តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ស.រ.អ. បានសម្តែងកង្វល់យ៉ាងខ្លាំងអំពីការអំពាវនាវរបស់ប្រធានាធិបតីទុយនីស៊ីលោក Kais Saied ឱ្យរំលាយក្រុមប្រឹក្សាតុលាការកំពូលនៃប្រទេសទុយនីស៊ី ដែលជាអង្គការឯករាជ្យមួយមើលការខុសត្រូវលើការតែងតាំងចៅក្រម។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ. បាននិយាយថា តុលាការឯករាជ្យជាផ្នែកស្នូលមួយនៃលទ្ធិប្រជាធិបតេយ្យ មានប្រសិទ្ធភាព និងតម្លាភាព។ ជាការមានសារៈសំខាន់ដែលរដ្ឋាភិបាលទុយនីស៊ី រក្សាការប្ដេជ្ញារបស់ខ្លួនដើម្បីគោរពឯករាជ្យភាពនៃអង្គការតុលាការដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពួកប្រេសិតក្រុមប្រទេស G-7 និងសហភាពអឺរ៉ុប ក៏បាននិយាយដែរថា ពួកគេ«ខ្វល់ខ្វាយយ៉ាងខ្លាំងអំពីការប្រកាសបំណងចង់រំលាយក្រុមប្រឹក្សាតុលាការកំពូលដែលមានបេសកកម្មធ្វើឱ្យប្រាកដប្រជាអំពីដំណើរការល្អប្រសើរនៃប្រព័ន្ធយុត្តិធម៌ និងការគោរពឯករាជ្យភាពរបស់ប្រព័ន្ធនេះ»។
លោកស្រី Michelle Bachelet ឧត្តមស្នងការអ.ស.ប.ខាងសិទ្ធិមនុស្ស បានហៅការប៉ុនប៉ងរំលាយក្រុមប្រឹក្សានេះថា ជា«ជំហានធំមួយក្នុងទិសខុស» ដោយលោកស្រីបានមានប្រសាសន៍បន្ថែមថា ការធ្វើដូច្នេះ «ជាការរំលោភជាក់ស្តែងលើកាតព្វកិច្ចរបស់ទុយនីស៊ីនៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
លោកប្រធានាធិបតី Saied បានអះអាងថា ក្រុមប្រឹក្សាតុលាការកំពូល ពុករលួយ។ តែយ៉ាងណាក៏ដោយ ក៏វិធានការរបស់លោកប្រឆាំងនឹងក្រុមប្រឹក្សានេះ មានឡើងក្រោយសកម្មភាពមួយចំនួនចាប់ពីខែកក្កដា២០២១ ដែលពង្រឹងអំណាចរបស់លោក ដោយមានរួមបញ្ចូលការព្យួរសភាជាបន្ទាន់ ការដកនាយករដ្ឋមន្ត្រីពីតំណែង និងការគ្រប់គ្រងប្រទេសដោយប្រើក្រឹត្យ។ កាលពីខែមករា ឆ្នាំ២០២២ លោកប្រធានាធិបតី Saied បានបើកដំណើរការពិគ្រោះយោបល់ថ្នាក់ជាតិដែលរដ្ឋាភិបាលលោកនិយាយថា នឹងយកទៅប្រើសម្រាប់ជួយព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ ហើយនាំទៅកាន់ការបោះឆ្នោតនៅខែធ្នួ ឆ្នាំ២០២២។
នៅពេលជាមួយគ្នានេះ ប្រទេសទុយនីស៊ី កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយមានរួមបញ្ចូលការចុះថយផលិតផលសរុបក្នុងប្រទេស GDP ម្ហូបអាហារឡើងថ្លៃ និងបំណុលសាធារណៈច្រើន។ រដ្ឋាភិបាលទុយនីស៊ី បានចាប់ផ្តើមធ្វើការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីសុំឱ្យមានកញ្ចប់ជួយសង្គ្រោះ។
លោក Ned Price បានអំពាវនាវឱ្យប្រទេសទុនីស៊ី «ផ្តល់អាទិភាពដល់កំណែទម្រង់សេដ្ឋកិច្ចដែលត្រូវការឱ្យមានសម្រាប់ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានស្ថិរភាព និងដោះស្រាយឧបសគ្គសេដ្ឋកិច្ចកើនច្រើនឡើងរបស់ប្រទេសទុយនីស៊ី»។
ក្រោយពីមានសេចក្តីសង្ឃឹម និងចលាចលនៃព្រឹត្តិការណ៍រដូវផ្ការីកអារ៉ាប់កាលដើមទសវត្សរ៍ឆ្នាំ២០១០ គឺប្រទេសទុយនីស៊ី ជាកន្លែងដែលបាតុកម្មពហុជាតិប្រឆាំងនឹងអំពើពុករលួយ និងរបបផ្តាច់ការ បានចាប់ផ្តើម ដែលបានលេចឡើងជាលទ្ធិប្រជាធិបតេយ្យមួយជាប់លាប់។ ការគំរាមកំហែងប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនោះ ជាការធ្វើឱ្យខូចខាតដល់ពលិកម្ម និងសមិទ្ធិផលរបស់ប្រជារាស្ត្រទុយនីស៊ី។
លោក Ned Price បានថ្លែងថា «ស.រ.អ. អំពាវនាវជាថ្មីទៀតឱ្យមានការបង្កើនកំណែទម្រង់នយោបាយដែលឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជារាស្ត្រទុយនីស៊ីតាមរយៈការរួមបញ្ចូលសំឡេងផ្សេងៗគ្នាតំណាងគណបក្សនយោបាយ សង្គមស៊ីវិល និងសហជីព ជាពិសេសនៅក្នុងការពិគ្រោះយោបល់ថ្នាក់ជាតិដែលកំពុងមានធ្វើ និងដែលធ្វើឱ្យប្រាកដអំពីការគោរពសិទ្ធិមនុស្សរបស់ទុយនីស៊ីតទៅទៀត»៕