្ញុំ​និយាយ​អំពីអ្វីៗដូច​ជាកំណែ​ទម្រង់​សេដ្ឋកិច្ច​ កិច្ច​ខិត​ខំប្រឹង​ប្រែង​ពិតប្រាកដ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​ដោយមាន​រួម​បញ្ចូល​ការ​ហាម​ប្រាម​របស់​យើង​អំពី​គ្រឿង​ញៀន ការគោរព​សិទ្ធិ​មនុស្សដោយ​មានរួម​បញ្ចូលសេរីភាព​សាសនា ការស្វាគមន៍ដល់វិស័យ​ឯកជន ​និងវិធានការ​ឆ្ពោះទៅកាន់​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង»។

លោក​រដ្ឋមន្ត្រី Pompeo បាននិយាយ​យ៉ាង​ម៉ឺង​ម៉ាត់ថា៖

«​សេចក្តី​សម្រេច​ក្នុង​កិច្ច​ចរចា​សន្តិភាព នឹងមានផល​ប៉ះពាល់​លើ​ទំហំ​នៃ​ការគាំទ្រ​និង​ជំនួយអន្តរជាតិក្នុង​ពេល​អនាគត»។

លោក​រដ្ឋមន្ត្រី Pompeo បាន​ថ្លែង​ថា​ សហគមន៍អន្តរជាតិក៏​មានមុខនាទី​មួយ​ត្រូវ​បំពេញ​ដែរ «ជា​ពិសេស​ប្រទេស​ជិត​ខាងប្រទេស​អាហ្វហ្គានីស្ថាន ក្នុងការ​ជួយ​ប្រទេស​នេះ​ ​ឆ្ពោះ​ទៅ​កាន់​អនាគត​មួយ​មានសន្តិភាព​ សន្តិសុខ​ ​និង​ចីរភាព​ជាង​មុន»។

លោក​អនុរដ្ឋមន្ត្រី Hale ​បានពន្យល់​ថា សហរដ្ឋ​អាមេរិក​ បានប្រកាសអំពី​ការសន្យារបស់​ខ្លួនថា ​នឹង​ផ្តល់ជំនួយ​ស៊ីវិល​៦០០លាន​ដុល្លារដល់​ប្រទេសអាហ្វហ្គានីស្ថាន ក្នុង​ឆ្នាំ២០២១​ ជា​មួយលក្ខខ័ណ្ឌថា ​ប្រាក់៣០០លាន​ដុល្លារដែល​នៅ​សេសសល់ ​នឹងផ្តល់​ឱ្យ​ប្រទេសនេះ​ «នៅ​ពេល​យើង​ពិនិត្យ​មើលអំពី​កា​រ​ជឿន​លឿនក្នុងដំណើរ​ការសន្តិភាព»។

លោក​អនុរដ្ឋមន្ត្រី Hale បានមានប្រសាសន៍​ថា «យើងទាំងអស់គ្នាទទួលបានផលប្រយោជន៍ចំពោះអនាគតនៃប្រទេសអាហ្វហ្គានីស្ថាន និង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដថា ​មានអនាគតមួយមានសន្តិភាព​ សន្តិសុខ​និង​ចីរភាព​ជាង​មុនសម្រាប់ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ​។ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ត្រូវបំពេញមុខ​នាទី​ខ្លួន​។​ នេះ​ ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន និងពិភពលោ​ក​ចង់បាន»៕

XS
SM
MD
LG