តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីសម្រាប់កិច្ចការអាកាសធាតុបាននិយាយថា៖ «វិបត្តិអាកាសធាតុជាការប្រឈមនៅក្នុងជំនាន់យើងហើយទោះជាអ្នកខ្លះប្រហែលជាជឿថាវិបត្តិនេះកំពុងកើតមានយឺតៗ ការណ៍ពិតមិនមែនដូច្នេះទេ។ អ្វីដែលយើងកំពុងឃើញគឺពិភពលោកមួយដែលគ្មានឪពុកឬម្តាយណាម្នាក់ចង់បន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយៗដោះស្រាយនោះទេ»។
លោក Kerry បានមានប្រសាសន៍ថា៖ «ការពិតជាក់ស្តែងភស្តុតាងនិងវិទ្យាសាស្ត្រសុទ្ធសឹងតែបង្ហាញយ៉ាងច្បាស់លាស់ថាយើងមានឱកាសតិចដើម្បីបញ្ចៀសអនាគតមួយបែបនេះ។ យើងនៅអាចបញ្ចៀសការគំរាមកំហែងនេះបាន។ តែយើងត្រូវចាប់ផ្តើមធ្វើសកម្មភាពឲ្យបានឆាប់រហ័សយ៉ាងពិតប្រាកដដោយជំរុញឲ្យប្រទេសទាំងអស់លើផែនដីមកធ្វើការជាមួយគ្នា»។
លោក Kerry បានថ្លែងថាដល់ពេលវេលាដែលត្រូវ«ធ្វើការឆ្លើយតបមួយដែលអាចប្រៀបធៀបទៅនឹងពេលមានសង្គ្រាម និងជាឱកាសធំមួយក្នុងការកសាងសេដ្ឋកិច្ចយើងជាថ្មីនៅក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ដើម្បីស្ថាបនាឱ្យល្អប្រសើរជាងមុន»។
ហើយវិធានការធំបំផុតគឺបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសាកលផ្អែកលើថាមពលស្អាតពីព្រោះការប្រើប្រាស់ថាមពលនាំឱ្យមានការសាយភាយឧស្ម័នផ្ទះកញ្ចក់ចំនួនបីភាគបួនក្នុងពិភពលោក។ លោក Kerry បានថ្លែងថា៖ «មិនហួសពីឆ្នាំ២០៣០ទេយើងត្រូវតែពន្លឿនការប្រើបច្ចេកវិទ្យាស្អាតដែលយើងមានរួចស្រេចហើយ»។ ការណ៍នេះមានន័យថាបង្កើនការផលិតថាមពលដែលអាចផលិតឡើងវិញបានពីចំណាំងថ្ងៃនិងខ្យល់ទ្វេ៤។ការណ៍នេះមានន័យថារថយន្តថ្មីៗជាងពាក់កណ្តាលដែលត្រូវលក់ត្រូវតែដើរដោយថាមពលអគ្គិសនី។
លោក Kerry បានមានប្រសាសន៍ថា៖ «យើងក៏ត្រូវតែអភិវឌ្ឍបង្ហាញនិងបង្កើនបច្ចេកវិទ្យាថ្មីៗនៅក្នុងទសវត្សរ៍នេះដើម្បីឱ្យវាអាចមានមុខនាទីធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចសាកលលែងមានសារធាតុកាបោនមិនហួសពីឆ្នាំ២០៥០»។
លោក Kerry បាននិយាយថា៖ «មិនហួសពីឆ្នាំ២០៤០យើងគួរឈប់ប្រើធ្យូងថ្មរោងចក្រប្រេងនិងឧស្ម័នធម្មជាតិទាំងស្រុង»។
លោកបានថ្លែងថា៖ «មិត្តទាំងឡាយ ដំណឹងល្អគឺថាភស្តុតាងមាននៅជុំវិញយើងដែលបង្ហាញថាយើងអាចធ្វើបាន។ បច្ចេកវិទ្យាថាមពលស្អាតមានតម្លៃថោកជាងប្រេងឥន្ធនៈ fossil ហើយយើងអាចធ្វើដូច្នេះដែរជាមួយបច្ចេកវិទ្យាស្អាតថ្មីឯទៀតៗ»។
លោក Kerry បានមានប្រសាសន៍ថា៖ «យើងនៅមានពេលដើម្បីបន្ថយសីតុណ្ហភាព១,៥អង្សាសេ ឡើងវិញក្នុងពេលអនាគត។ ក៏ប៉ុន្តែទាល់តែប្រទេសមានសេដ្ឋកិច្ចធំៗទាំងអស់ប្តេជ្ញាធ្វើការកាត់បន្ថយដោយមានន័យមិនហួសពីឆ្នាំ២០៣០ ដែលជាវិធីតែមួយគត់ដើម្បីធ្វើពិភពលោកលែងមានការសាយភាយឧស្ម័នផ្ទះកញ្ចក់មិនហួសពីពាក់កណ្តាលសតវត្សរ៍នេះ»៕