តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី ១៨ ខែសីហា ប្រធានាធិបតីប្រទេសម៉ាលីលោក Ibrahim Boubacar Keita ត្រូវបានបណ្តេញចេញពីអំណាចដោយការដណ្តើមអំណាចរបស់ក្រុមយោធាដែលត្រូវបានគេថ្កោលទោសជាទូទៅ។
សហរដ្ឋអាមេរិក បានផ្អាកភ្លាមៗនូវជំនួយផ្នែកសន្តិសុខចំពោះរដ្ឋាភិបាលនៅក្នុងប្រទេសម៉ាលី។ ហើយសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក ដែលហៅកាត់ថា ECOWAS បានផ្អាកសមាជិកភាពរបស់ប្រទេសម៉ាលីក្នុងប្លុកសេដ្ឋកិច្ចនេះ និងបានដាក់ទណ្ឌកម្មដោយរង់ចាំការបង្កើតរដ្ឋាភិបាលស៊ីវិលអន្តរកាល។
កាលពីចុងខែកញ្ញា លោក Bah N’Daw ដែលជាវរសេនីយ៍ឯកចូលនិវត្តន៍ ត្រូវបានតែងតាំងជាប្រធានាធិបតីអន្តរកាលនៅប្រទេសម៉ាលី។ លោកវរសេនីយ៍ឯក Assimi Goita ដែលជាមេបញ្ជាការយោធាដែលបានធ្វើរដ្ឋប្រហារនោះ ត្រូវបានតែងតាំងជាអនុប្រធានាធិបតីអន្តរកាលថ្មីនៃប្រទេសម៉ាលី។ លោក Moctar Ouane ដែលជាអ្នកការទូតស៊ីវិលនិងជាអតីតរដ្ឋមន្ត្រីការបរទេសត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីអន្តរកាល។ ពួកគេនឹងមានកាតព្វកិច្ចមើលការខុសត្រូវលើរដ្ឋបាលស៊ីវិលអន្តរកាលរយៈពេល ១៨ ខែ ដែលនឹងឈានដល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
នៅថ្ងៃទី ៥ ខែតុលា លោក Bah N’Daw ដែលជាប្រធានាធិបតីអន្តរកាល បានតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។ បន្ទាប់មក សហគមន៍សេដ្ឋកិច្ច ECOWAS បានដកទណ្ឌកម្មចេញ។
សហរដ្ឋអាមេរិកមើលឃើញថា ការបង្កើតរដ្ឋាភិបាលអន្តរកាលនេះគឺជាជំហានដំបូងនៃការវិលទៅរករបៀបរៀបរយតាមរដ្ឋធម្មនុញ្ញវិញ។
អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងថា៖ «យើងជំរុញឲ្យរដ្ឋាភិបាលអន្តរកាល [នៃប្រទេសម៉ាលី] គោរពតាមការតាំងចិត្តរបស់ខ្លួនចំពោះសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក ដោយរៀបចំឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យក្នុងអំឡុងពេល ១៨ ខែខាងមុខ»។
ដំណើរការនេះក៏សំខាន់ផងដែរសម្រាប់រដ្ឋាភិបាលអន្តរកាលនេះនៅក្នុងការបំពេញតាមការសន្យារបស់ខ្លួនចំពោះប្រជាពលរដ្ឋម៉ាលី ដើម្បីពង្រឹងអភិបាលកិច្ច ប្រឆាំងអំពើពុករលួយ កែទម្រង់ដំណើរការបោះឆ្នោត និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនិងការផ្សះផ្សាជាតិឆ្នាំ ២០១៥ នៅប្រទេសម៉ាលី។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Kelly Craft បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក «នឹងមិនទទួលស្គាល់ការគ្រប់គ្រងដោយយោធាលើអាជ្ញាធរស៊ីវិល ការពន្យារពេលការបោះឆ្នោត ឬការបោះឆ្នោតដែលមិនអាចទុកចិត្តបាននោះទេ។ ...ការបោះឆ្នោតក៏ត្រូវមានការចូលរួមដោយពេញលេញ ប្រកបដោយប្រសិទ្ធភាពនិងអត្ថន័យ របស់ស្ត្រី ជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងក្នុងប្រទេសនិងជនភៀសខ្លួន ព្រមទាំងពលរដ្ឋជាយុវជនយុវតី និងក្រុមដែលមិនសូវទទួលបានការយកចិត្តទុកដាក់នៅភាគឧត្តរផងដែរ»។
សហរដ្ឋអាមេរិកឈរនៅជាមួយប្រជាពលរដ្ឋម៉ាលី ហើយបានត្រៀមថវិកាចំនួន ៥៤ លានដុល្លារជាជំនួយមនុស្សធម៌ថ្មីសម្រាប់ប្រទេសម៉ាលី។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Ortagus បានថ្លែងថា៖ «យើងមានជំនឿយ៉ាងមុតមាំថា ប្រទេសម៉ាលីដែលមានប្រជាធិបតេយ្យ សម្បូររុងរឿង និងសុវត្ថិភាព គឺជាកត្តាគន្លឹះសម្រាប់អានាគតនៃតំបន់ Sahel។ ក្នុងនាមជាដៃគូប្រទេសម៉ាលីជាង ៦០ ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកនឹងធ្វើការជាមួយអ្នកទាំងឡាយណាដែលតាំងចិត្តចង់សម្រេចគោលដៅទាំងនេះ។ ឥឡូវនេះ គឺជាពេលវេលាសម្រាប់ពលរដ្ឋម៉ាលីរួបរួមគ្នាកសាងប្រទេសឲ្យបានប្រសើរឡើង ត្រចះត្រចង់ឡើងសម្រាប់អនាគតទាំងអស់គ្នា»៕