Accessibility links

Breaking News

បទវិចារណកថា៖ ការ​ធ្វើ​ឱ្យ​ប្រាកដ​​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដោយ​វិជ្ជមាន


(រូប​ឯកសារ) កម្មវិធី app បណ្តាញ​សង្គម X (អតីត​ Twitter) នៅ​លើ​អេក្រង់​ទូរសព្ទ​ស្មាតហ្វូន​មួយ​នៅ​ទី​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៤។
(រូប​ឯកសារ) កម្មវិធី app បណ្តាញ​សង្គម X (អតីត​ Twitter) នៅ​លើ​អេក្រង់​ទូរសព្ទ​ស្មាតហ្វូន​មួយ​នៅ​ទី​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៤។

នៅ​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក ដោយ​មាន​ការគាំទ្រ​របស់​សមាជិក​នៃ​ក្រុម​ចម្រុះ​សេរីភាព​អនឡាញ​បាន​ដាក់​ស្នើ​សេចក្តី​សម្រេច​ដ៏​សំខាន់​មួយ​ដើម្បី​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ឬ AI​ ប្រកប​ដោយ​សុវត្ថិភាព សន្តិសុខ និង​អាច​ទុកចិត្ត​បាន ​ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​ដោយ​ចីរភាព។

តទៅនេះ ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

«នៅ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​យើង​នៅ​ក្នុង​សតវត្សរ៍​ទី២១​នេះ សមរភូមិនានា​កាន់​តែ​ងាក​ទៅ​ធ្វើ​នៅអនឡាញ»។ នេះ​តាម​ការប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinkenនៅឯ​អង្គការ​សហប្រជាជាតិ។

លោក​បាន​ថ្លែង​ថា៖ «នៅ​ជុំវិញ​ពិភពលោក របប​ផ្តាច់ការនានា​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​អាវុធ​ដើម្បី​ចាប់​ពិរុទ្ធ ត្រួតពិនិត្យ បង្ក្រាប​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ ក្នុង​ខណៈ​នោះ​ដែរ ពលរដ្ឋ​និង​ក្រុម​សង្គម​ស៊ីវិល​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម ការ​បញ្ជូន​សារ​តាម​អនឡាញ ​ដើម្បី​រៀបចំ​ចាត់ចែង ប្រើប្រាស់​ទូរស័ព្ទSmartphones ចងក្រង​ការរំលោភ​សិទ្ធិ​មនុស្ស ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​ពិភពលោក​ទាំង​មូល។ សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​ធ្វើ​ឱ្យ​ប្រាកដ​ថា​បច្ចេកវិទ្យា​ឌីជីថល​លើក​កម្ពស់​សិទ្ធិ​និង​ឯកជនភាព​របស់​ពលរដ្ឋ​យើង​ហើយ​នឹង​ពង្រីក​ឱកាស​កាន់តែ​ធំឡើង»។

លោក Blinken មាន​ប្រសាសន៍​ទៀត​ថា​ សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​ធ្វើការ​ជាមួយ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​គោលដៅ​នេះ។ ហេតុ​ដូចនេះ​ហើយ​នៅ​ឯ​សន្និសីទ​កំពូល​លើក​ទី១​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​រីកលូតលាស់​ខ្លាំង​ទៀត​នូវ​ក្រុម​ចម្រុះ​សេរីភាពអនឡាញ​ហើយ​នឹង​បង្កើន​ទ្វេដង​នូវ​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ការពារ​និង​ធ្វើ​ឱ្យ​ជឿនលឿន​សេរីភាព​និង​បើក​ចំហ​អ៊ីនធឺណិត។

លោក Blinken បន្ត​ទៀត​ថា៖ «ជាមួយ​គ្នា ក្រុម​ចម្រុះ​នេះ​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេរីភាព​អ៊ីនធឺណិត​និង​ការប្រយុទ្ធ​ការ​ចាប់​ពិរុទ្ធ។ ឧទាហរណ៍ សហរដ្ឋ​អាមេរិក អាល្លឺម៉ង់​ និង​អេស្តូនី បាន​គាំទ្រ​មូលនិធិ​បច្ចេកវិទ្យា​បើក​ចំហ​ដើម្បី​ជួយ​មនុស្ស​រាប់​លាន​នាក់​តាមរយៈ​បណ្តាញ​ការងារ​ឯកជន​អនឡាញ​សម្រាប់​បណ្តាញ​ឯកជន​និម្មិត ឬ VPNs និង​ឧបករណ៍​ផ្សេង​ទៀត​ដើម្បី​បញ្ចៀស​របាំង​អ៊ីនធឺណិត​ដែល​បិទបាំង​ព័ត៌មាន ការបិទ​អ៊ីនធឺណិត ផ្តល់​អំណាច​ដល់​សកម្មជន អ្នក​កាសែត​ចាប់ពី​ប្រទេស​រុស្ស៊ី​ដល់​អ៊ីរ៉ង់​ ដល់​ប្រទេស​គុយបា»។

ការណ៍​នេះ​ក៏​រួមបញ្ចូល​ទាំង​ការចាត់​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការឃ្លាំមើល​តាម​ឌីជីថល​ដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinkenថ្លែង​ទៀត​ថា៖ «យើង​បាន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​របាំង​ការពារ​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឈ្លប​យក​ការណ៍​ដោយ​រដ្ឋាភិបាល។ យើង​បាន​ប្រមូល​ប្រទេស​ចំនួន​១៧។ យើង​បាន​តាំងចិត្ត​ទប់ទល់​ការប្រើប្រាស់​ខុស​និង​ការរំលោភ​នៃ​ការប្រើ Software សម្រាប់​ចារកម្ម។ សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ដើម្បី​ដឹកនាំ​គំរូ រួម​មាន​ការ​ដាក់​ការ​រឹតត្បិត​លើ​ទិដ្ឋាការ​និង​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​និង​បុគ្គល​នានា​ដែល​ជញ្ជក់​កេងប្រយោជន៍​ពី​បច្ចេកវិទ្យា​ទាំង​នេះ»។

នៅ​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក ដោយ​មាន​ការគាំទ្រ​របស់​សមាជិក​នៃ​ក្រុម​ចម្រុះ​សេរីភាព​អនឡាញ​បាន​ដាក់​ស្នើ​សេចក្តី​សម្រេច​ដ៏​សំខាន់​មួយ​ដើម្បី​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ឬ AI​ ប្រកប​ដោយ​សុវត្ថិភាព សន្តិសុខ និង​អាច​ទុកចិត្ត​បាន ​ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​ដោយ​ចីរភាព។ រដ្ឋ​ជា​សមាជិក​ទាំង​អស់​បាន​អនុម័ត​សេចក្ដី​សម្រេច​នេះ។

លោក​រដ្ឋមន្ត្រី Blinken និយាយ​ទៀត​ថា៖ «សង្ឃឹម​ថា​ សេចក្តី​សម្រេច​នេះ​នឹង​បង្កើត​ក្រប​ខណ្ឌ​មួយ និង​បង្កើត​មូលដ្ឋានមួយសម្រាប់ AI ទៅអនាគត»។ ប៉ុន្មានសប្តាហ៍​មុន សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ជាមួយ​ប្រទេស​កាន់​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា ​Al របស់​ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​ជា​សន្ធិសញ្ញា​ពហុភាគី​លើក​ដំបូង​របស់​ពិភពលោក​អំពី AIនិង​សិទ្ធិ​មនុស្ស។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ទៀត​ថា​ របប​ផ្តាច់ការ​បាន​សម្រេច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​បង្ក្រាប​លើ​ពលរដ្ឋ​របស់​ខ្លួន។ ដោយ​ហេតុ​នេះ​ហើយ យើង​ត្រូវ​តាំងចិត្ត​នៅ​ក្នុង​បេសកកម្ម​របស់​យើង​ដើម្បី​ការពារ​សេរីភាព​អនឡាញ។ សហរដ្ឋ​អាមេរិក​រំពឹង​នឹង​បន្ត​ការងារ​ដ៏​សំខាន់​នេះ​ជាមួយ​រដ្ឋាភិបាល​ផ្សេងៗ ផ្នែក​ឯកជន សង្គម​ស៊ីវិល ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល៕

XS
SM
MD
LG